18
Friday, 03 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 184,597
Today
Yesterday 218,373
This Month 596,801
Total ២៩៨,៩៦០,០១២
Flag Counter
Online
OTHER BIO
images/articles/273/Un43testitled-1.jpg
Public date : 01, Apr 2022 (43,988 Read)
បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។ នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹកចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។ ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។ ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័ន ដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាង គ.ស. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ ។ សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើប ដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀត តាម​​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយ​បត្ត​បូរ​ បាយ​បត្ត​បូរ​ ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរ គ្រាន់​តែ​ពូត ​ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេក និង មាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី ១ គេ​ដាក់​បាយ​បិណ្ឌ​តែ ១ ពំនូត​ទេ ។ ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះ​ត្រា​តែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធ ទាំង ៥ ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះ​ទៀត, ជុំ​វិញ​ជើង​បាយ​បត្ត​បូរ ​មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំង​ពី​បាយ ១ ដុំ ដល់​ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យក​ទៅ​ដាក់​ជុំវិញ ព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។ តាម​ទម្លាប់ ជា​ធម្មតា គេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយ​បិណ្ឌ គេ​ត្រូវ​នាំ​យក​ទៅ ផ្ទះ ដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅ​ពី​បាយ​បិណ្ឌ និង បាយ​បត្ត​បូរ គេ​មាន​ធ្វើ​ផ្កា​បិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កា​បិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែល​ជា ១​ម. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅ​លើ ។ នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កា​ញ័រ ធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែ​លួស តែ​កាល​ណា​មាន​ខ្យល់​បក់​មក សូម្បី​​តិច​យ៉ាង​ណា ក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះ ឲ្យ​រញ្ជួយ​ញ័រ​ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំ​គ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយ នៅ​ឯ​ឋាន​ត្រៃត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា ​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។ ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមី ខែ​ភទ្របទ​មក ទាយក ទាយិកា នាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្ត ដែល​គេ​វាន​ចាត់​ចែង រៀប​ចំ​លំអរ ជា​ស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្ត និង សំដែង​ធម្មទេសនា ។ លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ ទើប​នាំ​គ្នា​ក្រោកពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត ។អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេ អ្នក​នោះ ទូង​ស្គរ​ជា​សញ្ញា ដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត ។ ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌ បាយ​បត្ត​បូរ និង ម្ហូប​ចំណី​ផ្សេង ៗ ទៅ​កាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ ៣ ជុំ រួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌ ។ ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន ២ យ៉ាង, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយ​ទៀត សម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។ព្រលឹមឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ យក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង ។ ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំ​គ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃ​ទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ ។ ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។ ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។ នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែល​យើង​បាន​ពោល​រួច​មក​ហើយ ។ ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។ នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។ រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។ ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។ នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “ ​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។ សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។ ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។ ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។ ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។ កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។ បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។ លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។ បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។ លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។ ទំនៀម​រាស្ត្រៈ ថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទ ជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌ គឺ​ជា​ថ្ងៃ​ “ ​ប្រជុំ​បិណ្ឌ​” ឬ “ ​ភ្ជុំ​បិណ្ឌ​” ។មុន​ថ្ងៃ​ភ្ជុំ​ ជា​ថ្ងៃ​ភ្ជុំ​ធំ, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អារម ចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យ តាម​របៀប ព្រោះ​នៅ​វេលា​យប់​ ១៤ រោច​នោះ ព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេក​ព្រះ​ពុទ្ធ​រូប ដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី ។ មាន​រឿង​ដំណាល​ថា កាល​នោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុត នឹង​ជរា​ព្យាធិ និង មរណៈជា​ពន់​ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ ។ ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល ៦​ ឆ្នាំ ទាល់​តែ​មាន​ប្រះ កាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថា ការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះ មិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែ ទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹង មារា​ធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក ។ ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណី ជា​កស្សិណ នាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំ​នៀម​ធ្វើ​បុណ្យ អភិសេក​ព្រះ​ពុទ្ធ​រូប ជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិ ត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង ។ ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូ​វ​ភោជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀប​ភ្លឺ មាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូក ជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ ។ ពេល​ភ្លឺ​ស្រាង ៗ ទាយក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។ជិត​ដល់​ពេល​ហើយ អ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរ បាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិល​ពពិល​បំបួស ដូន​ជី​មួយ​ផង នៅ​ឱកាស​នោះ ។ ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់​កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពី​លើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំង​សង្ខាង មាន​ថាស​ចំអាប បង្អែម បាយ​បិណ្ឌ និង បាយ​បត្តបូរ ។ លុះ​រៀប​ចំ​ស្រេច​កាល​នា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូង​សំរូង អញ្ជើញ​ជីដូន​ជីតា ញាតិ​មិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេព​សោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទ​សាធុការ​ពរ ដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង ។ ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែ​អស្សុជ គេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀង​អាហារ ស្រូវ​អង្ករ នំ​នែក​គ្រប់​យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។ ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ​ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀប​ចំ​កន្ទេល​ខ្នើយ បាយ​ទឹក និង សំណែន​ផ្សេង ៗ ដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះភូមិ ព្រះ​ធរណី ឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង ។ ជួន​កាល បន្ទាប់​ពី​ការ​សែន​ព្រេន​ និង បួសងួង​នោះ​មក កូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “ ​ឱ ! ព្រះ​ភូមិ​ករ ព្រះ​ធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។ បន្ទាប់​មក​ទៀត កេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំ និង អ្នក​ផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះ ហើយ​សុំ​ខមា​ទោស កុំ​ឲ្យ​មាន​កម្មពៀរ ដោយ​បាន​ប្រើ និង វាយ​ដំ​សត្វ​នោះ ក្នុង​ការ​ធ្វើ​ស្រែ​ចំការ ។ រួច​អ្នក​ស្រែ​ចំការ​ នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ​ នំ ចំណី និង ចង​ស្លាប​មាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួង​សួង​មួយ​សន្ទុះ សុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន ។ នៅ​កន្លែង​ខ្លះ​ទៀត គេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/3123/5yere34343.jpg
Public date : 15, Feb 2022 (8,068 Read)
លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។ កុមារភាព និងការសិក្សា កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។ នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបាន​ឧបសម្ប័ទ​ជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលី ទីមហា ៣ ប្រយោគ ។ ពីរ​ឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទីមហា ៤ ប្រយោគ ហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨) លោក​ជាប់ទីមហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសា​បាលី មាន​សរុប​ទាំង​អស់​ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់​បំផុត (ថ្នាក់​បណ្ឌិត) ។ លោកបាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ នៅឆ្នាំ ១៩៣៦ ។ ការងារ ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ ។ លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលី នៅ​ទីក្រុង​បាងកក ចាប់​ពី​គ.ស.១៩២៧ ទៅ​ទល់​នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជា មាន​មុខងារ​ជា​អ្នកចាត់ចែង​ បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាង​ផ្សេងៗ​ទៀត លោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំង ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និងឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​ សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេសលាវ ។ លោកញ៉ុក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃសាលាគរុវិជ្ជានៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ​ នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិ ក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិ មក​ជា​សម្បត្តិ​ជាតិ ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យមុនីវង្ស នា​ក្រុងបាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យ នា​ក្រុង​ភ្នំពេញ​វិញ​ ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​ នៅ​សាលាភូមិន្ទរដ្ឋបាល ។ ស្នាដៃ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។ ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖ ពុទ្ធប្បវត្តិសង្ខេប អនុពុទ្ធប្បវត្តិ ភាគ១-២ ប្រជុំភាសិត ភាគ១-២ មហាវេស្សន្ដរជាតក ប្រជុំពុទ្ធភាសិត ជាតិសាសនាព្រះមហាក្សត្រ រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២) រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣) ឯកសហរាត្រី (ភាគខ្លះ ប្រែ) ចូឡវេទល្លសូត្រ (ប្រែ) វិធីប្រតិបត្តិធម៌ ពន្លឺអាស៊ីទ្វីប (ប្រែ) បញ្ញាសជាតកសង្ខេប ភាគ១-២។ ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន ធម្មបទ​និទ្ទេស ទេវតា​ភាសិត ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត រឿងប្រលោមលោកបិសាច​ស្នេហា ភ្នំពេញ ១៩៤២ រឿងប្រលោមលោកកុលាប​ប៉ៃលិន ភ្នំពេញ ១៩៤៣៕ ប្រភពអត្តបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3125/2021rrook.jpg
Public date : 15, Feb 2022 (3,402 Read)
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ ។ សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែក​ពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិង​រដ្ឋាភិបាលចម្រុះរបស់​សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់​សមរភូមិឆ្ពោះទៅកាន់​តំបន់​ប៉ៃលិន នាយទាហានម្នាក់​បានមក​ទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណា​ឈប់បាញ់​បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។ មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រា​នៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែក​ប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គ​និមន្តឡើងឡាន​ម៉ាកតូយូតាតែមួយអង្គឯង​ជាមួយអ្នកបើកបរម្នាក់ បើកចូល​ទៅក្នុងសមរភូមិដែល​អមទៅដោយ​គ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់​ពាន់នាក់ឲ្យឈរ​យ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យ​លាយ​ឡំដោយ​ទឹកភ្នែកហូរ​សស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹក​សម្ដេចរំកិលខ្លួន​ចាកចេញ​ពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគត​ក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា​«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រា​ស្ទើរបាត់ស្រមោល​ឡាន​មើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយ​ម៉ាត់ទៅកាន់​អ្នក​ណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយ​នៅជិតគុម្ពព្រៃ​ហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេង​ឧគ្ឃោសនស័ព្ទ​បានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។ សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែង​ព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នក​ស្ដាប់វិញ​ក៏ហាក់ដូចជាស្ងប់​ជាមួយ​សម្ដេច​ដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា​«ម្ដងមួយជំហ៊ាន ម្ដងមួយជំហាន ជំហ៊ាននីមួយៗគឺសមាធិ ជំហាននីមួយៗគឺសន្តិភាព ជំហាន​នីមួយៗ​គឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។ ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិន​អាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើរទុកណាភាគីខ្មែរក្រហមនិង​ភាគីរដ្ឋាភិបាល​ព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល ២ ឬ ៣ ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និង ប្រឈមចំពោះ​ការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀត គឺ មានមនុស្សយ៉ាងតិចពី ២០០ ទៅ ៣០០ នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើង​ហើយស្រែកថា​«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយ​បន្ទរដដែលៗ​ថា«ស្ម័គ្រ​ស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំ​ក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់​ឬស្ម័គ្ររស់។ ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់​បំផុតបន្ទាប់ពី​ធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនី​នៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណ​សន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕ អត្ថបទដកស្រង់ពីហ្វេសប៊ុក៖ Yon Seng Yeath ដោយ​៥០០០​ឆ្នាំ​
images/articles/3124/202_________________________-_________________________.jpg
Public date : 01, Dec 2021 (2,026 Read)
មហា​ឃោសានន្ទ (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។ ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ » (ឃោស ៖ សំឡេង​ប្រកូក, សម្រែក​ខ្លាំង, ការ​បន្លឺ​សំឡេង + អានន្ទ ៖ សេចក្តី​សប្បាយ, សេចក្តី​រីក​រាយ, សេចក្តី​សុខ​សាន្ត, ប្រាមោទ្យ) ។ ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ ។ ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន ។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌា ។ ការអប់រំ ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និង​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម ។ នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ​ វត្ត​ឆាយ​ណា (วัดชายนา) នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​បញ្ចប់​សង្គ្រាម​វៀតណាម ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា ។ សម័យខ្មែរក្រហម ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង ។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់ ។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រ និង​ធ្វើ​គត់​ចោល​​ទៀត​ផង ។ ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង ។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល ។ នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ ។ នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំ កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។ ការស្ថាបនាឡើងវិញ ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០ ។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ ។ នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦ ។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ ។ នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា » ។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍ ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ (សាកែវ) ។ នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១ ។ ធម្មយាត្រា នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ។ ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ​១៦ ​ថ្ងៃ ​និង​ ​២០០ គ.ម. ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន ។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ឧបាសក​ឧបាសិកា) ។ នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ ។ ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award) ។ គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា » ។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣] ។ គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។ សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧ ៕ ប្រភពដកស្រង់អត្ថបទ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/460/Untitle43452d-1.gif
Public date : 06, Sep 2021 (20,079 Read)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។ ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ) សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។ កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ) សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា) លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។ ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា) សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ន មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។ អត្ថបទជាអក្សរដិត បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា) សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។ សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។ សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។ ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលី អាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។ នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។ ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។ ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលាបារាំងសែសចុងបូព៌ាប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។ បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ) ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។ ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។ ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។ ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។ ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។ ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។ ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។ ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ) ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។ ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។ ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។ គ.ស.​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។ គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។ គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។ ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម។ នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។ ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។ ព.ស.​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។ នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។ ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។ កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។ នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។ ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។ សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ) ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖ ព.ស.​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។ ព.ស.​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។ ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។ ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។ ព.ស.​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។ លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។ ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។ ខែ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។ ព.ស.​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។ ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស) គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖ មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។ មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។ មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។ មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។ មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។ មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។ មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។ មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។ មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។ មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។ ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា) កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖ សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។ បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។ បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។ បាន​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។ បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ.ស.​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។ បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។ បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។ បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។ បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។ បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។ បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។ បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។ បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។ បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។ បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។ បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។ បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)។ បាន​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។ បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។ បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព.ស.​២៤៩៩ គ.ស.​១៩៥៦។ បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។ បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា​ជាដើម។ បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។ បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។ បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​បង្អស់ គ.ស.​១៩៥៣។ បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។ បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។ បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។ ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖ ១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។ ២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ ៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។ ៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។ ៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។ ៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។ ៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។ ៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។ ៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ។ ១០. ចីវរក្ខន្ធៈ​ពិស្ដារ។ ១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។ ១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទនគររាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖ ១. វីរិយភាព “ការព្យាយាមក្នុង​ការ​សិក្សា”​ ២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ” ៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច” ៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា” ៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ” អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ ១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។ បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។ សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។ អានបន្តទៅប្រភពដើម ដោយ៥០០០ឆ្នាំ
images/articles/246/20_______________ube.jpg
Public date : 06, Sep 2021 (130,246 Read)
A Biography of Samdech Chuon Nath: A Master of the Khmer Literature Samdech Sangha Raja Jhotañano Choun Nath (born March 11, 1883 - died September 25, 1969) is the late Supreme Patriarch
images/articles/245/202___wer.jpg
Public date : 06, Sep 2021 (84,115 Read)
ខាង​ក្រោម​គឺ​ជា​វីដេអូ​ ដែល​លោកគ្រូ​អគ្គ​បណ្ឌិត ប៊ុត សាវង្ស បានសម្តែង​ប្រាប់​អំពី ជីវប្រវត្តិរបស់​ខ្លួន​ដោយ​សង្ខេប​ និង​សាច់ធម៌​ផ្សេង​ៗ ដែលខ្ញុំព្រះករុណា ខ្ញុំ​បាទ (ស្រុង ចាន់ណា) បាន​ស្រង់ចាក ខ្សែអាត់​ អាល់ប៊ុម​សម្តែងធម៌​ នៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែង​កាលពី​ ២៥ឆ្នាំ មុន) ។ សូម​ធ្វើការសន្តាប់​ដូច​តទៅ​៖ មើល​វីដេ​អូ​មិនឃើញ​ ចុច​ទីនេះ​ ដោយ៥០០០ឆ្នាំ
images/articles/249/20sssaqer.jpg
Public date : 06, Sep 2021 (67,420 Read)
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃ ជំនួសសាមីជីវិត ។អ្នកសរសេរ​តែង​​​តែ​និយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះ​អ្នកសរសេរ ពុំបានដឹងចិត្ត ឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផង ចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូល​ហេតុ​​នេះ​​ហើយ​ ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិ ខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន ​។ សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេ​មិនអាច​បំភ្លេចបាន ក្រោយ​ពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួន ពោរ​ពេញ​ដោយ​ភាព​អំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយ សរសេរ​ជីវប្រវត្តិ​នេះ​ឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេ គឺមាន​ន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។​ និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។ តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែ​សេចក្តី​ស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយ បើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល, ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក ។ ក្រោយពេលដែលសរសេររួច បើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀត ខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើន ដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។ ទាញយកសៀវភៅនេះសូមចុចត្រង់នេះ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2718/tex____________tpic.jpg
Public date : 25, Aug 2021 (9,673 Read)
អានកមង្គលភេរីវត្ថុ (ប្រវត្តិស្គរមង្គលឈ្មោះអានកៈ) កិរ បានឮមក ស្រះក្ដាមធំ មានក្នុងព្រៃហិមពាន្ត ។ ក្នុងស្រះនោះ មានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ ។ លំដាប់នោះ ដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថា សេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ ។ សូម្បីមេដំរីនោះ ក៏បានកើតហើយកូនដែលសក្តិធំ ។ ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា (ម៉ែ ម៉ែ) ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ ? មេដំរីនោះ ក៏ប្រាប់សេចក្ដីនោះដល់កូនដំរី ។ កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើង អ្នកទាំងឡាយចូរមក យើងនឹងទៅ ដូច្នេះហើយ ជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះ កូនដំរីក៏ចុះមុនគេទាំងអស់ ក្ដាមបានមកដោយ (ឮ) សំឡេងទឹកនោះឯង ហើយបានកៀបនូវកូនដំរីនោះ ។ ក្ដាមមានដង្កៀបដ៏ធំ កូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយ យកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង ។ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើងសម្គាល់ថា សេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា (ឥឡូវនេះ កូនដំរីនោះត្រូវក្ដាមកៀបហើយ) ទើបស្ទុះបោលរត់ចេញទៅ ។ លំដាប់នោះ មេរបស់ដំរីនោះ ដែលឋិតក្នុងទីមិនឆ្ងាយ បានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថា មយំ ថលនាគា, តុម្ហេ ឧទកនាគា នាម, នាគេហិ នាគោ ន វិហេឋេតព្ពោ ពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ (ចំណែក) ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក (ដូច្នេះ) អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយ ហើយពោលនូវគាថានេះថា យេ កុឡីរា សមុទ្ទស្មិំ, គង្គាយ យមុនាយ ច; តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បជំ។ ក្ដាមទាំងឡាយក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គា និងយមុនាក្ដី លោកជាសត្វដ៏ប្រសើរបំផុត សូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ ។ ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយ​រំជើល​រំជួល ព្រោះហេតុនោះ ក្ដាមទើបបន្ធូរដង្កៀប ។ កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម ។ ពេលជាន់ ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី ។ លំដាប់នោះ កូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោក ហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ ។ ពេលនោះ ដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ ។ ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះ សក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ ។ ចំណែកដង្កៀនមួយទៀត ត្រូវខ្យល់ និងកម្ដៅថ្ងៃដុតដរាមស្ងួត មានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ ។ កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះ ត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង ១០ អង្គ ដែលបានរាយសំណាញ់ក្នុងទឹក ហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា ។ ស្ដេចទាំងឡាយនោះ ឃើញដង្កៀមនោះហើយត្រាស់ថា នុ៎ះជាអ្វី ? អ្នកបម្រើទូលថា ជាដង្កៀបក្ដាម ព្រះអង្គ ។ ព្រះរាជាទាំងឡាយនោះត្រាស់ថា ដង្កៀបក្ដាមនេះ មិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន ។ ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរ បានឲ្យគេស្រោបហើយទ្រង់វាយ ។ សំឡេង (ស្គរ) ឮទូទាំងព្រះនគរដែលមានប្រមាណ ១២ យោជន៍ ។ តអំពីនោះមក ព្រះរាជាទាំងឡាយត្រាស់ថា មិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេ ស្គរនេះចូរជា មង្គលភេរី (ស្គរមង្គល) ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះ ដូច្នេះហើយក៏ធ្វើជាមង្គលភេរី ។ កាលប្រគំស្គរនោះ (ម្ដងៗ) ប្រជាជនដែលមិនទាន់ងូតទឹក មិនទាន់តាក់តែងខ្លួន (ក៏ដោយ) ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើម ហើយមកប្រជុំគ្នា ។ ព្រោះហេតុនោះ ស្គរនោះក៏បានឈ្មោះថា អានកៈ ព្រោះដូចជាការហៅប្រជាជនឲ្យមក ។ (សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣) អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង) ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោ​ស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។ ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2563/tessxtpic.jpg
Public date : 25, Aug 2021 (77,975 Read)
ជីវប្រវត្តិសង្ខេប របស់ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន កេតុ​ធម្មោ​ អធិបតីពុទ្ធមណ្ឌល និងជាអគ្គ​នាយក​វិបស្សនា​ធុរៈ​សិក្សា​ នៃ​ព្រះ​រាជណាចក្រកម្ពុជា ដោយ៥០០០ឆ្នាំ
images/articles/274/Unti34tled-1.jpg
Public date : 19, Jun 2021 (48,610 Read)
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។
images/articles/337/te1234xtpic.jpg
Public date : 19, Jun 2021 (36,657 Read)
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។ លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
Public date : 19, Jun 2021 (19,322 Read)
ប្រវត្តិ​ព្រះបរមសារីរិកធាតុ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់ ៤៥​ព្រះវស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក​តែ​ម្យ៉ាង មិន​មាន​បំណង​ប៉ង​ប្រាថ្នា​អ្វី​បន្តិច​បន្តួច​ពី​សត្វ​លោក​ឡើយ ។
images/articles/463/Untitled-1.jpg
Public date : 19, Jun 2021 (33,316 Read)
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា
images/articles/543/indea1.png
Public date : 19, Jun 2021 (3,812 Read)
ព្រះពុទ្ធសាសនា​ក្នុងយុគសម័យ​មុស្លិម​កាន់កាប់ ​ ព.ស. ​១៧០០-​២២០០ បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិត​នៅក្រោម​ការ​កាន់កាប់
images/articles/780/3132013134753sdf45fs12d-1.gif
Public date : 19, Jun 2021 (21,278 Read)
ខាង​ក្រោម​នេះ​គឺជាសៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​ ដែល​៥០០០​ឆ្នាំ​ បាន​ទាញយក​ពី​គេហ​ទំព័រ​ស្រុក​ស្រែ​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​ដែល​សៀវ​ភៅ​បាន​ត្រូវ​រៀប​រៀង​ឡើង​វិញ​ដោយ ស្រុក​ស្រែ​ និង​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ដើម្បី​ចុះ​ផ្ទាល់​ទៅ​ថត​
images/articles/1112/5yb4s6gs4eftes4g6fezr.gif
Public date : 19, Jun 2021 (12,171 Read)
សម្ដេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ច ឥន្ទត្ថេរោ កែ អ៊ុក ព្រះសង្ឃ​នាយក គណៈមហានិកាយ ព.ស ២៤៥៨ ~ ២៤៨០ គ.ស ១៩១៤ ~ ១៩៣៦ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​ព្រហស្បតិ៍ (បាត់​រនោច. ខ្នើត) ខែ​កត្ដិក ឆ្នាំ​កុរ ត្រីស័ក ព.ស ២៣៩៥ ស.គ ១៨៥១ នៅ​ភូមិ​ក្រោល​ខៀវ ស្រុក​ពញ្ញាឮ ខេត្ត​កណ្ដាល។
images/articles/1121/sr6besrstgedrtnmxr57um.gif
Public date : 19, Jun 2021 (5,805 Read)
សម្ដេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន ព្រះសង្ឃនាយក គណៈមហានិកាយ ព.ស ២៤១៨ ~ ២៤៩១ គ.ស ១៩៣៧ ~ ១៩៤៧ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅ​ភូមិ​ចាក់​អង្ករ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយសម្រាប់ឆ្នាំថ្មីនេះ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿