Reading Article
Public date : 28, Jul 2019 (11,901 Read)
លោកធម្មសូត្រទី៥

|
លោកធម្មសូត្រទី៥
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង៨ នេះដែរ។ លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាម នូវលោកធម៌ទាំង ៨ យ៉ាងនេះដែរ។ លោតោ អលោតោ ច យសាយសោ ច និន្ទា បសំសា ច សុខំ ទុក្ខញ្ច ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ឯតេ អនិច្ចា មនុជេសុ ធម្មា អសស្សតា វិបរិណាមធម្មា ជាធម៌មិនទៀង ក្នុងមនុស្សជាតិទាំងឡាយ ជាធម៌មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា ឯតេ ច ញត្វា សតិមា សុមេធោ អវេក្ខតិ វិបរិណាមធម្មេ ចំណែកបុគ្គលអ្នកមានប្រាជ្ញា មានស្មារតី លុះដឹងនូវធម៌ទាំងនេះហើយ រមែងពិចារណា នូវធម៌ដែលមានសេចក្ដីប្រែប្រួលជាធម្មតា ឥដ្ឋស្ស ធម្មា ន មថេន្តិ មិត្តំ អនិដ្ឋតោ នោ បដិឃាតមេតិ ឥដ្ឋារម្មណ៍ទាំងឡាយ រមែងមិនញាំញីនូវចិត្តរបស់បុគ្គលនោះបាន ទាំងអនិដ្ឋារម្មណ៍ ក៏មិនអាចប៉ះទង្គិចបាន តស្សានុរោធា អថ វា វារោធា វិធូបិតា អត្ថគតា ន សន្តិ សេចក្ដីត្រេកអរ ឬថា សេចក្ដីថ្នាំងថ្នាក់ចិត្ត ក៏បុគ្គលនោះបានកម្ចាត់បង់ហើយ ដល់នូវសេក្ដីវិនាស មិនមានតទៅទៀតឡើយ បទញ្ច ញត្វា វិរជំ អសោកំ សម្មប្បជានាតិ ភវស្ស បារគូតិ។ បុគ្គលអ្នកដល់ នូវត្រើយនៃភពរមែងដឹងច្បាស់ដោយប្រពៃ ព្រោះដឹងច្បាស់នូវបទ គឺព្រះនិព្វាន ដែលមិនមានធូលីគឺកិលេស មិនមានសេចក្ដីសោក។ ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌ ដោយ៥០០០ឆ្នាំ |