Reading Article
Public date : 08, Sep 2017 (22,469 Read)
ខ្មែរថែរក្សាខ្មែរ

|
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌ កុំតែស្រឡាញ់ឲ្យវឹកវរ បង្កអាស្រូវនៅក្នុងស្រុក ។ សីលធម៌សង្គមប្រពៃណី យើងរួមសាមគ្គីរក្សាទុក ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ ខ្មែរយើងមានស្រុកមានវប្បធម៌ ។ ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ ខ្មែរមានឪម៉ែអ្នកអង្គរ ខ្មែរមានអរិយធម៌ខ្ពស់បវរ ខ្មែរមានអក្សររបស់ខ្លួន ។ ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ ខ្មែរចិត្តមោះមុតជាតិមាំមួន ខ្មែរមានបិដកភាសាខ្លួន ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌ ។ ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត ខ្មែរមានបែបបទរបស់ខ្មែរ ខ្មែរទទួលស្គាល់គុណឪម៉ែ ខ្មែរចេះធ្វើស្រែខ្មែរមានបាយ ។ ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន ខ្មែរជាតិមាំមួនខ្មែរសប្បាយ ខ្មែររួមប្រជុំជាតិទាំងឡាយ ខ្មែរមានឧបាយកសាងជាតិ ។ ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង ខ្មែរគិតកោតក្រែងសន្តានញាតិ ខ្មែរថែសាសនាប្រទេសជាតិ ខ្មែរត្រូវមិនឃ្លាតពីសីលធម៌ ។ ដូច្នេះខ្មែរត្រូវតែលះបង់ ចំពោះចំណង់អន្លង់មរ ច្រណែនឈ្នានីសនាំវឹកវរ ចង់ឲ្យខ្លួនល្អកុំដៀលគេ ។ អក្សរសាស្រ្តវប្បធម៌ប្រពៃណី នាទីកូនខ្មែរថែឲ្យថេរ ជាតិគេស្រឡាញ់របស់គេ ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ ។ ដកស្រង់ចេញពីសៀវភៅ " បទពិចារណា " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
|