Reading Article
Public date : 29, Jul 2019 (26,703 Read)
បុគ្គលអ្នកធ្វើបុណ្យបានផលឃើញនឹងភ្នែក ៦ រូបគឺ

|
បុគ្គលអ្នកធ្វើបុណ្យបានផលឃើញនឹងភ្នែក ៦ រូបគឺ
១- នាយបុណ្ណទាសីនោះ បានថ្វាយភត្តាហារដល់ព្រះសារីបុត្តត្ថេរ ក៏បានជាបុណ្ណកសេដ្ឋីក្នុងថ្ងៃថ្វាយភត្តាហារនុះឯង។ ២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈនោះទៅទិញអាហារបិណ្ឌបាត ថ្វាយដល់ព្រះមហាកច្ចាយនត្ថេរ ក៏បានផលជាទិដ្ឋធម្មវេទនីយកម្ម បានជាអគ្គមហាសីរបស់ព្រះបាទចណ្ឌប្បជ្ជោត ក្នុងថ្ងៃដែលថ្វាយអាហារបិណ្ឌបាតនោះ... តមកព្រះអគ្គមហេសីមានព្រះរាជឱរសមួយព្រះអង្គទ្រង់ព្រះនាមថា គោបាលកុមារ ព្រះរាជទានព្រះនាមនេះឲ្យដូចជាលោកមហាសេដ្ឋីដែលជាតា... តអំពីនោះជាដើមមកព្រះអគ្គមហេសីក៏មានព្រះនាមថ្មីថា ព្រះនាងគោបាលមាតា។ ៣- នាងសុប្បិយាឧបាសិកា បានកាត់យកសាច់ផ្លូវរបស់ខ្លួនឯងធ្វើជាអាហារថ្វាយដល់ភិក្ខុដែលមានអាពាធ ក៏បានផលជាទិដ្ឋធម្មវេទនីយកម្ម ព្រឹកឡើងថ្ងៃទីពីរដំបៅដែលកាត់នោះក៏ជាសះភ្លាមអត់មានស្នាម។ ៤- នាងមល្លិកានោះ បានថ្វាយនំសណ្ដែកមួយដុំ ដល់ព្រះមានព្រះភាគ ក៏បានផលជាទិដ្ឋធម្មវេទនីយកកម្មឃើញជាក់ច្បាស់ភ្លាមៗ គឺបានជាអគ្គមហេសី របស់ព្រះបាទកោសលក្នុងថ្ងៃថ្វាយទាននុះឯង។ ៥- នាយសុមនមាលាការនោះ បានផ្កាម្លិះ ៨ ក្ដាប់រោយរាយបូជាព្រះបរមលោកនាថ ក៏បានផល ជាទិដ្ឋធម្មវេទនីយកម្ម ឃើញជាក់ច្បាស់ ភ្លាមៗគឺបានសម្បត្តិយ៉ាងច្រើនដែលជារបស់ព្រះរាជាប្រទាន។ ៦- ឯកសាដកព្រាហ្មណ៍នោះ មានសំពត់ដណ្ដប់មួយផ្ទាំង យកសំពត់ដណ្ដប់មួយផ្ទាំងនោះបូជាដល់ព្រះសម្មាសម្ពុទ្ធ ព្រះរាជាក៏ទ្រង់ព្រះរាជទានរបស់ទាំងឡាយទាំងពួងម្ដង ៨ មុខៗក្នុងថ្ងៃថ្វាយទាននុះឯង (ពីរនាក់ប្ដី ប្រពន្ធ មានសំពត់ដណ្ដប់តែមួយផ្ទាំង សំពត់ស្លៀកមួយផ្ទាំង បើនឹងថ្វាយបានក៏ជាវេលាយូរ រមែងត្រូវទូន្មានចិត្តកំណាញ់ រហូតកាត់ចិត្តបានក៏យូរដែរ)។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |