30
Wednesday, 06 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 81,791
Today
Yesterday 207,931
This Month 1,120,178
Total ៣៥៧,៩៦៤,១៥២
Flag Counter
OTHER BIO
images/articles/2891/tepic.jpg
Public date : 01, Apr 2022 (20,429 Read)
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា (យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន) ប្រមាណ ៣០ រូប (ភទ្ទវគ្គិយត្ថេរ ៣០ រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល) សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ (មិនមែនសមា​ទាន​តែធុតង្គទាំងបីនេះទេ គឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង) គ្រប់រូបទាំងអស់ នាំ​គ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថីដែលចូលវស្សាជិតណាស់មកហើយ ក៏​មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្ដាលផ្លូវ ។ ភិក្ខុទាំងនោះនៅចាំវស្សា ទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។ គ្រានោះ ពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូបមកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ១-៣) ថាៈ ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលព្រះព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯ ទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។ លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ ៣០ រូប ក៏រួចស្រឡះចាក អាសវៈ​ ដោយការមិនប្រកាន់ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧) (ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស ) ។ ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថាអនុជានាមិ ភិក្ខវេ វស្សំវុដ្ឋានំ ភិក្ខូនំ កថិនំ អត្ថរិតុំ។ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។ អត្ថតកថិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា) ១ ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់) ១ (ឆាន់) គណភោជនបាន ១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ ១ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ។ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថាបពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។ (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ៣-៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/1712/Untitled-1-Recovered.jpg
Public date : 01, Apr 2022 (35,453 Read)
បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួងព្រោះ​ប្លែក​ពី​ចីវរទាន​ឯ​ទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺ៖ ១- ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាតថា​កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែ​អស្សុជ​១៤​ថ្ងៃ ពី​ត្រឹម​១រោច ដល់​១៤​រោច (​ខែដាច់) ខែ​កត្តិក​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​(​ពេញ​បូណ៌មី​)។ រយៈ​កាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​នេះ​ទាយក​ចង់​មក​ធ្វើ​ថ្ងៃ​ណា​មួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ២- ប្លែកដោយវត្ថុ គឺ​សំពត់​ដែល​ក្រាល​កឋិន​នោះ បានតែស្បង់​ឬ​ចីពរ​ឬក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹម​ត្រូវ​តាម​ពុទ្ធប្បញ្ញត្តិសំពត់​ក្រៅ​ពី​នេះ​ធ្វើ​ពុំ​បាន​ហើយ​សំពត់​ទាំង​៣​មុខ​ទៀត​សោត​នឹង​យក​ទាំង​អស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ ទោះ​បី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់​កឋិន​មក​វេរប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុណា​មួយ​ធ្វើ​ជា​អង្គ​កឋិន​ គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន​ចីពរ​ក៏​បាន សង្ឃាដី​ក៏​បាន ស្រេច​លើ​ព្រះទ័យ​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹម​ត្រូវ​តាម​វិនយប្បញ្ញត្តិ​តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​ ១ ត្រៃ សង្ឃាដី​ជា​ចីវរ​ធំជាងគេ។ ៣- ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​គប្បី​ធ្វើ​ឲ្យ​ត្រូវ​របៀប​តាម​ព្រះ​វិន័យ។ ៤- ប្លែក​ដោយ​បដិគ្គាហកៈ គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ​ក្រៅ​ពី​ភិក្ខុ​ពុំ​បាន​ឡើយ​ហើយ​ភិក្ខុ​នោះ​ទៀត លុះ​តែ​បាន​នៅ​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណា​មួយ​ទើប​ទទួល​ក្រាល​គ្រង​និង​អនុមោទនា កឋិន​ក្នុង​វត្ត​នោះ​បាន​ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ​តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន។ ៥- ប្លែក​ដោយ​អានិសង្ស គឺ​ទា​យក​អ្នក​ធ្វើ​ក៏​បាន​អនិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ភាគ​៨​ត្រង់​កឋិនក្ខន្ធកៈ​ ថា៖ អនាមន្តចារោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មាន​ទោស។ អសមាទានចារោ ត្រាច់​ទៅ​ដោយ​មិន​បាច់​យក​ត្រៃ​ចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន។ គណភោជនំ ឆាន់ភោជន​បាន។ យាវទត្ថចីវរំ ទុក​ដាក់​អតិរេកចីវរ​បាន​តាម​ត្រូវ​ការ។ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរ​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ​ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ។ ដោយ​កឋិន​ទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាង ដូច​ពោល​មក​នេះ​ហើយ​បាន​ជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក​ត្រា​រាប់​ពុំ​បាន​ឡើយ ព្រោះ​ជា​ចីវរ​ទាន​ពិសេស​ប្លែក​ពី​ចីវរ​ទាន​នានា​ដូច​ពោល​មក​នេះ​ឯង។ ចីវរ​ទាន​ឲ្យ​ហើយ​បាន​ទទួល​ផលានិសង្ស​៥​យ៉ាង ដែល​ប្រកប​ដោយ​សេចក្ដី​សុខ​ស្រួល​ដល់​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ទាន​ផង សម​ដូច​ព្រះពុទ្ធ​ដី​កា​រ​ថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជន​អ្នក​មាន​ប្រាជ្ញា​ណា​មួយ​បាន​ឲ្យ​នូវ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នក​ដទៃ ជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល​វិញ​ពិត​ប្រាកដ​ពុំ​ខាន​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/468/____________________________________________________________.jpg
Public date : 01, Apr 2022 (71,967 Read)
មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។​ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម​ ជំនឿ​ទំនៀម​ទម្លាប់
images/articles/3125/2021rrook.jpg
Public date : 15, Feb 2022 (6,105 Read)
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ ។ សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែក​ពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិង​រដ្ឋាភិបាលចម្រុះរបស់​សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់​សមរភូមិឆ្ពោះទៅកាន់​តំបន់​ប៉ៃលិន នាយទាហានម្នាក់​បានមក​ទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណា​ឈប់បាញ់​បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។ មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រា​នៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែក​ប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គ​និមន្តឡើងឡាន​ម៉ាកតូយូតាតែមួយអង្គឯង​ជាមួយអ្នកបើកបរម្នាក់ បើកចូល​ទៅក្នុងសមរភូមិដែល​អមទៅដោយ​គ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់​ពាន់នាក់ឲ្យឈរ​យ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យ​លាយ​ឡំដោយ​ទឹកភ្នែកហូរ​សស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹក​សម្ដេចរំកិលខ្លួន​ចាកចេញ​ពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគត​ក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា​«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រា​ស្ទើរបាត់ស្រមោល​ឡាន​មើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយ​ម៉ាត់ទៅកាន់​អ្នក​ណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយ​នៅជិតគុម្ពព្រៃ​ហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេង​ឧគ្ឃោសនស័ព្ទ​បានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។ សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែង​ព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នក​ស្ដាប់វិញ​ក៏ហាក់ដូចជាស្ងប់​ជាមួយ​សម្ដេច​ដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា​«ម្ដងមួយជំហ៊ាន ម្ដងមួយជំហាន ជំហ៊ាននីមួយៗគឺសមាធិ ជំហាននីមួយៗគឺសន្តិភាព ជំហាន​នីមួយៗ​គឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។ ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិន​អាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើរទុកណាភាគីខ្មែរក្រហមនិង​ភាគីរដ្ឋាភិបាល​ព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល ២ ឬ ៣ ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និង ប្រឈមចំពោះ​ការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀត គឺ មានមនុស្សយ៉ាងតិចពី ២០០ ទៅ ៣០០ នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើង​ហើយស្រែកថា​«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយ​បន្ទរដដែលៗ​ថា«ស្ម័គ្រ​ស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំ​ក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់​ឬស្ម័គ្ររស់។ ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់​បំផុតបន្ទាប់ពី​ធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនី​នៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណ​សន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕ អត្ថបទដកស្រង់ពីហ្វេសប៊ុក៖ Yon Seng Yeath ដោយ​៥០០០​ឆ្នាំ​
images/articles/3124/202_________________________-_________________________.jpg
Public date : 01, Dec 2021 (3,696 Read)
មហា​ឃោសានន្ទ (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។ ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ » (ឃោស ៖ សំឡេង​ប្រកូក, សម្រែក​ខ្លាំង, ការ​បន្លឺ​សំឡេង + អានន្ទ ៖ សេចក្តី​សប្បាយ, សេចក្តី​រីក​រាយ, សេចក្តី​សុខ​សាន្ត, ប្រាមោទ្យ) ។ ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ ។ ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន ។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌា ។ ការអប់រំ ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និង​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម ។ នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ​ វត្ត​ឆាយ​ណា (วัดชายนา) នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​បញ្ចប់​សង្គ្រាម​វៀតណាម ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា ។ សម័យខ្មែរក្រហម ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង ។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់ ។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រ និង​ធ្វើ​គត់​ចោល​​ទៀត​ផង ។ ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង ។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល ។ នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ ។ នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំ កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។ ការស្ថាបនាឡើងវិញ ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០ ។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ ។ នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦ ។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ ។ នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា » ។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍ ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ (សាកែវ) ។ នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១ ។ ធម្មយាត្រា នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ។ ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ​១៦ ​ថ្ងៃ ​និង​ ​២០០ គ.ម. ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន ។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ឧបាសក​ឧបាសិកា) ។ នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ ។ ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award) ។ គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា » ។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣] ។ គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។ សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧ ៕ ប្រភពដកស្រង់អត្ថបទ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/460/Untitle43452d-1.gif
Public date : 06, Sep 2021 (25,691 Read)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។ ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ) សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។ កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ) សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា) លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។ ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា) សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ន មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។ អត្ថបទជាអក្សរដិត បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា) សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។ សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។ សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។ ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលី អាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។ នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។ ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។ ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលាបារាំងសែសចុងបូព៌ាប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។ បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ) ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។ ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។ ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។ ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។ ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។ ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។ ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។ ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ) ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។ ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។ ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។ គ.ស.​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។ គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។ គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។ ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម។ នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។ ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។ ព.ស.​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។ នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។ ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។ កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។ នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។ ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។ សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ) ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖ ព.ស.​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។ ព.ស.​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។ ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។ ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។ ព.ស.​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។ លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។ ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។ ខែ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។ ព.ស.​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។ ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស) គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖ មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។ មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។ មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។ មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។ មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។ មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។ មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។ មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។ មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។ មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។ ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា) កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖ សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។ បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។ បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។ បាន​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។ បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ.ស.​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។ បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។ បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។ បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។ បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។ បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។ បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។ បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។ បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។ បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។ បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។ បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។ បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)។ បាន​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។ បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។ បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព.ស.​២៤៩៩ គ.ស.​១៩៥៦។ បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។ បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា​ជាដើម។ បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។ បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។ បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​បង្អស់ គ.ស.​១៩៥៣។ បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។ បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។ បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។ ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖ ១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។ ២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ ៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។ ៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។ ៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។ ៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។ ៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។ ៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។ ៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ។ ១០. ចីវរក្ខន្ធៈ​ពិស្ដារ។ ១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។ ១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទនគររាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖ ១. វីរិយភាព “ការព្យាយាមក្នុង​ការ​សិក្សា”​ ២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ” ៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច” ៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា” ៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ” អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ ១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។ បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។ សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។ អានបន្តទៅប្រភពដើម ដោយ៥០០០ឆ្នាំ
images/articles/246/20_______________ube.jpg
Public date : 06, Sep 2021 (132,996 Read)
A Biography of Samdech Chuon Nath: A Master of the Khmer Literature Samdech Sangha Raja Jhotañano Choun Nath (born March 11, 1883 - died September 25, 1969) is the late Supreme Patriarch
images/articles/245/202___wer.jpg
Public date : 06, Sep 2021 (86,453 Read)
ខាង​ក្រោម​គឺ​ជា​វីដេអូ​ ដែល​លោកគ្រូ​អគ្គ​បណ្ឌិត ប៊ុត សាវង្ស បានសម្តែង​ប្រាប់​អំពី ជីវប្រវត្តិរបស់​ខ្លួន​ដោយ​សង្ខេប​ និង​សាច់ធម៌​ផ្សេង​ៗ ដែលខ្ញុំព្រះករុណា ខ្ញុំ​បាទ (ស្រុង ចាន់ណា) បាន​ស្រង់ចាក ខ្សែអាត់​ អាល់ប៊ុម​សម្តែងធម៌​ នៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែង​កាលពី​ ២៥ឆ្នាំ មុន) ។ សូម​ធ្វើការសន្តាប់​ដូច​តទៅ​៖ មើល​វីដេ​អូ​មិនឃើញ​ ចុច​ទីនេះ​ ដោយ៥០០០ឆ្នាំ
images/articles/249/20sssaqer.jpg
Public date : 06, Sep 2021 (71,325 Read)
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃ ជំនួសសាមីជីវិត ។អ្នកសរសេរ​តែង​​​តែ​និយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះ​អ្នកសរសេរ ពុំបានដឹងចិត្ត ឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផង ចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូល​ហេតុ​​នេះ​​ហើយ​ ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិ ខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន ​។ សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេ​មិនអាច​បំភ្លេចបាន ក្រោយ​ពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួន ពោរ​ពេញ​ដោយ​ភាព​អំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយ សរសេរ​ជីវប្រវត្តិ​នេះ​ឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេ គឺមាន​ន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។​ និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។ តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែ​សេចក្តី​ស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយ បើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល, ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក ។ ក្រោយពេលដែលសរសេររួច បើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀត ខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើន ដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។ ទាញយកសៀវភៅនេះសូមចុចត្រង់នេះ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2718/tex____________tpic.jpg
Public date : 25, Aug 2021 (11,470 Read)
អានកមង្គលភេរីវត្ថុ (ប្រវត្តិស្គរមង្គលឈ្មោះអានកៈ) កិរ បានឮមក ស្រះក្ដាមធំ មានក្នុងព្រៃហិមពាន្ត ។ ក្នុងស្រះនោះ មានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ ។ លំដាប់នោះ ដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថា សេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ ។ សូម្បីមេដំរីនោះ ក៏បានកើតហើយកូនដែលសក្តិធំ ។ ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា (ម៉ែ ម៉ែ) ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ ? មេដំរីនោះ ក៏ប្រាប់សេចក្ដីនោះដល់កូនដំរី ។ កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើង អ្នកទាំងឡាយចូរមក យើងនឹងទៅ ដូច្នេះហើយ ជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះ កូនដំរីក៏ចុះមុនគេទាំងអស់ ក្ដាមបានមកដោយ (ឮ) សំឡេងទឹកនោះឯង ហើយបានកៀបនូវកូនដំរីនោះ ។ ក្ដាមមានដង្កៀបដ៏ធំ កូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយ យកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង ។ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើងសម្គាល់ថា សេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា (ឥឡូវនេះ កូនដំរីនោះត្រូវក្ដាមកៀបហើយ) ទើបស្ទុះបោលរត់ចេញទៅ ។ លំដាប់នោះ មេរបស់ដំរីនោះ ដែលឋិតក្នុងទីមិនឆ្ងាយ បានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថា មយំ ថលនាគា, តុម្ហេ ឧទកនាគា នាម, នាគេហិ នាគោ ន វិហេឋេតព្ពោ ពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ (ចំណែក) ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក (ដូច្នេះ) អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយ ហើយពោលនូវគាថានេះថា យេ កុឡីរា សមុទ្ទស្មិំ, គង្គាយ យមុនាយ ច; តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បជំ។ ក្ដាមទាំងឡាយក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គា និងយមុនាក្ដី លោកជាសត្វដ៏ប្រសើរបំផុត សូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ ។ ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយ​រំជើល​រំជួល ព្រោះហេតុនោះ ក្ដាមទើបបន្ធូរដង្កៀប ។ កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម ។ ពេលជាន់ ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី ។ លំដាប់នោះ កូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោក ហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ ។ ពេលនោះ ដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ ។ ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះ សក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ ។ ចំណែកដង្កៀនមួយទៀត ត្រូវខ្យល់ និងកម្ដៅថ្ងៃដុតដរាមស្ងួត មានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ ។ កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះ ត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង ១០ អង្គ ដែលបានរាយសំណាញ់ក្នុងទឹក ហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា ។ ស្ដេចទាំងឡាយនោះ ឃើញដង្កៀមនោះហើយត្រាស់ថា នុ៎ះជាអ្វី ? អ្នកបម្រើទូលថា ជាដង្កៀបក្ដាម ព្រះអង្គ ។ ព្រះរាជាទាំងឡាយនោះត្រាស់ថា ដង្កៀបក្ដាមនេះ មិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន ។ ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរ បានឲ្យគេស្រោបហើយទ្រង់វាយ ។ សំឡេង (ស្គរ) ឮទូទាំងព្រះនគរដែលមានប្រមាណ ១២ យោជន៍ ។ តអំពីនោះមក ព្រះរាជាទាំងឡាយត្រាស់ថា មិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេ ស្គរនេះចូរជា មង្គលភេរី (ស្គរមង្គល) ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះ ដូច្នេះហើយក៏ធ្វើជាមង្គលភេរី ។ កាលប្រគំស្គរនោះ (ម្ដងៗ) ប្រជាជនដែលមិនទាន់ងូតទឹក មិនទាន់តាក់តែងខ្លួន (ក៏ដោយ) ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើម ហើយមកប្រជុំគ្នា ។ ព្រោះហេតុនោះ ស្គរនោះក៏បានឈ្មោះថា អានកៈ ព្រោះដូចជាការហៅប្រជាជនឲ្យមក ។ (សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣) អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង) ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោ​ស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។ ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2563/tessxtpic.jpg
Public date : 25, Aug 2021 (88,810 Read)
ជីវប្រវត្តិសង្ខេប របស់ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន កេតុ​ធម្មោ​ អធិបតីពុទ្ធមណ្ឌល និងជាអគ្គ​នាយក​វិបស្សនា​ធុរៈ​សិក្សា​ នៃ​ព្រះ​រាជណាចក្រកម្ពុជា ដោយ៥០០០ឆ្នាំ
images/articles/274/Unti34tled-1.jpg
Public date : 19, Jun 2021 (61,227 Read)
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។
images/articles/337/te1234xtpic.jpg
Public date : 19, Jun 2021 (39,074 Read)
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។ លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
Public date : 19, Jun 2021 (20,276 Read)
ប្រវត្តិ​ព្រះបរមសារីរិកធាតុ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់ ៤៥​ព្រះវស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក​តែ​ម្យ៉ាង មិន​មាន​បំណង​ប៉ង​ប្រាថ្នា​អ្វី​បន្តិច​បន្តួច​ពី​សត្វ​លោក​ឡើយ ។
images/articles/463/Untitled-1.jpg
Public date : 19, Jun 2021 (38,509 Read)
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា
images/articles/543/indea1.png
Public date : 19, Jun 2021 (5,052 Read)
ព្រះពុទ្ធសាសនា​ក្នុងយុគសម័យ​មុស្លិម​កាន់កាប់ ​ ព.ស. ​១៧០០-​២២០០ បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិត​នៅក្រោម​ការ​កាន់កាប់
images/articles/780/3132013134753sdf45fs12d-1.gif
Public date : 19, Jun 2021 (23,216 Read)
ខាង​ក្រោម​នេះ​គឺជាសៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​ ដែល​៥០០០​ឆ្នាំ​ បាន​ទាញយក​ពី​គេហ​ទំព័រ​ស្រុក​ស្រែ​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​ដែល​សៀវ​ភៅ​បាន​ត្រូវ​រៀប​រៀង​ឡើង​វិញ​ដោយ ស្រុក​ស្រែ​ និង​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ដើម្បី​ចុះ​ផ្ទាល់​ទៅ​ថត​
images/articles/1112/5yb4s6gs4eftes4g6fezr.gif
Public date : 19, Jun 2021 (13,441 Read)
សម្ដេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ច ឥន្ទត្ថេរោ កែ អ៊ុក ព្រះសង្ឃ​នាយក គណៈមហានិកាយ ព.ស ២៤៥៨ ~ ២៤៨០ គ.ស ១៩១៤ ~ ១៩៣៦ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​ព្រហស្បតិ៍ (បាត់​រនោច. ខ្នើត) ខែ​កត្ដិក ឆ្នាំ​កុរ ត្រីស័ក ព.ស ២៣៩៥ ស.គ ១៨៥១ នៅ​ភូមិ​ក្រោល​ខៀវ ស្រុក​ពញ្ញាឮ ខេត្ត​កណ្ដាល។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿