Reading Article
Public date : 16, Oct 2021 (32,908 Read)
សេចក្តីឧបមាអំពីនីវរណៈ

|
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ កាមច្ឆន្ទៈ - ឧបមាដូចការជំពាក់បំណុលអ្នកដទៃ អ្នកជំពាក់គេ មានទុក្ខច្រើនប្រការ យ៉ាងណាអ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេមរហាមក្នុងការស្វែងរកជាដើម យ៉ាងនោះដែរ ។ តាមពិតសង្ខារធម៌គ្រប់យ៉ាង សុទ្ធតែមិនទៀង មាន ការទ្រុឌទ្រោម អស់ទៅ សូន្យទៅ កាមគុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វលោកតែងតែត្រេកអរ រីករាយមក អំពីការប្រកាន់នូវរឿងបញ្ញត្តិ ដែលរឿងបញ្ញត្តិ នោះមិនមាន ការកើត ការរលត់ដូចសភាវធម៌ឡើយ និង ម៉្យាងទៀតព្រោះ មិនបានឃើញការកើតការរលត់នៃនាម រូប តណ្ហាក៏ប្រកាន់ថា នុ៎ះជារបស់យើង ។ នៅពេលណាដែលមានបញ្ញាបានឃើញសភាវធម៌ មិនទៀង លែងប្រកាន់ថា នុ៎ះជារបស់យើង នៅពេលនោះ ទើបជាក់ច្បាស់ក្នុងចិត្តថា កាមច្ឆន្ទៈ ជាការជំពាក់ បំណុលគេ សត្វលោកក្រជានិច្ច ខ្វះកន្លះជានិច្ចព្រោះតណ្ហា តណ្ហាជាម្ចាស់បំណុល សត្វលោកទោះជាខំប្រឹងស្វែង រកវត្ថុបំណងបានច្រើនប៉ុណ្ណាៗ ក៏បានត្រឹមតែចុងការតែប៉ុណ្ណោះ គឺសងដើមពុំបានរួចឡើយព្រោះតណ្ហានៅតែថា នុ៎ះរបស់អញៗជានិច្ច (តណ្ហាមិនមែនជាខ្លួនយើងឡើយ គឺជាចៅហ្វាយឥតមេត្តា) ។ តាមពិតសត្វលោកទាល់តែស្វែងរកទ្រព្យបញ្ញា ទើប អាចសងបំណុលតណ្ហាឱ្យរួចទៅបាន ការមិនមានកាមច្ឆន្ទៈ គឺរួចបំណុល រមែងនៅដោយ បីតិសោមនស្ស ។ ការស្តាប់ព្រះធម៌ ចំរើនបញ្ញា គឺរួមចំណែកក្នុង ការងារស្វែងរកទ្រព្យសម្បត្តិរបស់សត្វលោក ហើយជាសំខាន់ អស្ចារ្យនោះ គឺធ្វើឱ្យបាននូវទ្រព្យសម្បត្តិចេះគ្រប់ចេះគ្រាន់ ។ សព្វថ្ងៃសត្វលោកទាមទារការគ្រប់ការគ្រាន់ ការឆ្អែតការល្មម ដូច្នេះសូមកុំចោល ឬរំលងនូវដុំពេជ្រ គឺ បញ្ញា ដែលជាវត្ថុមានតម្លៃ ហើយទៅសន្សំនូវសំរាមគឺ កាមគុណ ដែលជាវត្ថុមិនមានតម្លៃនោះឱ្យសោះ ។ ព្យាបាទ - ឧបមាដូចការមាននូវរោគ ជម្ងឺគ្រុន ល្វីងមាត់បាយមិនឆ្ងាញ់ជាដើម ។ បុគ្គលមានចិត្តប្រៀបដូចជាដំបៅ ពេលមានអ្វីប៉ះ ត្រូវក៏ហូរឈាម ឬហូរទឹករងៃ ឬក៏ខ្ទុះចេញមក យ៉ាងណា ការខឹងក្រោធក៏ដូច្នោះឯង គឺមានការប៉ះនឹងពាក្យស្តីថា របស់ អ្នកដទៃសូម្បីតែបន្តិចបន្តួច ក៏ហូរេចញនូវរបស់ ស្មោកគ្រោក គឺកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពិតជាមនុស្ស មានចិត្តប្រៀបដូចដំបៅស្អុយ ។ បុគ្គលខឹងក្រោធដោយអត់ធន់នឹងពាក្យទូន្មាន មិនបាន ក៏អាចលាចាកសិក្ខាបទ មិនបានបរិភោគនូវអត្ថរស ធម្មរសនៃព្រះធម៌ឡើយ ។ ការកើតមកនៃបុគ្គលម្នាក់ៗ ជាការប្រជុំរួមនៃ ឧបាទានក្ខន្ធ ៥ គឺជាការកើតឡើងនៃទុក្ខ តាមពិតបុគ្គល ម្នាក់ៗ មិនមែនជាទីតាំងនៃការស្អប់ខ្ពើម ខឹងក្រោធ ព្យាបាទបៀតបៀននោះទេ តែគួរជាទីតាំងនៃមេត្តាការអនុគ្រោះប្រយោជន៍ និង ករុណាជាដើម ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងនូវព្រះធម៌ ដោយ ព្រះទ័យករុណា គឺព្រះទ័យអាណិតអាសូរសត្វលោក ដើម្បីជួយ ស្រោចស្រង់សត្វលោកឱ្យរួចផុតចាកទុក្ខទាំងពួង ។ សត្វលោកមានសុទ្ធតែធាតុទុក្ខប្រជុំរួមជាខន្ធ៥ ប៉ុន្តែពុំបានដឹងនូវទុក្ខតាមពិត ទើបរីករាយនៅក្នុងទុក្ខ ជាប់ នៅជាមួយទុក្ខដោយសារចំណង ឆន្ទរាគៈ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ពន្យល់ឱ្យសត្វលោកកំណត់ដឹងនូវទុក្ខពិតៗ កាលកំណត់ដឹងនូវទុក្ខហើយ ទើបនឿយណាយនឹងខន្ធ ៥ ជាទុក្ខ កាលដែលនឿយណាយ ក៏ប្រាសចាកតម្រេក កាល ដែលប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះអំពីខន្ធ ៥ ការកំចាត់ឆន្ទរាគៈ គឺ ព្រះនិព្វាន ។ សត្វលោកគឺជាបុគ្គលដែលគួរជួយស្រោចស្រង់តែ ម៉្យាង ។ គួរមានមេត្រីភាពដល់គ្នានិងគ្នា ព្រោះសត្វលោក នៅក្នុងទ្រុងរបស់មច្ចុរាជទាំងអស់គ្នា គួរជួយគ្នាដើម្បីរត់ចេញអំពីទ្រុងមច្ចុ ដែលជាគុកធំ ពោរពេញដោយមហា ទារុណកម្ម សោកខ្សឹកខ្សួល ។ មិនគួរយកឈ្នះអ្នកដទៃដោយការព្យាបាទបៀតបៀនទេ ប៉ុន្តែគួរយកឈ្នះអ្នកដទៃនិងខ្លួនឯងដោយការ បំពេញសេចក្តីល្អបរិសុទ្ធ ។ មានតែសេចក្តីល្អ អំពើល្អប៉ុណ្ណោះទេ ដែលអាច ឈ្នះខ្លួនឯងនិងអ្នកដទៃបានពិតៗ គឺឈ្នះសេចក្តីក្រោធបាន ដោយការមិនក្រោធ ឈ្នះសេចក្តីអាក្រក់បាន ដោយអំពើល្អ ឈ្នះសេចក្តីកំណាញ់បាន ដោយការឱ្យទាន ឈ្នះពាក្យសំដី មិនពិត ដោយការនិយាយពាក្យពិត ។ ថីនមិទ្ធៈ -ខ្ជិលច្រអូស ងោកងុយ មានសេចក្តីឧបមាដូចជាប់គុក ព្រោះអ្នកជាប់គុក មិនអាចប្រកបនូវកិច្ចការសន្សំទ្រព្យសម្បត្តិ និង ការសប្បាយរីករយាក្នុងពិធី បុណ្យប្រចាំនគរ ដោយការជួបជុំក្រុមគ្រួសារញាតិមិត្តបង ប្អូនបានឡើយ យ៉ាងណាមិញ បុគ្គលត្រូវ ថីនមិទ្ធៈគ្រប សង្កត់ នៅពេលស្តាប់ធម៌ជាដើម ក៏មិនអាចបានដឹងសេចក្តី នៃធម៌ មិនបានបីតិក្នុងការស្តាប់ធម៌ មិនបាននូវផលដ៏ប្រសើរឡើយ ។ បុគ្គលគួរព្យាយាមកំចាត់បង់ថីនមិទ្ធៈ ដោយហ្វឹក ហាត់រឿយៗគឺ ៖ -កំណត់ដឹងអាហារភោជនដែលត្រូវបរិភោគឱ្យបាន សមរម្យ ។
-ពិចារណានូវការផ្លាស់ប្តូរឥរិយាបថបួន និង ការកំរើក កាយ ។ -មនសិការៈទៅរកពន្លឺ ដាស់តឿនចិត្តឱ្យភ្លឺស្វាង ពិចារណាធម៌ ។
-នៅក្នុងទីវាលស្រឡះរឿយៗ ខ្យល់អាកាសល្អ ថែទាំ សុខភាពប្រយ័ត្នប្រយែងកុំឱ្យអស់កម្លាំងកាយឥតប្រយោជន៍ ត្រូវរៀបចំខ្លួនឯងឱ្យជាភាជន៍សំរាប់ទទួលយកនូវព្រះសទ្ធម្ម ដែលកម្រកើតមានក្នុងលោក ។ -សេពគប់មិត្តសប្បុរស មិត្តជួយរំលឹកដាស់តឿនមិត្ត ដែលជាទីប្រឹក្សាល្អ ។
-ពេលជួបជុំគ្នា ត្រូវហ្វឹកហាត់និយាយតែពាក្យមាន ប្រយោជន៍ ពាក្យដែលគួរនិយាយ កាលពោលទៅហើយ រមែង ស្ងប់រម្ងាប់ចិត្តទាំងខ្លួនឯងអ្នកនិយាយទាំងអ្នកស្តាប់ ។
ឧទ្ធច្ចកុក្កុច្ចៈ- រវើរវាយរាយមាយ ក្តៅក្រហាយស្តាយក្រោយ ឧបមាដូចខ្ញុំបំរើគេ (ទាសៈ) ។ ខ្ញុំបំរើគេមិនមានសេរីភាពខ្លួនឯង ទោះជាពេលដែលពពួកជនកំពុងរីករាយ ក្នុងបុណ្យប្រចាំឆ្នាំ ក៏ត្រូវចៅហ្វាយ ហៅប្រើសព្វគ្រប់ កិច្ចការដែរ យ៉ាងណាមិញ ការរាយមាយរវើរវាយក្តី ការ ក្តៅក្រហាយស្តាយក្រោយក្តី រមែងញ៉ាំងចិត្តឱ្យរវល់ រសាប់ រសល់ ខ្វាយខ្វល់ រហូតដល់នៅមិនស្ងៀមតាមផ្លូវកាយ សូម្បីភិក្ខុនៅក្នុងព្រៃ ក៏ពុំបាននូវរសនៃវិវេក ព្រោះខុសនឹង វិន័យ ឬ សង្ស័យក្នុងវិន័យជាដើម ។ បុគ្គលគួរសិក្សារៀនសូត្រច្រើន ឬត្រូវតែជាអ្នក ទ្រទ្រង់ធម៌ ទ្រទ្រង់ព្រះវិន័យ ព្យាយាមសន្ទនា ឬសាកសួរ នូវធម៌តាមកាល និង សេពគប់ចំពោះបុគ្គលសប្បុរស និយាយពាក្យពីរោះ ពាក្យមានប្រយោជន៍ ប្រយ័ត្នពាក្យ ដែលនាំឱ្យក្តៅក្រហាយស្តាយក្រោយ ។ វិចិកិច្ឆា - ការសង្ស័យ ឧបមាបីដូចផ្លូវឆ្ងាយដាច់ ស្រយាល ផ្លូវមានភ័យ ផ្លូវមានចោរ ផ្លូវមានសត្វសាហាវ ផ្លូវអត់ទឹកអត់បាយ ។ ផ្លូវឆ្ងាយទាំងអស់នេះ គឺជាផ្លូវនៃ សេចក្តីអន្តរាយ របស់អ្នកដំណើរ យ៉ាងណាមិញ វិចិកិច្ឆា ការសង្ស័យក្នុងអរិយសច្ចៈ ឬសង្ស័យនៅក្នុងព្រះរតនត្រ័យ ឬសង្ស័យក្នុងនាមរូប ជាផ្លូវនៃសេចក្តីអន្តរាយចំពោះការ បានសម្រេចមគ្គផល ដូច្នេះបុគ្គលត្រូវសិក្សារៀនសូត្រទ្រទ្រង់ធម៌វិន័យ និង បដិបត្តិអប់រំចំរើនវិបស្សនា រហូតមាន សទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ។ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |