Reading Article
Public date : 25, Jul 2019 (11,781 Read)
ទោសនៃសេចក្តីក្រោធ

|
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជាៈ បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។
បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើអាក្រក់បានដោយងាយហាក់ដូចជាធ្វើអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។ មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូងដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឲ្យកើតឡើងសិន លុះដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជានុភាពហើយកាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាស់អៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវអំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុកដូច្នោះឯង ។ មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួនឯងក៏បាន សម្លាប់ព្រះអរហន្តក៏បានសម្លាប់មនុស្សណាៗ ក៏បានទាំងអស់សូម្បីតែខ្លួនឯង ។ គ្រោះកាចអ្វីស្មើនឹងទោសៈមិនមាន ។ កំហុសអ្វីស្មើនឹងទោសៈមិនមាន ។ សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឲ្យមកសន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលសម្តែងមកនេះបញ្ជាក់ឲ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទានផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗ ក៏មានសន្ធឹកសន្ធាប់ដែរសុទ្ធតែសម្តែងឲ្យឃើញថា ការខឹងក្រោធមានតែធ្វើឲ្យកើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរកម្ចាត់បង់ចោល មិនត្រូវទុកឲ្យឋិតនៅឡើយ ។ សម្លាប់អ្វីដទៃអាចមកដេកទុក្ខ តែសម្លាប់សេចក្តីក្រោធហើយរមែងដេកជាសុខជារៀងរហូត ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ "វិធីរម្ងាប់សេចក្តីក្រោធ" រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |