Reading Article
Public date : 25, Jul 2021 (11,841 Read)
អានិសង្សកសាងបង្គន់

|
បង្គន់ជាទីបន្ទោបង់ឧច្ចារៈបស្សាវៈ (មូត្រលាមក) លោករាប់ចូលក្នុងទិសេនាសនប្បច្ច័យដូចកុដិសាលាឬផ្ទះសំបែង និងទីសេនាសនៈឯទៀតដែរព្រោះជាទីជ្រកអាស្រ័យដើម្បីបន្ទោបង់ និងដើម្បីការពារត្រជាក់ក្ដៅដូចគ្នា ប្លែកតែកុដិ សាលា ឬផ្ទះសំបែង សម្រាប់ដេកនៅបង្គន់សម្រាប់បន្ទោបង់មូត្រលាមកប៉ុណ្ណោះ។
នរណាៗក៏ត្រូវតែបិទបាំងកេរ្តិ៍ខ្មាសក្នុងពេលបន្ទោបង់ជាការចាំបាច់ខានពុំបាន។ ព្រោះហេតុនេះ កាលបើពោលដល់ផលានិសង្សសង់បង្គន់ជាទានក៏ប្រហាក់ប្រហែលទៅនឹងអានិសង្សសង់កុដិ សាលា និងទីសេនាសនៈដូចគ្នា តែបើពោលឲ្យល្អិតទៅ ការសង់បង្គន់មានផលានិសង្ស ប្លេកពីការសង់សេនាសនៈឯទៀតៗ បន្តិចចំពោះការបិទបាំងខ្មាស និងជាការចាំបាច់ត្រូវតែបិទបាំង ត្រូវតែបន្ទោបង់ឲ្យទាន់ពេលខានពុំបាន។ កាលបើបង្គន់ជាទីសំខាន់ ជាការចាំបាច់ដូចពោលមកហើយផលានិសង្ស នៃការសង់បង្គន់ក៏ត្រូវតែមានច្រើន ព្រោះជាការសង្គ្រោះដោះទុក្ខអ្នកមានធុរៈដូចមាននិទានបញ្ជាក់ថា រឿងព្រះពាកុលត្ថេរ ក្នុងសាសនាព្រះពុទ្ធកស្សប មុនសាសនាព្រះសមណគោរតមបរមគ្រូនៃយើងមានគហបតីម្នាក់បានឃើញព្រះអរហន្តមួយអង្គ លោកឈឺបន្ទោបង់ឧច្ចារៈខ្លាំងត្រង់ទីកន្លែងវាលដដែលមានមនុស្សច្រើនលោកដើររកបង្គន់ដើម្បីបន្ទោបង់គហបតីនោះបានឃើញបានដឹងរឿងនោះក៏ប្រញាប់ប្រញាល់យកសំពត់ធ្វើជារនាំងបិទបាំងជាបង្គន់ ប្រគេនលោកភ្លាមទាន់ពេលលោកក៏បន្ទោបង់ដោយស្រួលហើយគហបតីនោះទូលលោកថាដោយអំណាចផលដែលខ្ញុំបានធ្វើបង្គន់ប្រគេនលោកម្ចាស់ ដោយរួសរាន់ទាន់ពេលវេលាយ៉ាងនេះបើលោកម្ចាស់បានសម្រេចធម៌ណាក្នុងអត្តភាពនេះសូមឲ្យខ្ញុំព្រះករុណាបានសម្រេចធម៌នោះដូចលោកម្ចាស់ក្នុងជាតិខាងមុខកុំខាន។ លោកបានទទួលថាអ្នកប្រាថ្នាយ៉ាងណាសូមបានសម្រេចយ៉ាងនោះគហបតីនោះលុះអស់អាយុទៅ បានទៅកើតជាទេវបុត្រឋិតនៅក្នុងឋានទេវលោក អស់១ពុទ្ធន្តរ (ចន្លោះព្រះពុទ្ធ១អង្គ) លុះមកដល់ពុទ្ធកាលនៃព្រះសមណគោតមបរមគ្រូជាម្ចាស់នៃយើងនេះទេវបុត្រនោះ ច្យុតចាកឋានសួគ៌មកកើតក្នុងត្រកូលសេដ្ឋីមួយនៅក្បែរមាត់ទន្លេ នៅក្នុងពេលវេលាដែលប្រសូតម្ដាយឪពុក យកទារកនោះទៅធ្វើមង្គលនៅមាត់ទន្លេ ផ្ងូតទឹកក្នុងទន្លេទារកនោះរបូតដៃពីម្ដាយ ធ្លាក់ទៅក្នុងទឹកមានត្រីធំ១លេបទៅក្នុងពោះ ហែលតាមទន្លេទៅមានអ្នកនេសាទត្រីនោះ ចាប់ទៅលក់ឲ្យសេដ្ឋីម្នាក់នៅមាត់ទន្លេជិតនោះដែរ។ សេដ្ឋីនោះបានឲ្យគេវះពោះត្រីនោះក៏ឃើញកូននោះនៅក្នុងពោះ ក៏ត្រេកអរពន់ប្រមាណយកកូននោះជាកូនសំណព្វចិត្ត ដូចកូនបង្កើតរបស់ខ្លួន។ ឯសេដ្ឋីជាម្ដាយឪពុកបានដឹងដំណឹងនោះក៏មកសុំកូននោះទៅវិញតែសេដ្ឋីជាម្ដាយចិញ្ចឹមពុំព្រមឲ្យហើយត្រកូលសេដ្ឋីទាំងពីរបានដាក់វេនគ្នាចិញ្ចឹមកូននោះ៤ខែម្នាក់។ កូននោះក៏បានឈ្មោះថាពាកុលកុមារ (កុមារដែលមានត្រកូលពីរ) តាំងពីពេលនោះមក។ លុះពាកុលកុមារនោះមានវ័យចម្រើនឡើងបានអាយុ២០ឆ្នាំ បានបួសជាភិក្ខុមាននាមថា ពាកុលត្ថេរ បានជាព្រះអរហន្ត១អង្គ ក្នុងព្រះពុទ្ធសាសនាលោកមាន សុភាពល្អណាស់ ឥតមានរោគាអ្វីបន្តិចបន្តួចទេ តាំងពីប្រសូតរហូតដល់ចាស់លោកមានព្រះជន្ម១៦០ឆ្នាំទើបចូលនិព្វាន។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |