Reading Article
Public date : 02, Dec 2022 (10,013 Read)
ប្រៀបកម្មនឹងការបណ្ដុះពូជវត្ថុទាំងពួង

|
លោកប្រៀបធៀបកិរិយាប្រព្រឹត្តទៅរបស់កម្មជាកុសល និងអកុសលដែលឲ្យផលផ្សេងគ្នា ថា៖
យាទិសំ វបតេ ពីជំ តាទិសំ លភតេ ផលំ កល្យាណការី កល្យាណំ បាបការី ច បាបកំ។ សេចក្ដីថា មនុស្សក្នុងលោក គេសាបព្រោះបណ្ដុះពូជបែបណា តែងបានផ្លែផ្កាមកជាបែបនោះវិញ សេចក្ដីនេះមានឧបមាដូចម្ដេចមិញ កល្យាណជនអ្នកធ្វើអំពើល្អ តែងបានល្អ បាបជនអ្នកធ្វើអំពើអាក្រក់ ក៏តែងបានអាក្រក់ មានឧបមេយ្យដូច្នោះដែរ។ អធិប្បាយថា បើសត្វឯណាបានធ្វើអំពើល្អឬអាក្រក់ អំពើនោះឯង ក៏បែងចែករំលែកឲ្យសត្វនោះ ៗ បានល្អឬអាក្រក់តាមបែបដែលធ្វើ អំពើអាក្រក់ក៏នាំទៅកាន់ទុគ្គតិ អំពើល្អក៏នឹងនាំទៅកាន់សុគតិ។ ទាំងនេះ ក៏សម្រេចមកតែអំពីចិត្តជាហេតុទាំងអស់ ។ សូមលើកឧទាហរណ៍ឡើងសម្ដែងដូចតទៅនេះ រឿង តិរ្ថិយជួលចោរវាយព្រះមោគ្គលាន កាលបើពុទ្ធសាសនារុងរឿងឡើង ពួកតិរ្ថិយក៏ឱនអាប់មិនសូវមានគេរាប់អាន ព្រោះហេតុនេះ ទើបពួកតិរ្ថិយជួលពួកចោរឲ្យសម្លាប់ព្រះមោគ្គលាន ដោយយល់ថា ពុទ្ធសាសនារុងរឿងព្រោះតែព្រះថេរៈនោះ។ ព្រះបាទអជាតសត្រូវឲ្យស៊ើបដំណឹងរកឃើញតាមពិត ទ្រង់ឲ្យចាប់ពួកតិរ្ថិយ និងពួកចោរមកឲ្យជិះរណ្ដៅត្រឹមផ្ចឹត គ្របចំបើងដុតភ្លើងហើយទ្រង់បង្គាប់ឲ្យភ្ជួរដោយនង្គ័លដែក ដាច់ជាកំណាត់ធំកំណាត់តូច ស្លាប់អស់មិនមានសល់។ ទាំងនេះ ក៏ព្រោះចិត្តលោភលាភសក្ការៈនឹងថ្លៃឈ្នួល ។ រឿង អសោកមហារាជ ព្រះបាទអសោកមហារាជនោះ ទ្រង់មានព្រះរាជសទ្ធាទោះបីទ្រង់ធ្វើព្រះរាជកុសលជាច្រើន ក៏ទ្រង់មិនស្កប់ព្រះហឫទ័យ កាលទៀបទ្រង់ព្រះទិវង្គត ទ្រង់បង្គាប់ឲ្យពួករាជសេវកាមាត្យយកព្រះរាជទ្រព្យ ទៅប្រគេនតាមព្រះរាជហឫទ័យ ក៏ទ្រង់ព្រះកន្សែងស្រក់ទឹកព្រះនេត្រជោកព្រះភក្ត្រទ្រង់ព្រះពិរោធជាពន្លឹក កំពុងតែទ្រង់ព្រះពិរោធដូច្នោះ ក៏ទ្រង់ព្រះទិវង្គតទៅ ទៅកើតក្នុងទុគ្គតិភាព សមគួរតាមយថាកម្ម ។ ទាំងនេះ ក៏ព្រោះចិត្តក្រោធនឹងសេវកាមាត្យ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |