Reading Article
Public date : 26, Aug 2019 (26,354 Read)
អានិសង្សនៃការឧទ្ទិសផលចំពោះពួកប្រេត

|
រឿងព្រានប្រេត
(ចាក បេ. ខុ.) (អានិសង្សនៃការឧទ្ទិសផលចំពោះពួកប្រេត) កាលព្រះបរមលោកនាថ ព្រះអង្គគង់នៅវត្តវេឡុវ័ន មានព្រានម្នាក់សំណាក់នៅទិសាភាគនៃនគរពារាណសី ។ ព្រាននោះតែងត្រាច់ទៅព្រៃបរបាញ់សត្វម្រឹគបក្សី បានហើយឆ្អើរសាច់បរិភោគ ឯសាច់ដែលនៅសល់ពីរនោះគាត់រែកយកទៅលំនៅ ។ ចំណែកពួកក្មេងៗ បានឃើញគាត់រែកសាច់មកដល់មាត់ព្រៃដូច្នោះហើយ ម្នីម្នាប្រញាប់រត់ទៅសុះសាច់នៃព្រាននោះ គាត់ក៏ហុចឲ្យ១ដុំៗម្នាក់ ។ មានកាលសម័យថ្ងៃមួយ ព្រានទៅព្រៃបាញ់សត្វពុំបានមួយឡើយ ទើបគាត់បេះផ្ការាជពិស (ផ្កាត្របែកព្រៃ) យកមកប្រដាប់អាត្មា រួចហើយតបេះដាក់អង្រែករែកវិលមកវិញអស់ពួកក្មេងៗរត់ប្រញាយទៅសុំសាច់ព្រាននោះ គាត់ក៏ឲ្យផ្ការាជពិសមួយចង្កោមម្នាក់ៗ ។ លុះយូរបន្តិចទៅព្រាននោះក្សិណក្ស័យជីវិត បានទៅកើតជាប្រេតមានរូបអាក្រក់គួរឲ្យខ្លាចក្រៃពេក ប្រដាប់ដោយផ្ការាជពិសលើក្បាល ហើយចុះក្នុងទឹកស្ទឹងលុយច្រាសទឹកឡើងលើ ដោយគិតថានឹងទៅរកញាតិកាក្នុងស្រុកនោះ ។ (ការដោតផ្កាត្របែកព្រៃលើបាយបិណ្ឌព្រោះរឿងនេះ) លំដាប់នោះ មានមហាមាត្យម្នាក់ឈ្មោះកាឡី ព្រះបាទពិម្ពីសារទ្រង់ត្រាស់បញ្ជាឲ្យទៅបង្ក្រាបសត្រូវនៅឯជនបទ លុះបង្ក្រាបសត្រូវបានរាបទាបស្រេចហើយ ក៏ឲ្យពលសេះ រទេះ ថ្មើរជើងវិលត្រឡប់មកតាមផ្លូវគោកមកវិញ ។ ឯអាមាត្យនោះចុះមកតាមទន្លេ បានប្រទះប្រេតនោះកំពុងលុយទឹកមានរូបអាក្រក់ ទើបដណ្តឹងសួរថា នែព្រះស្តែងមានរូបអាក្រក់ប្រដាប់ដោយផ្ការាជពិសលើក្បាល លុយទឹកទៅឯណា ? តើទីលំនៅស្ថិតទៅតំបន់ណា? ចូរព្រះស្តែងប្រាប់យើងឲ្យបានដឹង ។ ប្រេតស្តាប់សំនួរមហាមាត្យសួរដូច្នោះហើយ ឆ្លើយប្រាប់ថាខ្ញុំទៅរកញាតិការនៅក្នុងស្រុកចូលិតគ្រាម នានគរពារាណសី ដើម្បីនឹងរកភោជនាហារ ។ មហាមាត្យស្តាប់ហើយមានចិត្តមេត្តាករុណា ទើបនិយាយថា បាយសតូវខៅតាកយើងមាន តើធ្វើដូចម្តេចនឹងបានដល់អ្នក? ទើបប្រេតឆ្លើយថាបើលោកមេត្តាអាសូរខ្ញុំ ក្រែងមានអ្នកណាជាឧបាសករក្សាគុណព្រះរតនត្រ័យតាំងនៅក្នុងព្រះត្រៃសរណគមន៍មាននៅក្នុងទូកលោកសូមលោកឲ្យទៅអ្នកនោះ ហើយឧទ្ទិសចំណែកបុណ្យចំពោះមកខ្ញុំៗនឹងបានសេចក្តីសុខរួចចាកទុក្ខផងទាំងពួង ។ គ្រានោះមានជាងកាត់សក់ម្នាក់នៅក្នុងទូកនោះ ជាឧបាសកត្រេកអរក្នុងគុណព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ ទើបមហាមាត្យឲ្យឧបាសកនោះងូតទឹកស្លៀកដណ្តប់សម្ពត់រលីងដូចសម្បុរមាសស្រេចហើយ ឲ្យបរិភោគអាហារភោជន រួចឧទ្ទិសចំណែកបុណ្យចំពោះទៅប្រេតថា ឥទំ ទានំរីទាននេះចូរសម្រេចដល់ប្រេតហោង ។ ដោយការឧទ្ទិសកុសលនេះ ក៏បានសម្រេចដល់ប្រេតនោះឲ្យមានសំពត់ស្លៀកដណ្តប់ មានអាហារបរិភោគដ៏ត្រកាល ឃើញជាក់ច្បាស់ទាន់ហន់ក្នុងពេលនោះ ។ កាលដែលមហាមាត្យឧទ្ទិសកុសលដល់ប្រេត ឃើញច្បាស់ជាក់នឹងភ្នែកស្រេចហើយ ក៏ចុះទូកអុំទៅទាំងយបពុំឈប់និន្ទ្រា លុះព្រឹកព្រាងស្វាងព្រះសុរិយា ក៏បានទៅដល់នគរពារាណសី ។ ព្រះភគវាទ្រង់ព្រះដំណើរមកតាមអាកាសដើម្បីនឹងអនុគ្រោះដើទុក្ខមហាជនទាំងឡាយ ទ្រង់ចុះពីអាកាសមកប្រតិស្ឋានទៀបឆ្នេរមហាទនី ។ កាលនោះកាឡីអាមត្យឡើងមកអំពីទូក ក៏ជួបព្រះបរមលោកនាថក្នុងទីនោះ មានចិត្តត្រេកអរម្នីម្នាចូលទៅក្រាបថ្វាយបង្គំអារាធនានិមន្តទទួលចង្ហាន់ក្នុងវេលាព្រឹកនោះ ព្រះអង្គទ្រង់ទទួលនិមន្តដោយតុណ្ហីភាពតាមប្រវេណីនៃព្រះពុទ្ធពីបុរាណ ។ មហាមាត្យលុះដឹងថា ព្រះអង្គទទួលនិមន្តហើយ ក៏ប្រញាប់ប្រញាល់ទៅជំរះទីឲ្យរាបស្មើ ធ្វើមណ្ឌលមុខ ៤ ប្រដាប់គ្រឿងសក្ការបូជាមាលាផ្កាកម្រងគ្រឿងក្រអូបផ្សេងៗ ក្រាលអាសនៈថ្វាយព្រះអង្គគង់ ។ ព្រះអង្គគង់លើអាសនៈដ៏សមគួរហើយ ទើបមហាមាត្យក្រាទូលអំពីហេតុដែលបានឃើញប្រេត ព្រមទាំងបានឧទ្ទិសចំណែកបុណ្យឲ្យដល់ប្រេតនោះផង ក៏បានរួចចាកទុក្ខទាំងពួង ។ ទើបព្រះអង្គទ្រង់មានព្រះចិន្តាថាពួកភិក្ខុសង្ឃចូរមកក្នុងទីនេះ ព្រះអង្គទ្រង់ព្រះចិន្តាដូច្នោះហើយ ពួកភិក្ខុសង្ឃ ក៏មកអង្គុយចោមរោមព្រះអង្គជាបរិវារ ។ មហាមាត្យឃើញព្រះសង្ឃគង់ចោមរោមព្រះសាស្តាដូច្នោះហើយ រឹងរឹតតែមានសេចក្តីត្រេកអរចូលទៅអង្គាសភត្តថ្វាយព្រះអង្គ នឹងភិក្ខុសង្ឃស្រេចហើយ ទើបព្រះអង្គទ្រង់អធិដ្ឋានថា មនុស្សផងទាំងឡាយដែលនៅទៀបនគរនេះចូរមកប្រជុំគ្នាក្នុងទីឥទ្ធិឬទ្ធិឲ្យពួកប្រេតនោះមូលមកប្រជុំគ្នាតែមួយពួក ហើយឲ្យសម្តែងបុព្វកម្មរៀងៗខ្លួន ប្រេតខ្លះថា យើងជាមាតានៃក្មេងទាំងឡាយនេះ ជាអ្នកមានទ្រព្យសម្បត្តិច្រើន ពុំបានធ្វើបុណ្យសុន្ទរ៍ទានដល់ស្មូមយាចក ពុំបានដាក់បាត្រប្រគេនព្រះសង្ឃ ខ្លះថាយើងជាមនុស្សមច្ឆរិយកំណាញ់ស្វិតស្វាញជូជាតិសាមាន្យ ពុំមានចិត្តត្រេកអរក្នុងការកុសលនានា ។ ដោយហេតុបាបកម្មយ៉ាងនេះឯង ក៏បណ្តាលឲ្យរងទុក្ខវេទនា អត់បាយអត់ទឹកមានខ្លួនអាក្រាតរកសំពត់ស្លៀកដណ្តប់ពុំបាន ។ ខ្លះថាយើងរវល់តែស្តាយអាឡោះអាល័យទ្រព្យសម្បត្តិស្រែចំការច្បារដំណាំ ពុំហ៊ានធ្វើបុណ្យទានថែមទាំងខ្លួនក៏ពុំហ៊ានបរិភោគឲ្យបានស្កប់ស្កល់ លុះដល់ស្លាប់ទៅរបស់ទាំងនោះក៏ពុំអាចយកទៅជាមួយបានផងមកតែម្នាក់ឯងកណ្តែងកណ្តោចខ្លោចផ្សារកំព្រារងទុក្ខវេទនាក្រៃពេកលុះលះបង់កំណើតអំពីប្រេតនេះទៅ នឹងបានទៅកើតត្រកូលថោកទាប មានត្រកូលចណ្ឌាលជាដើម ។ កាលដែលព្រះសាស្តាបរមគ្រូទ្រង់សំដែងពីទាន ដែលបុគ្គលបានធ្វើ ដើម្បីកាត់បង់សេចក្តីកំណាញ់ ត្រេកអរនឹងអំពីកុសលតម្កល់ទុកក្នុងជាតិនេះ លុះរំលាយខន្ធទៅ រមែងបានទៅកើតស្ថានសួគ៌បរិបូណ៍ដោយរូបឆោមពណ៌ល្អ មានបរិវារចោមរោមថ្កុំថ្កើងរុងរឿង មានរស្មីផ្សាយចេញពីរាងកាយ មានស្រះបោក្ខរណីជាទីសប្បាយ មានប្រាសាទមាស ឳកាសដោយរស្មីជាទីស្រណុកសុខសប្បាយ ឥតអន្តរាយមកបៀតបៀនបាន ឡើយ លុះច្យុតអំពីស្ថានសួគ៌នោះបានមកកើតក្នុងវង្សត្រកូលថ្កុំថ្កើងរុងរឿង មានត្រកូលក្សត្រជាដើមមានសម្បត្តិនោះច្រើនអនេកមានស្រីស្រឹង្គារចោមរោមជាបរិវារ ព្រោះហេតុតែបានធ្វើបុណ្យកុសលតម្កល់ទុកពីជាតិមុនទើបបានសម្បត្តិនោះក្នុងលោកិយ និងបរលោក ។ ឯសម្បត្តិទាំងពីរនេះបើបុគ្គលពុំបានធ្វើហើយ ក៏ពុំអាចនឹងបានឡើយ ។ ឯពួកមហាជន មានកាឡីអាមាត្យជាប្រធានបានស្តាប់ហើយមានចិត្តរីករាយត្រេកអរយ៉ាងក្រៃលែង លុះចប់ធម្មវិសេសទេសនា អស់មហាជនក៏បានលុះធម្មាភសម័យតាមឧបនិស្ស័យវាសនារៀងៗខ្លួន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |