Reading Article
Public date : 28, Jul 2019 (9,673 Read)
ហាមឃាត់មិត្តកុំឲ្យប្រព្រឹត្តធ្វើនូវអំពើអាក្រក់

|
បាបា និវារេតិ ហាមឃាត់មិត្តកុំឲ្យប្រព្រឹត្តធ្វើនូវអំពើអាក្រក់ ប្រៀបដូចជាជួយឃាត់ផ្លូវកុំឲ្យទៅតំបន់ខ្មាំងសត្រូវ ឬទៅកាន់ចំការមីន ដូច្នោះដែរ ។ បុគ្គលគប្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ដូចជាពួកឈ្មួញដែលមានទ្រព្យច្រើន មានគ្នាតិច គេចវាងយ៉ាងឆ្ងាយអំពីផ្លូវដែលមានចោរប្លន់ ឬក៏ដូចជាបុគ្គលដែលស្រលាញ់ការរស់ ចៀសវាងនូវថ្នាំពិស យ៉ាងនោះឯង។
បុគ្គលអ្នកចម្រើនបញ្ញា បានឃើញនូវភពបី ដូចជាព្រៃដែលមានចោរប្លន់ ក៏ប្រញាប់រូតរះជំរះផ្លូវទៅកាន់ព្រះនិព្វាន ដែលជាផ្លូវគេចចេញអំពីភពបី ។ ការយកឈ្នះលើខ្លួនឯង ដែលជាអ្នកធ្វើអាក្រក់ សៅហ្មងដោយកិលេស មាយាពុតត្បុត ក្រេវក្រោធឃោរឃៅ ទើបជាការប្រសើរ ចំណែកការឈ្នះលើអ្នកដទៃ មានអ្វីនឹងប្រសើរទៅបាននុះព្រោះថា កាលបើបុគ្គលអប់រំខ្លួនបានល្អហើយ មានប្រក្រតីសង្រួមជាប់ជានិច្ច ដូច្នេះ សូម្បីទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម ក៏មិនអាចធ្វើនូវជ័យជំនះនៃបុគ្គលនោះ ឲ្យត្រឡប់ទៅជាបរាជ័យវិញបានឡើយ។ អ្នកស្រែ អាចធ្វើប្រឡាយទឹកបង្ហូរទឹក អំពីទីទួលមកទីទាបតាមការពេញចិត្ត អ្នកធ្វើព្រួញ រមែងពត់ព្រួញឲ្យត្រង់ ជាងឈើធ្វើរទេះ រមែងដាប់ចាំងអារឈូសនូវឈើនោះៗ ឲ្យត្រង់ឬឲ្យកោងតាមដោយទព្វសម្ភារៈដែលត្រូវធ្វើ បណ្ឌិតកាន់យកនិមិត្តទាំងអស់នេះ មកជាអារម្មណ៍ក្នុងការពិចារណា ក៏ធ្វើការទូន្មានចិត្តឲ្យសម្រេចបាន ព្រោះថា ទឹកក្ដី ឈើធ្វើព្រួញក្ដី ឈើធ្វើរទេះក្ដី សុទ្ធតែមិនមានចិត្ត ប៉ុន្តែគេអាចបង្ហូរ ពត់ឲ្យត្រង់ និងចាំដាប់នូវវត្ថុនោះៗ បានតាមប្រាថ្នា ឯចំណែកមនុស្សមានទាំងកាយ មានទាំងចិត្តដោយពិត ដូចម្តេចមិនអាចធ្វើចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅក្នុងអំណាច ហើយបំពេញនូវធម៌ស្ងប់បាននោះ ព្រោះហេតុដូច្នេះទើបបណ្ឌិតអាចទូន្មានខ្លួនឯងបាន ការទូន្មានខ្លួនឯងបាន ទើបជាមនុស្សប្រសើរ គឺប្រសើរក្រៃលែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |