Reading Article
Public date : 29, Jul 2019 (17,100 Read)
សទ្ធា

|
សទ្ធ
សទ្ធា គឺការជឿ ការចុះចិត្តស៊ប់ ការដោតជាប់ដោយចិត្ត ព្រោះបានពិចារណាឃើញហេតុផលដោយបញ្ញា។ មានការចែកជា ៣ ផ្នែកៈ
១- ការជឿ ការចុះស៊ប់ដោតជាប់ទៅក្នុងព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គជាបុគ្គលគំរូ។ ព្រះអង្គទ្រង់បានអះអាងចំពោះសមត្ថភាពរបស់មនុស្សថា មនុស្សអាចត្រាស់ដឹងនូវសច្ចធម៌ គឺចូលដល់ការពិត និងសេចក្ដីល្អដ៏ខ្ពង់ខ្ពស់បំផុតបាន ដោយសតិបញ្ញា និងសេចក្ដីព្យាយាមរបស់មនុស្សខ្លួនឯង។ មនុស្សជាសត្វដែលអាចហ្វឹកហាត់បាន អាចមានការចម្រើនឡើងបាន ទាំងផ្នែករបៀបរបបនៃជីវិតដែលមានទំនាក់ទំនងជាមួយសង្គម ប្រព្រឹត្តទៅដោយកាយដោយវាចា ទាំងក្នុងផ្នែកគុណធម៌ដែលគប្បីអប់រំឲ្យចាស់ក្លាឡើងក្នុងសន្ដានចិត្ត ទាំងក្នុងផ្នែកបញ្ញាចាក់ធ្លុះយល់ដឹងនូវហេតុផល រហូតអាចរួចផុតចាកគ្រឿងចងគឺកិលេសនិងទារុណកម្មគឺកងទុក្ខ។ ការដែលធ្វើទុក្ខឲ្យអស់ទៅ ព្រមទាំងបានជួបប្រសព្វនូវភាពជាឥស្សរៈក្នុងចិត្ត និងរួចផុតពីទាសភាពសភាពបែបនេះ រមែងមិនមានសត្វវិសេសណាៗ មានទេវតាមារព្រហ្មជាដើម ដែលអាចមានសមត្ថភាពនិងបានប្រសើរជាងមនុស្សឡើង។ មនុស្សដែលបានហ្វឹកហាត់រហូតដល់បានសម្រេចនូវភាវៈដ៏ខ្ពង់ខ្ពស់ហើយ រមែងមានគុណវិសេសដ៏អស្ចារ្យ ដែលសមគួរនឹងដើរតាមនៃបុគ្គលទាំងឡាយ។ កាលបើមនុស្សមានការជឿជាក់មាំទាំក្នុងចិត្តចំពោះសមត្ថភាពដូចដែលពោលមកខាងលើនេះ ក៏គួរតែព្យាយាមបដិបត្តិ សាងគុណវិសេសនោះឲ្យចម្រើនឡើងក្នុងខ្លួន ឬគួរបដិបត្តិឲ្យបានចូលដល់ធម៌ ដែលព្រះសម្មាសម្ពុទ្ធជាអង្គគំរូ បានស្វែងរកជួបប្រទះ និងនាំយកមកសម្ដែងទុកនៅរហូតដល់សព្វថ្ងៃ។ ២-ការជឿ ការចុះចិត្តស៊ប់ដោតជាប់ទៅក្នុងព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទុកមកនោះឯង ព្រមទាំងព្រះធម៌ដែលទ្រទ្រង់សត្វឲ្យរួចផុតចាកទុក្ខ។ ធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង និងត្រាស់សម្ដែង គឺជាភាវៈដែលប្រព្រឹត្តទៅតាមធម្មតា ពោលគឺជាទំនៀមនៃហេតុផល ដែលយើងតែងហៅថា ច្បាប់នៃធម្មជាតិ។ ធម្មជាតិដែលជាការពិតនៃហេតុផល មានក្នុងជីវិតនៃសត្វលោក កាលណាបើបុគ្គលអប់រំនូវបញ្ញាបានចាស់ក្លាហើយ បានឃើញច្បាស់នូវធម្មជាតិនោះដោយខ្លួនឯងរមែងដោះស្រាយបាននូវបញ្ញា រំលត់ទុក្ខក្នុងសន្ដាន បានដល់នូវទីបំផុតទុក្ខ។ ៣- ការជឿ ការចុះចិត្តស៊ប់ដោតជាប់ទៅក្នុងព្រះសង្ឃ ដែលជាសង្គមនៃមនុស្សមានការឋិតនៅក្នុងធម៌វិន័យ ឬថាជាសង្គមនៃមនុស្សដែលប្រាសចាកទុក្ខ។ ក្នុងលោកមានព្រះសង្ឃ ជាការបញ្ជាក់ឲ្យឃើញថា មនុស្សទូទៅអាចមានសមត្ថភាពធ្វើឲ្យសម្រេចបាននូវគុណធម៌ខ្ពង់ខ្ពស់ បានចូលដល់ការពិត រួចផុតពីទុក្ខកង្វល់ ដូចព្រះសម្មាសម្ពុទ្ធជាអង្គគំរូដែរ ប៉ុន្តែ ត្រូវតែជាមនុស្សដែលមានឧបនិស្ស័យល្អ និងព្យាយាមហ្វឹកហាត់ដោយសេចក្ដីមិនប្រមាទ។ សង្គមមនុស្សដ៏យ៉ាងល្អបែបនេះ កើតឡើងនិងប្រព្រឹត្តទៅបាន ក៏ដោយអាស្រ័យការប្រព្រឹត្តល្អឥតខ្ចោះនៃបុគ្គលមានគុណធម៌ជាខ្លឹមនៃជីវិត។ មនុស្សយើងគួរតែលើកតម្កើងនូវសង្គមបែបនេះឯង គួរថែរក្សានិងចូលរួមដោយខ្លួនឯងផ្ទាល់។ បុគ្គលដែលមាននូវសទ្ធាជឿគុណព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃ ដូចដែលបានពោលមកហើយនេះ រមែងជឿជាក់នៅក្នុងកម្មគឺការធ្វើ និងជឿជាក់ក្នុងផលរបស់កម្មដែលប្រព្រឹត្តទៅជាទំនៀមនៃហេតុផល ព្រោះថាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សុទ្ធតែមានហេតុផលទាំងអស់។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |