Reading Article
Public date : 27, Aug 2019 (23,337 Read)
មិនកើតទុក្ខទុកជាមុន

|
មិនកើតទុក្ខទុកជាមុន
មានមនុស្សជាច្រើនចេះតែគិតខ្វល់ដល់អនាគត ។ តាមពិត រឿងដែលនាំឲ្យយើងមាននូវកង្វល់នោះ វាអាចមិនកើតឡើងដូចដែលយើងបានគិតខ្វល់ទុកនោះផង កាលបើយ៉ាងនេះ ការគិតខ្វាយខ្វល់របស់យើងក៏ទៅជាទុក្ខកង្វល់វាគឺជាអកុសលផ្លូវចិត្ត ទាំងមិនមែនជាឧបាយសម្រាប់ដោះស្រាយនូវបញ្ហាទៀតផង ។ ការគិតព្រួយបារម្ភដល់រឿងដែលមិនទាន់មកដល់ផ្ទុយគ្នាអំពីការពូកែគិត ។ ការពូកែគិតគឺយោនិសោមនសិការរឹតតែគិតរឹតតែនាំឲ្យមានបញ្ញា ប្រៀបដូចជាការសំលៀងកាំបិតដោយត្រឹមត្រូវតាមវិធីសំលៀងដូច្នោះឯង ។ ការគិតព្រួយ ឬគិតខ្វល់អំពល់ក្នុងចិត្ត បើរឹតតែគិត រឹតតែឈឺក្បាលនាំឲ្យរវើរវាយរាយមាយ ធ្វើអ្វីៗចេះតែភ្លឹកៗ ភ្លេចៗ ហើយក៏ជាទុក្ខមានមុខក្រៀមក្រំ ថែមទាំងធ្វើឲ្យចុះខ្សោយនូវប្រាជ្ញាស្មារតីទៀតផង ប្រៀបដូចយកមុខកាំបិតទៅអារនឹងថ្មអីចឹងឯង រឹតតែរឹល ។ មនុស្សដែលពូកែគិត គឺគេគិតយ៉ាងមានរបៀប និងត្រឹមត្រូវទៅតាមហេតុផល គិតហើយបានការបានប្រយោជន៍ដូចជាការគិតដល់សេចក្តីស្លាប់ អ្នកដែលមិនពូកែគិត ឬចេះតែគិតខ្វល់នោះ រមែងភ័យខ្លាចស្លាប់ ហួងហែងមុខក្រោយថាតើស្លាប់ទៅកូនចៅយកទៅដុតនៅវត្តណា វត្តនោះមិនល្អទេ ឯវត្តនោះវិញត្រូវអស់ថ្លៃច្រើន ឳ! បើអញស្លាប់ទៅកូនចៅត្រូវលំបាក តើគេអាចនឹងរស់នៅបានយ៉ាងដូម្តេចទៅទេ! អញមិនចង់ស្លាប់ឡើយ អញត្រូវនៅរស់តទៅទៀត ...។ ចំណែកអ្នកដែលពូកែគិតវិញ គេបានប្រយោជន៍ច្រើនណាស់សូម្បីគេគិតដល់រឿងស្លាប់យ៉ាងនេះក៏ដោយចុះ គឺគិតទៅតាមសេចក្តីពិតនៃជីវិត ។ មនុស្សយើងគ្រប់គ្នា កើតមកហើយរមែងតែងតែ ស្លាប់ ។ អ្វីៗ នៅក្នុងលោកនេះ វាជារបស់លោកនេះឯង អ្នកស្លាប់ពុំអាចយកអ្វីទៅបានទេ សម្បីតែរូបរាង កាយរបស់ខ្លួន ។ បើពោលពីការសន្សំរបស់ចិត្ត អ្នកស្លាប់រមែងយកបាននូវកម្មល្អនិងកម្មអាក្រក់ ដែលខ្លួនបានធ្វើហើយជាប់ទៅជាមួយព្រោះដំណើរជីវិតជាក្រសែរបស់ចិត្ត ។ អ្នកធ្វើបាបច្រើន រស់នៅក៏មិនសុខ លុះដល់ស្លាប់ទៅក៏មិនជាសុខដែរ ឯអ្នកជំនាន់ក្រោយជេរប្រទេចផ្តាសា ។ ចំណែកអ្នកធ្វើល្អបានច្រើន និងមានចិត្តជាបុណ្យកុសលវិញរមែងរស់នៅក៏ជាសុខ លុះដល់ស្លាប់ទៅក៏ជាសុខដែរ ឯមនុស្សជំនាន់ក្រោយដែលជាញាតិមិត្តបងប្អូន ក៏ជាសុខមានមុខមាត់កិត្តិយសផងដែរ ។ ព្រោះហេតុដូច្នេះ អាត្មាអញគួរលះបង់ចោលនូវបាបអកុសល ហើយខំប្រឹងប្រែងធ្វើអំពើល្អ ។ ទាំងនេះជាសេចក្តីពិតនៃជីវិត ដែលអ្នកពូកែគិតសម្រចបាននូវប្រយោជន៍ពីការគិតរបស់គេ ។ ម្យ៉ាងទៀត អ្នកពូកែគិត គេអាចគិតថា បើមនុស្សយើងមិនស្លាប់ទេ ចេះតែចាស់រហូតទៅ ចាស់ទៅជរាទៅមិនចេះស្លាប់សោះអីចឹង ពិតប្រាកដជាលំបាកខ្លាំងណាស់ ។ សេចក្តីស្លាប់គឺជាការជួយម្យ៉ាង ដែលបានធ្វើឲ្យយើងរួចពីទុក្ខលំបាកអស់កាលដ៏យូរក្នុងជរាភាព ។ សេចក្តីទុក្ខខ្លះមាននៅក្នុងរោគដែលមិនអាចព្យាបាលទៅបាន មើលថែយ៉ាងណាក៏មិនជា មានសេចក្តីស្លាប់ប៉ុណ្ណោះ ដែលធ្វើឲ្យរោគាព្យាធិនោះៗ អស់ទៅបាន គឺត្រូវបញ្ចប់ជំងឺជាមួយនឹងការបូជាសាកសព ។ កាលគិតយល់ដូច្នេះហើយ គេរមែងមិនខ្លាចស្លាប់ ថែមទាំងមានចិត្តស្រស់បស់ ព្យាយាមធ្វើនូវអំពើល្អលះបង់ចោលនូវអំពើអាក្រក់ផ្សេងៗទៀតផង ។ ការគិតដល់សេចក្តីស្លាប់ដោយគំនិតឆ្លាត មិនទំនាស់នឹងសេចក្តីពិត រមែងនាំមកនូវសេចក្តីសុខស្ងប់ លះបង់នូវសេចក្តីស្រវឹងនឹងជីវិត ព្រមទាំងលោភៈ ទោសៈ មោហៈ ចោលចេញពីចិត្តសន្តាន ។ បុគ្គលអ្នកមាននូវបញ្ញាពិចារណា ពូកែគិត រមែងមិនកើតទុក្ខទុកជាមុនឡើយ មានតែបាននូវសេចក្តីសុខទៅវិញសូម្បីក្នុងរឿងដែលថាគួរតែទុក្ខដ៏ដោយ ។ មានពេលខ្លះមនុស្សយើងកើតទុក្ខភ័យព្រួយ ព្រោះខ្លាចបាត់បង់នូវលាភសក្ការៈ ឬយសស័ក្តិ ។ តាមពិត សូម្បីតែជីវិតខ្លួនឯងក៏ការពារមិនបានផង ។ ប្រសិនបើត្រូវស្លាប់ថ្ងៃនេះ តើថ្ងៃស្អែកលាភយសនឹងជារបស់យើងដូចម្តេចបានទៅ ។ មានពេលខ្លះនោះ យើងភ័យខ្លាចលាភយសធ្លាក់ទៅជារបស់អ្នកដទៃ រហូតដល់រកសេចក្តីសុខជាមួយនឹងលាភយសដែលកំពុងតែមានមិនបានទៀតផង ។ តាមពិត វាមិនមានលាភយសឯណាប្រសើរជាងការសុខចិត្តឡើយ ។ មនុស្សយើងរមែងវង្វេងគិតថា អ្វីៗគប្បីបានមកជារបស់យើង នេះព្រោះមកអំពីភ្លេចគិតថា ខ្លួនឯងអាចស្លាប់ បានគ្រប់វេលា និងព្រោះមកអំពីមិនបានយល់ថាអ្វីៗ ទាំងអស់រមែងកើតឡើងព្រោះហេតុ ។ មានរឿងខ្លះ មនុស្សយើងភ័យខ្លាចថាគេនឹងឈប់ ស្រឡាញ់ខ្លួន លុះដល់ទីបំផុតខ្លួនឯងទៅវិញសោះ ដែលឈប់ស្រឡាញ់គេពុំនោះសោតទេ ដល់ពេលគេឈប់ស្រឡាញ់ខ្លួនមែន ខ្លួនឯងក៏មិនមានសេចក្តីទុក្ខអ្វីបន្តិចបន្តួចឡើយ បែរជាដឹងខ្លួនថា ខ្លួនមាននូវសេរីភាពទៅវិញ ។ សរុបសេចក្តីមក ការកើតទុក្ខទុកជាមុន គឺជាមេរោគដែលបំផ្លាញសុខភាពរបស់ចិត្ត ត្រូវកម្ចាត់បង់ដោយការហ្វឹកហាត់អប់រំចម្រើនបញ្ញា យល់អំពីការពិតនៃជីវិតគ្រប់យ៉ាង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |