Reading Article
Public date : 28, Jul 2019 (12,039 Read)
ផែនដី

|
អ្នកណាៗ ដាក់ចុះទម្លាក់ចោលនូវរបស់ស្អាត ឬមិនស្អាតយ៉ាងណា ផែនដីក៏រមែងនៅស្ងៀមមានសភាពស្មើៗជានិច្ច មិនមានការស្រលាញ់ ឬស្អប់ឡើយ ក៏ដូចជាមនុស្សដែលមានចិត្តបានអប់រំទូន្មានហើយ រមែងមិនមាននូវអាការឡើងចុះ គឺមិនស្រឡាញ់មិនស្អប់ចំពោះអារម្មណ៍ល្អ ឬមិនល្អនោះឡើយ។
ផែនដីរមែងទ្រទ្រង់នូវអ្វីៗសព្វយ៉ាង ដូចជាផ្ទះសំបែងទីកន្លែង ដើមឈើ ព្រៃភ្នំ ទន្លេសមុទ្រ និងមនុស្សសត្វជាដើម ដោយមិនមានការខ្ជិលច្រអូសណាមួយទេ ក៏ដូចជាការមិនខ្ជិលច្រអូសនៃមនុស្សល្អ ព្យាយាមបំពេញនូវករណីកិច្ចក៏ប្រសើរទាំងឡាយ ទៅតាមតួនាទីរបស់ខ្លួន និងជាមនុស្សដែលមានសមត្ថភាពខ្ពស់ អាចជាទីអាស្រ័យនៅ នៃមនុស្សសត្វទាំងឡាយដទៃបានយ៉ាងច្រើនទៀតផង។ ធម្មៈ គឺធម្មជាតិបានបង្រៀននូវសេចក្ដីពិត ឲ្យយើងបានសិក្សាគ្រប់ពេលវេលា ត្រូវទៅតាមព្រះធម៌ដែលព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែង ។ ភិក្ខុណាមានចិត្តស្មើដោយផែនដី ប្រៀបដូចជាសសរខឿន មានគោលជំហររឹងប៉ឹង មានវត្តប្រតិបត្តិល្អ មានកិលេសដូចជាភក់ទៅប្រាសហើយ ដូចជាទន្លេដែលមិនកករល្អក់យ៉ាងនោះឯង មិនមានស្រលាញ់ មិនមានស្អប់។ សង្សារវដ្ដទាំងឡាយនឹងមិនមានដល់ភិក្ខុ ដែលមានគោលជំហររឹងប៉ឹងយ៉ាងនេះឡើយ។ ធ្ងន់ណែននឹងធឹងដូចផែនដី មិនមានជាប់អ្វីដូចអាកាស ស្ងប់ស្ងៀមត្រជាក់សែនស្រឡះ គឺសុខពិតណាស់ចិត្តអប់រំ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |