Reading Article
Public date : 29, Jul 2019 (12,246 Read)
ប្រើសជាមួយគុម្ភព្រៃ

|
ប្រើសជាមួយគុម្ភព្រៃ
មានសត្វប្រើសមួយ ត្រូវនាយព្រានដេញប្រហារ ក៏ខំប្រឹងរត់គេចពួន បានចូលអែបទៅនឹងគុម្ពព្រៃមួយ។ ដោយផុតពីក្រសែភ្នែករបស់ព្រាន ធ្វើឲ្យព្រានរត់ដេញហួសអំពីទីនោះទៅ។ ប្រើសមានការសប្បាយចិត្ត ព្រោះគិតថា បានរួចផុតពីភ័យហើយ ទើបបេះស៊ីស្លឹកឈើនៃគុម្ពព្រៃនោះឯងស៊ីរហូតទាល់តែគុម្ពព្រៃស្រឡះ អាចមើលឃើញខ្លួនឯងបានច្បាស់ពីផ្លូវដើរមក។ ដល់ពេលល្មម នាយព្រានដើរមកវិញតាមផ្លូវដដែលទាំងខកចិត្ត ត្បិតដេញប្រើសមិនទាន់ លុះមកដល់ទីនោះ ដាក់ភ្នែកទៅឃើញប្រើស ក៏លាន់មាត់ថា <<យើះ អាដែងនេះ នៅទីនេះទេតើ>>។ ប្រើសឃើញព្រានម្ដងទៀត ខំប្រឹងគេច តែវាកៀកជិតណាស់ទៅហើយ នាយព្រានទាញព្រួញបាញ់ប្រឹបត្រូវប្រើសដួលស្លាប់ តែមុននឹងស្លាប់ក៏បាននឹកដល់ទោសដែលខ្លួនទម្លាយនូវគុម្ពព្រៃ ទើបប្រើសប្រដៅខ្លួនឯងថា <<នេះឯង ទោសនៃការទម្លាយរបស់ដែលមានគុណ>>។ គតិចាករឿងនេះ ដាស់តឿនចិត្តឲ្យមនុស្សយើងគិតដល់ឧបការៈនៃអ្នកមានគុណរបស់ខ្លួន ហើយមិនទម្លាយឬប្រទូសរ៉ាយចំពោះគុណឡើយ។ បើពោលឲ្យទូលាយទៅ អ្នកមានគុណដល់ខ្លួននោះមានអ្នកធំ មានទាំងអ្នកតូច។ នឹកគិតថា អ្នកតូចជាបុគ្គលប្រាស់ចាកនូវសេចក្ដីសំខាន់មិនបានឡើយ ព្រោះដែលអាចបានអ្នកធំ ក៏មកអំពីអ្នកតូចដែរ ឬថា ជាចៅហ្វាយនាយរបស់គេទៅបាន ក៏ត្រូវតែមានទោសកម្មករហ្នឹងឯង។ តាមផ្លូវលោក តែងអប់រំឲ្យអ្នកតូច នឹកដល់គុណរបស់អ្នកធំជាប្រមាណ តែតាមផ្លូវធម៌ មានការរំលឹកឲ្យអ្នកធំព្យាយាមគិតដល់គុណរបស់អ្នកតូច ព្រោះថាជាអ្នកលើកតម្កើង ជួយទំនុកបម្រុង និងបម្រើឲ្យដល់ខ្លួនជាអ្នកធំយ៉ាងជិត និងដិតដល់ជាទីបំផុត ដូច្នោះ កាលបើពោលដល់បុគ្គលអ្នកមានគុណ រមែងមានទាំងអ្នកធំ និងទាំងតូចមិនមែនមានចំពោះតែអ្នកធំប៉ុណ្ណោះឡើយ។ ការទម្លាយអ្នកតូច ដោយការច្រណែនក្ដី ដោយព្យាបាទក្ដី ឬដោយអំណាចនៃអគតិក្ដី ស្មើគ្នានឹងការទម្លាយខ្លួនឯង ឬទុកដូចការកាត់ដៃ កាត់ជើងខ្លួនឯងចោល។ ដូច្នេះកុំឲ្យដូចជាសត្វប្រើស ដែលសប្បាយចិត្តពេកហើយបរិភោគស្លឹកឈើ សឹងដែលជាទីកំបាំងរបស់ខ្លួនទើបត្រូវស្លាប់ ព្រោះធ្វើឲ្យនាយព្រានមើលឃើញរូបកាយបានយ៉ាងច្បាស់នោះឡើយ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |