Wednesday, 08 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 209,261
Today
Yesterday 258,071
This Month 1,717,096
Total ៣០០,០៨០,៣០៧
Flag Counter
Online
BEDOK
images/articles/3109/243Ek.jpg
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។ [៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយស្ថានទាំងឡាយ៥យ៉ាង គឺកូនត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថានទាំងឡាយ ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទាំងឡាយ ៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើអាក្រក់១ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី បិដកភាគ ១៩_ ទំព័រ ៨៤ ឃ្នាប ៦៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3119/20ecple_W.jpg
តួនាទីស្វាមីនិងតួនាទីភរិយា
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីស្វាមីនិងតួនាទីភរិយា បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/3120/20eube.jpg
ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
ទុតិយអបាសាទិកសូត្រ ទី ៨ [១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ អគ្គិសូត្រ ទី ៩ [១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។ មធុរាសូត្រ ទី ១០ [១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។ ចប់ អក្កោសកវគ្គ ទី ២ ។ ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨ ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
តួនាទីរបស់មិត្ត ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3145/bvhj6645e.jpg
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សីលសូត្រ ទី៣ [១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។ សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3173/_____________________________________________.jpg
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីព្រមព្រៀង​របស់​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​រមែង​ជ្រះថ្លា​ ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​រឹងរឹតតែ​ជ្រះថ្លា​ឡើង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​សេចក្ដីព្រមព្រៀង​នៃ​សង្ឃ​ ​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​ ​ការ​អនុគ្រោះ​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​(​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​)​ ​បុគ្គល​ត្រេកអរ​ ​ក្នុង​ជន​ដែល​ព្រមព្រៀង​គ្នា​ ​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ធ្វើ​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​ ​១​ ​កប្ប​។​ ​ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។ បិដក ភាគ ៥៣ - ទំព័រទី ១៧ ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វទេវតា​ ​(​ទេវតា​ដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​អា​ហុនេ​យ្យ​បុគ្គល​ ​(​បុគ្គល​គួរ​បូជា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រហ្ម​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុព្វទេវតា​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុ​ពា្វ​ចារ្យ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អា​ហុនេ​យ្យៈ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​មាតាបិតា​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នក​បីបាច់​ ​(​ឲ្យគង់​ជីវិត​)​ ​ជា​អ្នក​ចិញ្ចឹម​ ​(​ឲ្យ​បៅ​ទឹកដោះ​)​ ​ទាំង​ជា​អ្នកបង្ហាញ​នូវ​លោក​នេះ​ ​ដល់​កូន​ទាំងឡាយ​។​ ​មាតាបិតា​ទាំងឡាយ​ ​ដែល​ហៅថា​ ​ព្រហ្ម​ក្តី​ ​បុព្វាចារ្យ​ក្តី​ ​អា​ហុនេ​យ្យៈ​ក្តី​ ​(​សុទ្ធតែ​)​ ​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​ ​គឺ​កូន​។​ ​ព្រោះហេតុនោះ​ឯង​ ​អ្នកប្រាជ្ញ​ ​គួរ​នមស្ការ​ ​គួរ​ធ្វើសក្ការៈ​ដល់​មាតាបិតា​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​ដេក​ ​គ្រឿង​អប់​ ​គ្រឿង​ផ្ងូត​ទឹក​ ​និង​ទឹក​សម្រាប់​លាង​ជើង​។​ ​ព្រោះ​ការដែល​បាន​ទំនុក​បំរុង​មាតាបិតា​នោះ​ហើយ​ ​បាន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​នូវ​បុគ្គល​នោះ​ ​ក្នុង​លោក​នេះឯង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​។​ ​សូត្រ​ ​ទី៧​។​ បិដក ភាគ ៥៣ - ទំព័រទី ១៤១ ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
ចិត្តប្រទូស្តរបស់បុគ្គលធ្វើមរណកាល
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​កំណត់ចិត្ត​ដោយចិត្ត​ហើយ​ ​ដឹង​ច្បាស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​មានចិត្ត​ប្រទូស្ដ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​នរក​។​ ​ លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​ព្រះពុទ្ធ​ ​ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​ ​ទើប​ទ្រង់ព្យាករ​សេចក្ដី​នុ៎ះ​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ព្រោះតែ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បុគ្គល​បែប​នោះ​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងឡាយ​ ​រមែង​ទៅកាន់​ទុគ្គតិ​ ​ព្រោះហេតុតែ​មានចិត្ត​ប្រទូស​។ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ បិដក ភាគ ៥៣ - ទំព័រទី ១៨ ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ភរិយា ៧ ពួក
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ភរិយាសូត្រ ទី១០ [៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។ ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។ ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០ ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។ [២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។ ចប់ ពាលវគ្គ ទី៣។ ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥ ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
សមចិត្តវគ្គ ទី៤ [២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។ កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨ ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ឧគ្គហសូត្រ ទី៣ [៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកប​ដោយ​ធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះ​ជន​ជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។ ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 ) ដោយ៥០០០ឆ្នាំ
images/articles/3222/_________________________________.jpg
បច្ចេកពុទ្ធាបទាន ទី ២
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់​នៅក្នុងវត្តជេតពនថា ឮថាព្រះ បច្ចេកពុទ្ធទាំងឡាយរមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញ ទាំងនោះ រមែងកើតឡើង ដោយហេតុដូចម្តេចខ្លះ ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរ ទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះ ថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមាន ប្រាជ្ញាមុតថ្លាវៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេក ពោធិញ្ញាណ ដោយប្រធាន នៃសង្វេគនោះផង ដោយអារម្មណ៍ ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែតថាគត ចេញ មិនមានបុគ្គលណាស្មើ នឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំង ឡាយនោះ ( អ្នកទាំងឡាយចូរស្តាប់នូវគុណ ) របស់ពួកព្រះ បច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ ។ អ្នកទាំងឡាយ កាល ប្រាថ្នានូវភេសជ្ជៈ ដ៏ប្រសើរផុតគឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លា ទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លឹត របស់ព្រះ មហាឥសី ដែលត្រាស់ដឹងឯង ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុ នៃសេចក្តី រសាយចិត្ត ទាំងមានហេតុដែលបានសម្រេច នូវពោធិញ្ញាណ ផ្សេង ៗ គ្នា ។ ( ព្រះបច្ចេកពុទ្ធទាំងនោះ ) មានសេចក្តីសំគាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសារ ហើយបាន សម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង ។ បុគ្គលទម្លាក់ចោល នូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណា​មួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀត បៀន ចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបាន ប្រាថ្នានូវបុត្រ ( ទៅហើយ ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រលាញ់ របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខនេះមានឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាលឃើញ​ទោស ដែលកើតអំពីសេចក្តីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានចិត្តជាប់ជំពាក់ កាលអនុគ្រោះចំពោះពួកមិត្តនិងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​រមាស ។ សេចក្តីស្រឡាញ់ ក្នុងបុត្រនិងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅ រកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នា សេរីភាព ( យ៉ាងនោះ ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមានក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គល កាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ល្បែងនិងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើម ចំពោះ ការញ្រត់ប្រាសចាកសត្វនិងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលជាអ្នកនៅជាសុខ ក្នុង ទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរក្នុងវត្ថុតាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​​រមាស ។ បព្វជិតពួកខ្លះ ឬពួក គ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្តតែម្នាក់​ឯង​ ដូចកុយរមាស ។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវ ចំណង របស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះ ស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បើបុគ្គលបាន សម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿង​នៅដ៏ល្អ គប្បីជាអ្នកមានស្មារតីគ្របសង្កត់ នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយ សម្លាញ់នោះចុះ ។ បើបុគ្គលមិនបានសម្លាញ់ ជាអ្នកប្រាជ្ញ មាន បញ្ញាខ្ជាប់​ខ្ជួន​ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ ល្អទេ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ ( លះបង់នូវហ្វូង កាលត្រាច់ទៅ ) ក្នុងព្រៃ ។ តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ ដែល មានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើ រកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាស ធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាស មួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះ ក្នុង កាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃ ចិត្ត រមែងញាំញីនូវចិត្ត ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញ ទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំង ឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំង ជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់និងកំដៅថ្ងៃ របោមនិងសត្វលូន ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ដំរីមានខ្លួន សមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បី ប្រព្រឹត្តតែម្នាក់ ឯងដូចកុយរមាសយ៉ាងនោះឯង ។ បុគ្គលបាន នូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទី តាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យ នៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកន្លងចម្រូងគឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ ( ដ៏សេស ) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះ ដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែ ម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនជាប់ចិត្ត ( ក្នុងអាហារ ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តី វិនាស អ្នកអាស្រ័យនៅ ក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវ សម្លាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង ( ក្នុងកាមគុណ ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីគប់រកនូវបុគ្គល ជា​ពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកប ដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវ ប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូច​កុយ​រមាស ។ បុគ្គលមិនអើពើ មិនអាឡោះ អាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជា អ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវ កាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះមាន សេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រី ក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់មក រកសំយោជនៈ វិញ ដូចភ្លើងឆេះ ( មិនត្រឡប់វិញ ) គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយ រមាស ។ បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នក គ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក ( ដោយល្អ ) មិនជោកជាំ មិន រោលរាល ( ដោយកិលេស ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយ រមាស ។ បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួស ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនធ្វើ នូវ​សេច​​ក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្ត ក្នុង ត្រកូលមួយ ៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ ( ដោយ តណ្ហានិងទិដ្ឋិ ) កាត់បង់នូវទោស នៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្សនិងទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មានចិត្តមិនរួញរា មានការប្រព្រឹត្តមិនខ្ជិលច្រអូស មានសេចក្តី ប្រឹងប្រែងដ៏មាំមួន ប្រកបដោយ កម្លាំងកាយនិងកម្លាំងបញ្ញា ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស ។ បុគ្គលកាល មិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ ( ចាកសត្វនិងសង្ខារ ) ជា អ្នកប្រព្រឹត្ត នូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់ តណ្ហា ជាអ្នកមិនប្រហែល មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តី ខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាល មិនតក់ស្លុត ក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិន តក់ស្លុត ក្នុងសំឡេងទាំងឡាយ មិនជាប់ជំពាក់ ក្នុងធម៌ទាំង ឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូក មិនប្រឡាក់ដោយ ទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សីហៈជាសេ្តច សត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួក ម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ ( មានព្រៃ ជាគ្រឿងអាង ) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលកាលចម្រើន នូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ មិនខឹង សម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះ​បង់​នូវ រាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុត ក្នុងការអស់ ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯ ពួកមិត្តដែលឥតហេតុ គេរកបានដោយក្រ ក្នុងថ្ងៃនេះ ឯពួក មនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជា មនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយ ៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គ ។ ពួក ជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខនិងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែ មិនសម្រេច នូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់ បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង ។ ពួកជននោះ ជាអ្នកមាន ធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្តជាធំ ឆ្លងនូវទុក្ខ និង ឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ ( តែង ប្រព្រឹត្តតែម្នាក់ឯង ) ដូចកុយរមាស ។ ព្រះបច្ចេកពុទ្ធទាំង ឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្ត ជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះ​សត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះ បំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេស​ជាគ្រឿងរារាំងទាំងពួងហើយ ជា ប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យ​បុគ្គលដ៏ល្អ របស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយ និរោធសមាបត្តិ ជារឿយ ៗ ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធ ទាំងឡាយ រមែងប្រព្រឹត្តទៅ ក្នុងមនុស្សលោក ព្រមទាំងទេវ លោក ពួកជនណាស្តាប់ហើយ តែមិនបានធ្វើតាម សុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរង ទុក្ខទាំងឡាយ រឿយ ៗ ។ សុភាសិត របស់ព្រះបច្ចេកពុទ្ធទាំង ឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបាន ស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជន នោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌ ។ គាថាដ៏ ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បី ការដឹងច្បាស់នូវធម៌ ។ សុភាសិតទាំងនេះ ដែលព្រះ បច្ចេកពុទ្ធទាំងនោះ សំដែងផ្សេង ៗ គ្នា ដើម្បីអនុគ្រោះដល់សត្វ លោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បី ញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង ។ ចប់ បច្ចេកពុទ្ធាបទាន ។ បិដក ភាគ ៧២ - ទំព័រទី ១៦ ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
បញ្ញាវគ្គ វិវេកកថា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំង​ឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ​ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។ [១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យ​និរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។ [១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។ ចប់ វិវេកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
images/articles/3266/675u6y5terfrt4t44.jpg
សោណទិន្នាវិមាន ទី៦
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ? ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ? ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។ ចប់ សោណទិន្នាវិមាន ទី៦។ ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី៥៥) ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។ ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ឧបោសថប្រកបដោយអង្គ ៨ ប្រការ
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២
វិត្ថតូបោសថសូត្រ ទី២ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
ឧបោសថសូត្រ ទី ១០
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញ​ទៅ​​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3167/2022-01-14_13_01_46-Life_of_the_Buddha_in_Pictures.jpg
បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២
[២៧១] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបិទបាំងបាបកម្ម នឹងបាននូវគតិ [ដំណើរទៅកាន់ភព។] ពីរយ៉ាង គតិ ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំលែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនបិទបាំងបាបកម្ម នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺទេវតា ឬមនុស្ស ពុំលែងឡើយ។ [២៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាមិច្ឆាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺ ទេវតា ឬមនុស្ស ពុំខានឡើយ។ [២៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល រមែងទទួលឋានៈ ២ ប្រការ គឺនរក ១ កំណើតតិរច្ឆាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល រមែងទទួលឋានៈ ២ ប្រការ គឺ ទេវតា ១ មនុស្ស ១។ បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង - បិដកភាគ ៤០_ ទំព័រ ១៣៤ ឃ្នាប ២៧១ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).