Reading Article
Public date : 24, Jul 2019 (13,206 Read)
អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង

|
រឿងស្វាពោធិសត្វ
(ចាក វា. ឯ.) (អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង) ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិ ជាស្វាមានរូបធំស្រមូវ មានកម្លាំងខ្លាំងដូចដំរីស្តរ បានដើរទៅមាត់ស្ទឹងឃើញកោះមួយ ដែលបរិបូណ៍ដោយរុក្ខជាតិមានផ្លែ ក៏លោតអំពីមាត់ស្ទឹង ទៅជាន់ដុំថ្មមួយកណ្តាលស្ទឹង ហើយលោកអំពីដុំថ្មនោះទៅកោះ បេះផ្លែឈើផ្សេងៗបរិភោគតាមប្រាថ្នា ដល់វេលាល្ងាច ត្រឡប់មកលំនៅរបស់ខ្លួនវិញ ។ ស្វាពោធិសត្វតែងលោតទៅមកយ៉ាងនេះជារាល់ថ្ងៃ ។ ក្នុងស្ទឹងនោះ មានក្រពើញីឈ្មោលមួយគួរ ក្រពើញីមានផ្ទៃពោះ បានឃើញព្រះពោធិសត្វ លោតឆ្លងទៅមកដូច្នោះ ក៏កើតចំណង់ចង់ស៊ីថ្លើមស្វាពោធិសត្វ ទើបប្រាប់ដល់ប្តីថា ខ្ញុំចង់ស៊ីថ្លើមស្វានេះ ។ ក្រពើរឈ្មោល ក៏និយាយថា មិនក្រអ្វីទេ ចាំបងចាប់យកឲ្យស៊ីល្ងាចនេះ ។ និយាយហើយក៏ឡើងទៅដេកទ្រាបលើដុំថ្ម ដែលស្វាពោធិសត្វតែងលោតទៅជាន់ ។ ដល់វេលាល្ងាច ស្វាពោធិសត្វមកវិញ ឈរនៅមាត់កោះ សម្លឹងមើលដុំថ្មដែលធ្លាប់លោតឃើញខ្ពស់ផុតពីទឹកជាងមុន ទើបរំពឹងថានឹងមានហេតុផលយ៉ាងណាអេះ ទឹកក្នុងស្ទឹងនេះមិនមែនស្រក និងមិនមែនឡើងខុសប្រក្រតីទេ ចុះហេតុអ្វីដុំថ្មនេះខ្ពស់ជាងមុនប្រហែលជាក្រពើរធ្វើបន្លំចាំស៊ីអញហើយ ។ ពោធិសត្វគិតពិសោធន៍ឲ្យដឹងច្បាស់ ទើបហៅដុំថ្មថា ដុំថ្មអើយដុំថ្ម ! ហៅយ៉ាងនេះបីដង ទើបនិយាយនឹងដុំថ្មទៀតថា នែដុំថ្មអើយ ថ្ងៃនេះហេតុដូចម្តេច ក៏ឆ្មើងមិននិយាយឆ្លើយឆ្លងគ្នាសោះ ។ ឯក្រពើបានឮដូច្នោះគិតថា " ដុំថ្ម ធ្លាប់និយាយឆ្លើយឆ្លងនឹងស្វាពីថ្ងៃមុនៗមក " ក៏ឆ្លើយជំនួសថ្មថា ហៅអញធ្វើអ្វីបងស្វា ? ពោធិសត្វស្គាល់ ជាក់ជាក្រពើទើបសួរថា អ្នកណាឆ្លើយសម្លេងប្លែក ? ក្រពើថាអញ ! ស្វាថាចុះអ្នកមកក្រាបលើដុំថ្មនេះធ្វើអ្វី ? ក្រពើថាយើងត្រូវការថ្លើមរបស់អ្នក ទើបមកក្រាបនៅទីនេះ ។ ព្រះពោធិសត្វគិតថាផ្លូវដទៃក្រៅអំពីនេះមិនមាន បើដូច្នោះអញ ត្រូវលួងចិត្តក្រពើនេះ គិតហើយនិយាយថា បងសម្លាញ់ក្រពើរ ! យើងឲ្យថ្លើមដល់អ្នក ចូរអ្នកហាមាត់ចាំចុះយើងនឹងលោតចូលទៅក្នុងមាត់តែម្តង ។ ធម្មតាសត្វក្រពើ កាលបើហាមាត់ហើយតែងបិទភ្នែក. ក្រពើក៏ហាមាត់បិទភ្នែកចាំ ។ ព្រះពោធិសត្វ ក៏លោតអំពីកោះទៅជាន់ក្បាលក្រពើ ហើយលោតទៅមាត់ស្ទឹងក្រពើឃើញដូច្នោះគិតថា ស្វានេះអង់អាចជាបណ្ឌិតបរិបូណ៍ដោយគុណធម៌ ទើបសូត្រពាក្យស្លោកថាៈ យស្សេតេ ចតុតេ ធម្មា វានរិន្ទ យថា តរ សច្ចំ ធម្មោ គីតំ ចាគោ ទិដ្ឋំ សោ អតិរត្តតិ ប្រែថា បពិត្រស្តេចស្វា ធម៌ទាំងឡាយបួនយ៉ាងនេះគឺ សច្ច ១. ធម្ម ១. ធិតិ ១. ចាគ ១. មានដល់បុគ្គលណាដែលដូចលោក បុគ្គលនោះតែងបង្ក្រាបនូវខ្មាំងបាន។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |