Reading Article
Public date : 02, Dec 2022 (16,976 Read)
បុគ្គលមកដើម្បី្របយោជន៍ណា គួរគប្បីបំពេញធ្វើនូវប្រយោជន៍នោះ

|
បុគ្គលមកដើម្បី្របយោជន៍ណា គួរគប្បីបំពេញធ្វើនូវប្រយោជន៍នោះ ការបដិសន្ធិជាមនុស្ស បាននាំយកមកនូវឧបនិស្ស័យ នៃបុណ្យកុសលដ៏ច្រើនដែលអាចបំពេញធ្វើបន្ថែមបានក្នុងកំណើតជាមនុស្សបច្ចុប្បន្ននេះ គឺជាកំណើតដែលកើតមកដើម្បីប្រយោជន៍ មិនមែនដូចកំណើត សត្វក្នុងអបាយភូមិដែលត្រូវបិទនូវឧបនិស្ស័យនៃបុណ្យ កុសល គឺពុំអាចបំពេញឱ្យសម្បូរបានក្នុងកំណើតដូច្នេះឡើយ ។
បុគ្គលគួរពិចារណា អំពីជាតិកំណើតនៅត្រង់កន្លែង ដែលសំខាន់ពិសេសជាងសត្វក្នុងអបាយភូមិ គឺអាចមានស្មារតី និង ឱកាសពេលវេលាធ្វើប្រយោជន៍បាន។ សូមកុំឱ្យឱកាស ពេលវេលានេះ កន្លងហួសទៅទទេឡើយ គួរគប្បីបំពេញធ្វើនូវប្រយោជន៍ គឺបុណ្យកុសលគ្រប់យ៉ាងដែលអាច ធ្វើបាន ដោយសេចក្តីព្យាយាម សូមឱ្យកុសលធម៌រស់ នៅជានិច្ច ក្នុងសន្តានចិត្ត ដោយសារការស្រោចទឹក គឺ ស្តាប់នូវព្រះសទ្ធម្ម ជានិច្ចជាកាល ។ ការស្តាប់នូវព្រះធម៌ គឺជាការទូន្មានចិត្តឱ្យចេះទទួលយកនូវបញ្ញា តាមរយៈនៃការស្តាប់ បញ្ញាជាប្រទីបធំ ជាប្រទីប ពិសេសសំរាប់បំភ្លឺលោក កំចាត់នូវភាពងងឹតគឺអវិជ្ជា ដូច្នេះ ពុទ្ធបរិស័ទគួរយកចិត្តទុកដាក់ស្តាប់នូវព្រះធម៌ដោយសេចក្តី គោរព យកការស្តាប់ និង ការបដិបត្តិនូវព្រះធម៌ជាអធិបតី ក្នុងជីវិត ។ បុគ្គលក្នុងលោកនេះ សូម្បីប្រព្រឹត្តអាក្រក់មកលើ យើងប៉ុណ្ណាៗក៏ដោយ ក៏មិនមែនអាចនាំយកនូវជាតិកំណើត មកប្រគល់ឱ្យយើងបានឡើយ ប៉ុន្តែខ្លួនយើងដែលល្ងង់មាន អវិជ្ជានេះឯងដែលតែងតែ នាំយកនូវជាតិទុក្ខមកសំរាប់ឱ្យខ្លួន ឯង ប្រគល់ឱ្យខ្លួនឯង ដូច្នេះខ្លួនឯងដែលល្ងង់ មានអវិជ្ជាហ្នឹងឯង ដែលជាកំពូលសត្រូវរបស់ខ្លួនឯង នាំមកនូវទុក្ខសព្វគ្រប់ ប្រការកាលដែលមានជាតិកំណើតហើយនោះ ។ ត្រូវទូន្មានចិត្តឱ្យតាំងនៅក្នុងការស្តាប់ព្រះធម៌ ដោយគោរព ត្រូវចាំជានិច្ចថា ទាល់តែមានព្រះសម្មាសម្ពុទ្ធបាន ត្រាស់ទើបមាននូវព្រះធម៌ ដូច្នេះព្រះធម៌ជារបស់ក្រហៅ ពេញសែនក្រ ប៉ុន្តែនេះគឺជាភ័ព្វសំណាងណាស់ ដែលបុគ្គលមានសទ្ធា ទទួលយករស្មីនៃព្រះធម៌ក្នុងសម័យកាលនេះ ។ ភ្លៀងមាសភ្លៀងប្រាក់ធ្លាក់គរលើផែនដី មិនស្មើ នឹងការសំដែងព្រះធម៌របស់ព្រះអរិយឡើយ ភ្លៀងព្រះធម៌ ទើបបុគ្គលអាចសាបព្រោះពូជសទ្ធា ធ្វើស្រែដែលមានអមត ជាផលបាន ។ ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣ ដោយ៥០០០ឆ្នាំ |