Reading Article
Public date : 25, Jul 2019 (11,239 Read)
សប្បុរិសទានសូត្រ

|
សប្បុរិសទានសូត្រ
(បិដកលេខ ៤៥ ទំព័រ ៨៨ ដល់ ៨៩) ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។ សប្បុរិសទាន ៥យ៉ាងដូម្តេចខ្លះគឺ ១ សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា ។ អដ្ឋកថាៈ សទ្ធាយ បានដល់ ជឿទាននឹងផលរបស់ទាន ។
២ សក្កច្ចម ទានំ ទេតិ ឲ្យទានដោយគោរព ។ អដ្ឋកថាៈ សក្កច្ចំ ធ្វើចិត្តឲ្យស្អាតក្នុងការឲ្យទាន គោរពកោតក្រែងក្នុងទេយ្យធម៌ និង ក្នុងទក្ខិណេយ្យបុគ្គល ។ ទាំងពីរយ៉ាងនោះ បុគ្គលរៀបចំទេយ្យធម៌ឲ្យប្រណីតឈ្មោះថា ចូលទៅតាំងសេចក្តីគោរពកោតក្រែងក្នុងទយ្យធម៌ ឯការជ្រើរើសបុគ្គលហើយឲ្យ ឈ្មោះថាចូលទៅតាំងសេចក្តីគោរពកោតក្រែង ក្នុងទក្ខិណេយ្យបុគ្គល ។ ៣ កាលេន ទានំ ទេតិ ឲ្យទានតាមកាលគួរ ។ អដ្ឋកថាៈ កាលេន តាមកាលដ៏សមគួរ ។ ៤ អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទានដោយចិត្តអនុគ្រោះ ។ អដ្ឋកថាៈ អនុគ្គហិតចិត្តោ បានដល់មានចិត្តមិនស្តាយ គឺលះបង់ដាច់ទៅតែម្តង ។ ៥ អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនឹងអ្នកដទៃ ។ អដ្ឋកថាៈ អនុបហច្ច បានដល់ មិនប៉ះទង្គិច គឺមិនលុបបំបាត់គុណទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធាដោយផលនៃទាននោះកើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អគួររមិលមើលជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរពដោយផងនៃទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភមានទ្រពច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តដើម្បីដឹងផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរដោយផលនៃទាននោះកើតក្នុងទីនាៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍គឺសម្បត្តិដ៏ពេញពោរ រមែងមកតាមកាលដ៏គួរដល់បុគ្គលនោះផង ។ អដ្ឋកថាៈ ដោយសេចក្តីថា ប្រយោជន៍ទាំងឡាយ កាលដែលនឹងមកដល់ មិនមែនមកក្នុងវ័យទាល់តែចាស់ហើយនោះទេ គឺរមែងមកក្នុងពេលដ៏សម គួរក្នុងបឋមវ័យនោះឯង ទាំងដែលមកដោយច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលនៃទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផងរមែងបង្អោនចិត្តទៅដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលប់ផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃ ដោយផលនៃទាននោះកើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើនមានភោគៈច្រើនផង សេចក្តីអន្តរាយនៃសម្បត្តិទាំងឡាយមិនមានមកអំពីទីណាមួយគឺអំពីភ្លើង អំពីទឹក អំពីស្តេចអំពីរចោរ អំពីហេតុមិនជាទីស្រឡាញ់ និង អំពីមនុស្សដែលជាទាយាទផង ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន៥ យ៉ាងនេះឯង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |