Reading Article
Public date : 28, Jul 2019 (6,388 Read)
ត្រូវសង្គ្រោះកូនដោយសង្គហធម៌ ៥

|
ត្រូវសង្គ្រោះកូនដោយសង្គហធម៌ ៥
នៅក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ជាព្រះសាស្ដាក្នុងលោកទ្រង់ចង្អុលបង្ហាញនូវធម៌សង្គ្រោះ ៥ យ៉ាងដែលឪពុកម្ដាយត្រូវមានចំពោះកូន គឺ៖ ១- បាបា និវារេន្តិ ហាមឃាតកូនចាកអំពើអាក្រក់ ២- កល្យាណេ និវាសេន្តិ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ ៣- សិប្បំ សិក្ខាបេន្តិ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ ៤- បដិរូបេ ទារេន សញ្ញោជេន្តិ ដណ្ដឹងភរិយាស្វាមីឲ្យសមគួរដល់កូន។ ៥- សមយេ ទាយជ្ជំ និយ្យាទេន្តិ ចែកទ្រព្យឲ្យកូនក្នុងសម័យដ៏គួរ។ ព្រះបរមសម្មាសម្ពុទ្ធទ្រង់បានបង្ហាញអំពីគុណធម៌របស់ឪពុកម្ដាយចំពោះកូនគឺ ត្រូវហាមឃាត់មិនឲ្យកូនធ្វើអំពើបាបគ្រប់យ៉ាង មិនថា សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក ផឹកសុរានោះទេ ទោះបីអំពើបាបដទៃ ក៏ត្រូវហាមឃាត់ផងដែរ។ កាលហាមមិនឲ្យធ្វើបាប ត្រូវតែចេះជំរុញឲ្យកូនបំពេញកុសលធម៌ទាំងឡាយ មានការឲ្យទានរក្សាសីល ចម្រើនភាវនាជាដើម។ ដោយឡែកត្រូវផ្ដល់ចំណេះចេះដឹងឲ្យកូន ដើម្បីបានជាទីពឹងអាស្រ័យរបស់កូន។ ដល់កូនធំពេញរូបត្រូវចេះស្ដីដណ្ដឹងភរិយាស្វាមីឲ្យបានសមរម្យនិង តាមម្ចាស់ខ្លួនព្រមផង។ ទី ៥ ត្រូវចែកមត៌កល្មមសមគួរអាចយកទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន។ កាលឪពុកម្ដាយក្នុងលោកបានបំពេញភារកិច្ចទាំង ៥ នេះបាន ទើបសមជាមេគ្រួសារដ៏ល្អ និង ជាឪពុកម្ដាយដ៏ល្អរបស់កូន។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |