Reading Article
Public date : 25, Jul 2019 (12,397 Read)
ចិត្តមួយថ្លើមមួយ

|
កូនជាទីស្រឡាញ់! ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យសន្យាថាស្មោះត្រង់ដល់គ្នា តាំងតែពីដំបូងមកនោះឯង ។ សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោរមាស ចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជា ការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ការបរិច្ចាគលះបង់ ការទូន្មានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈ ។
ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី ជាហេតុធ្វើឲ្យគ្រួសាររស់នៅសុខ មិនឈ្លោះប្រកែកទាស់ទែងលែងលះគ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើមដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវចាប់យកនូវការស្មោះត្រង់នេះមករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាង ។ បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ និងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខានដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់ចិត្តគ្នា ។ មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់ រក្សាមិនបានទៅហើយ តើត្រូវការអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅ ហើយនឹងត្រូវការសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្តនិងយសសិរី របស់មនុស្សយើងនោះ គឺចាប់ផ្តើមពីសច្ចៈនេះឯង ។ មានតែមនុស្សដែលរក្សានូវសច្ចៈ មានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងអ្នកដទៃនោះ ជាការលំបាកនឹងឲ្យជឿណាស់ ។ គ្រប់ទីកន្លែង ដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឳនកិត្តិយស ខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយ ហើយទៅរំលែកចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្រ្តីខ្មែរ ....។ បើកូនប្រុសស្រី មានបំណងចង់ជួបភរិយាស្វាមី ឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរមសុខគឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នាមានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឳ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |