Reading Article
Public date : 24, Jul 2019 (43,929 Read)
អ្នកមានសមគ្គីរួបរួមគ្នា តែងរួចចាកភយន្តរាយ

|
រឿងប្រើស និងព្រានព្រៃ
(ចាក ក. ទុ.) (អ្នកមានសមគ្គីរួបរួមគ្នា តែងរួចចាកភយន្តរាយ) កាលកន្លងទៅហើយមានសត្វប្រើស ១ អណ្តើក ១ រងាវកក ១ ជាសម្លាញ់នឹងគ្នា នៅអាស្រ័យក្នុងព្រៃហេមពាន្ត. អណ្តើកនៅក្នុងស្រះ រងារកកនៅលើចុងឈើក្បែរស្រះនោះដែរ ។ សម័យមួយមានព្រានម្នាក់ ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើងប្រើសចុះផឹកទឹកស្រះនោះថ្មីៗ ក៏យកអន្ទាក់ព្រ័ត្រ ៣ ឆ្លុងដាក់ក្បែរកំពង់ទឹកនោះ លុះដល់បឋមយាមរាត្រីប្រើសចុះទៅផឹកទឹក ក៏ជាប់អន្ទាក់នោះបង្រាសរើមិនរួច ក៏ស្រែកយ៉ាងខ្លាំងឮដល់ទៅអណ្តើក និងរងាវកក សត្វទាំងពីរនោះ ក៏បានមកជួបជុំគ្នាគិតរកឧបាយជួយដោះ ។ ឯរងាវកកនិយាយនឹងអណ្តើកថា នែអណ្តើក ឥឡូវប្រើសសម្លញ់យើងមានគ្រោះថ្នាក់ជាប់អន្ទាក់គេហើយ តើឯងគិតដូចម្តេច ? អណ្តើកថា អញទាល់គំនិតមិនដឹងគិតផ្លូវណាទេ ។ រងាវកកថា "បើដូច្នោះសម្លាញ់ឯងសុខចិត្តធ្វើតាមអញទេ ? អណ្តើកថា អញធ្វើតាម. អើអណ្តើកឯងមានធ្មេញរឹងប៉ឹងគ្រាន់បើ ចូរឯងទៅខាំខ្សែអន្ទាក់នោះចុះ ឯខ្លួនអញគ្មានធ្មេញទេ មានតែចំពុះចាំអញអ្នករារាំងដំណើរព្រាន មិនឲ្យមកដល់ឆាប់ តើឯងយល់ព្រមឬទេ ? "អណ្តើកថា ល្អហើយអញឥតយល់ទាស់ទេ ប៉ុន្តែថប់ក្រែងខាំខ្សែអន្ទាក់នោះក្រដាច់ ហើយស្រាប់តែព្រានមកដល់ ខ្លួនអញរត់មិនលឿន មុខជានឹងស្លាប់មិនខាន.រងវកកថាសម្លាញ់ឯងខំប្រឹងប្រែងទៅចុះ កុំរួញរា ទោះបីមិនសម្រេចដូចប្រាថ្នា ក៏គង់តែការនោះបានធូរខ្លះមិនខាន. អណ្តើកក៏វារខំប្រឹងខាំខ្សែអន្ទាក់នោះ ។ ចំណែកខាងរងវកក ក៏ហើរសំដៅទៅផ្ទះព្រាន លុះទៅដល់ក៏ទំលើចុងឈើក្បែរផ្ទះព្រាននោះ ដើម្បីឡើងឃ្លាំចាំមើល តើព្រាននឹងចេញទៅតាមផ្លូវណា ។ ព្រលឹមឡើងព្រានភ្ញាក់ពីដេកក្រោកលប់មុខមាត់ រួចចាប់យកលំពែងចេញដើរតាមទ្វារខាងកើតផ្ទះដើម្បីទៅមើលអន្ទាក់ រងាវកកឃើញហើយ ក៏ហើរស្ទាក់ឆាបមុខមាត់ព្រាននោះ មិនឲ្យធ្វើដំណើរទៅបាន ព្រានកើតមួម៉ៅក្តៅចិត្តស្រែកជេរថា អាសត្វកាឡកណ្ណី ហេតុអ្វីបានជាហើមកស្ទាក់មុខអញ ទំនងជាមានគ្រោះថ្នាក់ដល់អញទេដឹង ឬមួយយ៉ាងណា ?ដូច្នោះហើយ ក៏ត្រឡប់វិលទៅដេកឯផ្ទះវិញ មួយស្របក់ក្រោកឡើងកាន់លំពែងដើរចេញតាមទ្វារខាងលិចផ្ទះ ឯរងាកកឃើញហើយ ក៏ហើរទៅស្ទាក់ឆាបមុខមាត់ព្រាននោះទៀត ព្រានក្តៅចិត្តខ្លាំងពេកដើរទៅមិនរួច ក៏ត្រឡប់វិលទៅផ្ទះម្តងទៀតឈប់ចេញទៅក្នុងថ្ងៃនោះ ។ ស្លេះប៉ុណ្ណេះ នឹងនិយាយអំពីអណ្តើក ក្រោយដែលរងាវកកមកនោះ ក៏ខំប្រឹងខាំខ្សែអន្ទាក់ដរាបទាល់តែឈាមធ្មេញអស់ដាច់បានតែត្រឹមពីធ្លូងនៅសល់ ១ ធ្លុងនឿយហត់អស់កម្លាំង នឹងខំប្រឹងខាំតទៅទៀតមិនបាន ក៏ក្រាបដេកក្បែរអន្ទាក់នោះឯង ។ លុះដល់ព្រឹកឡើងព្រានភ្ញាក់ពីដេក ម្នីម្នាប្រវ៉ាចាប់យកលំពែងដើរចេញទៅ ប្រាថ្នានឹងទៅមើលអន្ទាក់ម្តងទៀត ។ វេលានោះរងាវកក ក៏ឈប់ហើរទៅឆាបមុខមាត់ព្រានទៀតព្រោះគិតថាយូរក្រែលដើរហើយ ល្មមអណ្តើកខាំខ្សែអន្ទាក់បាន ក៏ហើយទៅមុខព្រានដោយប្រញាប់ លុះទៅដល់ទើបសួរទៅអណ្តើកថា? វើយសំឡាញ់ ឯងខាំអន្ទាក់ដាច់ហើយនៅ ? អណ្តើកថាមិនទាន់បានដាច់អស់ទេសម្លាញ់ បានតែ ២ ធ្លុងនៅសល់ ១ ធ្លុងទៀត ឥឡូវឈាមហូរចេញអំពីមាត់អញ ៗ ខំប្រឹងខាំតទៅទៀតមិនបានទេ អស់កម្លាំងណាស់អញឈប់សំរាកបន្តិចសិន ។ រងាវកកថា ឈប់សំរាកឯណាបានព្រានជិតមកដល់ហើយ ។ អណ្តើកថាមិនដឹងធ្វើម្តេចទេអញខាំទៀតលែងកើតហើយ បើសម្លាញ់ឯងគ្រាន់បើជួយខាំអញបន្តិចទៅ ។ សត្វទាំងពីរកំពុងតែនិយាយគ្នា មិនយូរប៉ុន្មាន ក៏ស្រាប់តែព្រានទៅដល់ ឃើញប្រើសជាប់អន្ទាក់ដូច្នោះ កាន់លំពែងស្ទុះ ទៅបម្រុងនឹងចាក់ ។ ប្រើសភ័យណាស់ ក៏ប្រឹងលើកជើងកន្ទ្រាក់ខ្សែអន្ទាក់ដាច់អស់ ១ រំពេច ហើយបោលគេចចូលព្រៃ ព្រានក៏នឹកតូចចិត្តពេក ក្រឡេកមើលទៅឃើញអណ្តើកដេកក្បែរទីនោះ ក៏ស្ទុះទៅចាប់រើសដាក់ក្នុងស្បោងយកទៅដាក់ពាក់លើដង្គត់ឈើ ។ ឯប្រើសងាកមើលមកក្រោយវិញ ឃើញព្រានចាប់អណ្តើកដាក់ក្នុងស្បោងយកទៅពាក់លើដង្គត់ឈើដូច្នោះ ក៏មានចិត្តអាណិត គិតថាឱសម្លាញ់អញកាលបើមានទុក្ខ ជួយដោះទុក្ខអញបាន ឥឡូវសម្លាញ់មានទុក្ខ ត្រូវតែអញជួយវិញ គិតដូច្នោះហើយ ធ្វើជាបោលតិចៗ បញ្ឆោតព្រាន ព្រានក៏រត់ដេញតាមប្រើសចូលក្នុងព្រៃជ្រៅ ទើបប្រើសរត់គេមកខាងក្រោយ បុកវ័ធស្បោងនោះដាច់ធ្លុះធ្លាយអណ្តើកដល់ដី ហើយពាំយកអណ្តើកចូលទៅក្នុងព្រៃបាត់ទៅ លុះព្រានរកប្រើសមិនឃើញ ត្រឡប់វិលមកវិញ បាត់អណ្តើកទៀត ក៏កើតទោមនស្សក្តៅចិត្តវិលត្រឡប់ទោផ្ទះវិញហោង ។ សត្វទាំងបី ក៏បានទៅជួបជុំគ្នា ស្រឡាញ់គ្នាត្រាតែអស់ជីវិតរៀងខ្លួន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |