Reading Article
Public date : 27, Aug 2019 (22,435 Read)
បរមសុខក្នុងបច្ចុប្បន្ន

|
ស្ទើរគ្រប់សាសនាទាំងអស់ បរមធម៌ (summum bonum) អាចសម្រេចបានបន្ទាប់ពីស្លាប់ហើយប៉ុណ្ណោះ ។ ដោយឡែកនិរវាណៈ បុគ្គលអាចធ្វើឲ្យសម្រេចបាន ក្នុងខណៈដែលកំពុងមានជីវិតរស់នៅ ដោយមិនចាំបាច់ថាត្រូវរង់ចាំឲ្យអ្នកស្លាប់ជាមុនសិន ទើបសម្រេចបាននោះឡើយ ។
អ្នកដែលដឹងច្បាស់ឃើញច្បាស់ នូវសច្ចៈគឺនិរវាណៈនេះ រមែងជាបុគ្គលដែលមានសេចក្តីសុខបំផុតក្នុងលោក ជាអ្នកដែលមានឥស្សរភាពពីកិលេស និងអាសវៈទាំងពួង និងពីការក្តៅក្រហាយចិត្តទាំងឡាយដែលជាតួបង្កឲ្យកើតទុក្ខ ជាអ្នកដែលមានសុខភាពផ្លូវចិត្តល្អ មិននឹកស្តាយអតីតកាល មិនរំពឹងគិតទៅដល់អនាគត មានជីវិតរស់នៅតែជាមួយនឹងខណៈបច្ចុប្បន្នតែម៉្យាងគត់ ជាអ្នកមើលឃើញនូវអាថ៌កំបាំងរបស់ធម្មជាតិ ហើយរីករាយជាមួយសភាវៈទាំងឡាយ ដោយចិត្តដែលបរិសុទ្ធផូរផង់ ប្រាសចាកនូវគំនិតថា អហង្ការ (ខ្លួនយើង) មមង្ការ (របស់យើង) ជាអ្នករីករាយសោមនស្សជាមួយជីវិតដែលបរិសុទ្ធ ជាអ្នកសង្រួមឥន្រ្ទីយ៍ មិនមាននូវការខ្វាយខ្វល់ មានតែសេចក្តីស្ងប់ (សន្តិ) ។ នៅពេលដែលមិនមានសេចក្តីលោភ សេចក្តីក្រោធនិងសេចក្តីវង្វេង មិនមានការប្រកាន់ខ្លួន និងសេចក្តីមួហ្មងទាំងឡាយទាំងពួងដូច្នេះ ក៏រមែងជាអ្នកបរិសុទ្ធសុភាពរាបសា មានសេចក្តីស្រឡាញ់ឲ្យដល់មនុស្សគ្រប់គ្នា មានក្តីមេត្តា ករុណា មានការយល់ចិត្ត យល់ថ្លើមអ្នកដទៃ និងមានចិត្តទូលាយ ជួយអ្នកដទៃដោយក្តីបរិសុទ្ធចិត្ត ត្បិតថាមិនបានគិតទៅដល់ខ្លួនឯងជាទីតាំង ជាអ្នកមិនបានទទួលផលប្រយោជន៍អ្វីមួយឡើយ មិនបានសន្សំអ្វី មិនសន្សំសូម្បីតែគុណសម្បត្តិគឺសេចក្តីល្អ ព្រោះថាជាអ្នកមានឥស្សរៈពីការយល់ខុសនៅក្នុងខ្លួនឯង ទាំងមានឥស្សរៈផុតចាកតម្រេក ដើម្បីប្រាថ្នាឲ្យខ្លួនឯងក្លាយទៅជាយ៉ាងនេះ ឬយ៉ាងនោះបានហើយ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន កុសល ។ ដោយ៥០០០ឆ្នាំ |