Reading Article
Public date : 15, Sep 2019 (58,478 Read)
ពុទ្ធសាសនានឹងយុវជនខ្មែរ

|
ប្រជាជនខ្មែរអប់រំកូនចៅតាមប្រពៃណីបុរាណ គឺឲ្យកូនចៅទៅរៀននៅវត្ត។ កូនខ្មែរទោះជាព្រះរាជបុត្រក្ដី បុត្រមន្ត្រីក្ដី កូនចៅប្រជានុរាស្ត្រក្ដី ទាំងអស់ទៅរៀននៅវត្តយកវត្តជាសាលារៀន វត្តមួយៗ ត្រូវបង្រៀនមុខវិជ្ជាបានគ្រប់យ៉ាងបង្រៀនអក្សរ នព្វន្ត ការរចនា ការស្ថាបនា ច្បាប់សីលធម៌ នឹងធម៌អាថ៌ ពុទ្ធសាសនា ។ កូនខ្មែរដែលបានរឿនសូត្រចេះដឹងគួរសមហើយ ត្រូវបួសជាសាមណេរភិក្ខុ កើតទៅជាទំនៀមថា កូនប្រុសអាយុ ១២ ឆ្នាំ ត្រូវបួសជាសាមណេរសងគុណមាតា អាយុ ២១ ឆ្នាំ ត្រូវបួសជាភិក្ខុ សងគុណបិតា បួសហើយត្រូវរៀនសូត្រវិជ្ជាខ្ពង់ខ្ពស់ទៅទៀត រៀនបាលី រៀនធម៌អាថ៌ពុទ្ធវចនៈ ។ល។
កូនចៅខ្មែរ, បើបានបួសជាសាមណេរ ជាភិក្ខុហើយ សិកមកវិញ ទើបគេរាប់ជាមនុស្សពេញអង្គ សិកមកវិញភ្លាម គេឲ្យនាមថា បណ្ឌិត ប្រែថា អ្នកប្រាជ្ញ គេលែងហៅ អា មឹង ដូចពីដើមហើយ ។ បើមិនបានបួសទេ គេហៅ អា មឹង មួយជាតិ ហើយគេមិនរាប់ជាត្រីមុខទេ។ បើបានបួសហើយ តែខ្ជិលរៀនសូត្រទៀត ច្បាប់ក្រមខ្មែរបន្ទោសថាជា « កំជិលអៀនប្រៀនបួសហើយមិនរៀន បន្ទោសថាខ្លៅ» ។ អាស្រ័យ ដោយការអប់រំប្រសើរនេះហើយ ទើបបានជាប្រជាជនខ្មែរមានចរិយាសុភាពរាបសាស្លូតត្រង់ ចិត្តថ្លើមល្អ មិនសូវចេះបៀតបៀនគ្នីគ្នាទេ ។ សព្វថ្ងៃនេះ កូនប្រុសពុំសូវបានបួសជាភិក្ខុជាសាមណេរដូចជំនាន់មុនទេ ព្រោះមានសាលាកើតនៅក្រៅវត្តច្រើន តែទោះម្ដេចម្ដា ព្រះរាជរដ្ឋាភិបាលក៏ព្យាយាមបង្កើតសាលានៅតាមវត្តដូចបុរាណកាលវិញជាបំផុត។ សូម្បីមានសាលារៀននៅក្រៅវត្ត តែមានសិស្សច្រើនគ្នាណាស់ដែលពឹងពាក់អាស្រ័យនៅតាមវត្តអារាម ជាឱកាសល្អចូលទៅវត្តអារាម បានធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាបានភ្ជាប់និស្ស័យខ្លួននឹងពុទ្ធសាសនា ចេះខ្លាចបាប ចេះចង់បានបុណ្យចេះយល់ព្រះពុទ្ធសាសនា ហើយប្រកាសខ្លួនជាពុទ្ធសាសនិក ព្រោះហេតុតែបានទទួលពន្លឺព្រះពុទ្ធសាសនាតាំងពីកុមារមក។ ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០ ដោយ៥០០០ឆ្នាំ |