Reading Article
Public date : 28, Jul 2019 (12,340 Read)
មិននិយាយកុហក

|
សីលទី៤នេះ ព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឲ្យនិយាយកុហក ហើយឲ្យនិយាយតែពាក្យពិត មានប្រយោជន៍ ជាពាក្យពិរោះទន់ភ្លន់ សុភាពរាប់សារ ដើម្បីអោយមនុស្សសាងប្រយោជន៍ដោយពាក្យសម្ដី និង សាងមិត្តភាពរវាងគ្នានិងគ្នា ព្រោះមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការមិននិយាយកុហក គឺជាការឲ្យនូវការពិតត្រង់ដល់អ្នកដទៃ ឲ្យនូវការមិនវង្វេងភាន់ច្រឡំ អ្នកដែលនិយាយពាក្យពិត គឺមានសំដីដូចជាផ្កាមានក្លិនក្រអូបឲ្យតែរបូតចេញពីមាត់កាលណា អ្នកផងតែងរើសយកជាគ្រឿងប្រដាប់កាយ ដូចជាវាចារបស់ព្រះសម្មាសម្ពុទ្ធ ថ្វីបើពេលវេលាកន្លងទៅជាង ២៥៤០ឆ្នាំ ទៅដោយក៏ដោយ ក៏នៅតែមានក្លិនក្រអូបដដែល នៅតែមានមនុស្សម្នាជាច្រើនត្រូវការ ប្រាថ្នាចង់ស្ដាប់ ព្រោះជាវាចាពិតឥតក្លែងក្លាយ។
គួរហាត់និយាយតែវាចាល្អៗ មានប្រយោជន៍ដល់អ្នកស្ដាប់ដែលជាវាចាសុភាសិត ព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យមនុស្សនិយាយនូវវាចាល្អ ៥ យ៉ាងគឺៈ ១- ស្គាល់ពេលវេលាដែលគួរនិយាយ។ ២- និយាយពាក្យពិតតាមដែលដឹង ប៉ុន្តែត្រូវស្គាល់កាល ស្គាល់បុគ្គល ស្គាល់បរិស័ទដែល ត្រូវនិយាយ។ ៣- និយាយពាក្យពិរោះ សុភាពរាបសារ មិនទ្រគោះបោះបោក។ ៤- និយាយពាក្យមានប្រយោជន៍ ធ្វើឲ្យអ្នកស្ដាប់ស្ងប់រំងាប់ចិត្ត សូម្បីតែនិយាយបន្តិចបន្តួចក៏ដោយ។ ៥- និយាយប្រកបដោយចិត្តមេត្តាពិតៗ ចិត្តមានមេត្តាគឺ ជាចិត្តសប្បុរស ជាចិត្តមិនចង្អៀតចង្អល់ ជាចិត្តធំទូលាយ តែងអនុគ្រោះនូវប្រយោជន៍ដល់សត្វលោកចង់ឲ្យសត្វលោកបាននូវសេចក្ដីសុខ រួចផុតចាកក្ដីទុក្ខទាំងពួង។ សូមអោយមនុស្សគ្រប់គ្នា ធ្វើខ្លួនឯងអោយជាឧបមាថាអាត្មាអញមិនត្រូវការពាក្យកុហកអំពីអ្នកដទៃយ៉ាងណា អ្នកដទៃក៏មិនត្រូវការពាក្យកុហកអីអាត្មាអញយ៉ាងនោះដែរ ដូច្នេះអាត្មាអញត្រូវតែជាអ្នកមានសីល គឺវៀរចាកការនិយាយកុហក ធ្វើឲ្យជាទីទុកចិត្តនៃអ្នកដទៃ ការនិយាយពាក្យពិត គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយនូវរឿយច្របូកច្របល់ក្នុងសង្គមជាតិ ធ្វើឲ្យជាតិរុងរឿង ក៏ដោយសារពលរដ្ឋមាននូវសច្ចៈធម៌។ សច្ចំ វេ អមតា វាចា ព្រះពុទ្ធទ្រង់ត្រាស់ថាជាពាក្យមិនស្លាប់ ព្រោះសច្ចៈពិតមានឫទ្ធិចំណាប់ អ្នកផងចង់ស្ដាប់ហើយជឿទុកចិត្ត។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌ ដោយ៥០០០ឆ្នាំ |