Reading Article
Public date : 13, Jul 2021 (55,864 Read)
ពន្យល់ពាក្យអារម្មណ៍

|
អារម្មណ៍ គឺជាគ្រឿងតោងនៃចិត្ត និង ចេតសិក ។
វិថីចិត្តតាមទ្វារទាំង ៦ មិនអាចកើតឡើងបានទេ បើមិនមាននូវអារម្មណ៍ទេនោះ ។
ផែនដី ព្រៃភ្នំ ទន្លេ សមុទ្រ ស្រុកមនុស្ស ស្រុក ទេវតា ជាបញ្ញត្តិ ជាលោកដែលចិត្តនឹកគិតតែប៉ុណ្ណោះ ។
លោកដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគឺ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និង បរមត្ថធម្មារម្មណ៍ ។ តាមបរមត្ថធម៌ពិត មិនមាននូវលោកអ្វីក្រៅអំពី លោកដែលជាអារម្មណ៍ មានរូបារម្មណ៍ជាដើមនេះឡើយ។ ក្រៅអំពីចិត្ត និង ចេតសិក មិនមានអ្វីកើតឡើង ដឹងនូវលោកទៀតទេ ការដឹងនូវលោក ពុំមែនជាមនុស្ស សត្វបុគ្គលឡើយ ។ ចិត្តចេតសិកកើតឡើងដឹងលោកគឺ អារម្មណ៍តាម ទ្វារ ៦ ហើយត្រូវរលត់បាត់ទៅវិញ ព្រាត់ប្រាសចោល លោកទាំងពួង គ្រប់គ្រា គ្រប់ពេលវេលាតែយ៉ាងនេះរហូត។ ការចំរើនសតិប្បដ្ឋាន គឺការរលឹកសិក្សារឿយៗនូវ សភាវធម៌ដែលកំពុងប្រាកដ បញ្ញាមានការបានឃើញនូវ នាមរូប ពុំមែនជាសត្វបុគ្គលតួខ្លួន ទីបំផុតក៏បានដឹងច្បាស់ ថា ការរួចផុតចាកទុក្ខគឺនៅត្រង់រំលត់សេចក្តីប្រកាន់ ។ ការស្វែងរកនូវកាមសុខ ដើម្បីបំបាត់ទុក្ខសោកនោះ គឺមិនអាចរួចផុតចាកទុក្ខបានទេ ពីព្រោះការស្វែងរកនូវ កាមសុខ គឺជាតណ្ហា ជាហេតុនាំឱ្យកើតទុក្ខ នាំឱ្យមាននូវ ជាតិ ជរា មរណៈ កាមទាំងឡាយមានសេចក្តីសុខតិច មាន ទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ។ ការលះបង់នូវទុក្ខដោយការប្រព្រឹត្តិព្រហ្មចរិយធម៌ គឺចំរើននូវអរិយមគ្គអង្គ ៨ ប្រការ ទើបជាការលះបង់បាន នូវទុក្ខយ៉ាងពិតប្រាកដ ។ សតិប្បដ្ឋានបដិបត្តិ កំចាត់បង់នូវកិលេសជា តទង្គប្បហាន ហើយមានការបង្អោនទៅកាន់ព្រះនិព្វាន គឺជាការ បដិបត្តិដើម្បីបាននូវអរិយមគ្គជាលោកុត្តរ មានព្រះនិព្វាន ជាអារម្មណ៍ រំលត់កិលេសដាច់ជាសមុច្ឆេទប្បហាន នេះជា ការបដិបត្តិ កំចាត់បង់នូវទុក្ខ ។ ការសិក្សាអំពីអារម្មណប្បច្ច័យ និង ការចំរើនសតិប្បដ្ឋាន នាំឱ្យបានស្គាល់លោកក្នុងអរិយវិន័យ ហើយបាន ដឹងអំពីការជាប់ជំពាក់នៅក្នុងលោក និង បានដឹងអំពីការ រួចផុតចាកលោក ការរំលត់ទុក្ខ គឺព្រះនិព្វាន ។ តាមពិត លោកដែលពពួកសត្វជាប់ជំពាក់នៅនោះ គឺរូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វា រម្មណ៍ និង ធម្មារម្មណ៍ ដែលអារម្មណ៍ទាំង ៦ នេះជា សំយោជនីយធម៌ ហ្នឹងឯង ។ សំយោជនីយធម៌ បានដល់ធម៌ដែលជាគ្រឿងនាំឱ្យ ជាប់ជំពាក់ គឺនាំឱ្យកើត សំយោជនៈ ដោយអារម្មណ-ប្បច្ច័យ ។ សំយោជនៈនេះឯងដែលជាគ្រឿងចងព័ទ្ធព័ន្ធសត្វ លោកឱ្យជាប់នៅក្នុងវដ្តសង្សារ ព្រោះថា សេចក្តីប្រកាន់ថា នុះ៎ ជារបស់យើង នុះជា៎យើង នុះជា៎ខ្លួនរបស់យើង ក៏គឺជា តួសំយោជនៈហ្នឹងឯង ដូច្នេះទើបឈ្មោះថា សំយោជនៈជា គ្រឿងចងទុកនូវពពួកសត្វឱ្យជាប់ក្នុងភព តាមពិតដោយ បរមត្ថ សត្វ មិនមានទេ ព្រោះហេតុដូចនេះហើយ ទើបការ កាត់នូវសំយោជនៈដោយបញ្ញា បានឈ្មោះថា សត្វរមែងរួច ផុតចាកលោក បានដល់ទីបំផុតទុក្ខគឺព្រះនិព្វាន ។ ព្រះនិព្វាន មិនមែនជាការអស់ទៅនៃ សត្វបុគ្គលចាកភពនោះទេ ប៉ុន្តែជាការអស់ ទៅនៃតណ្ហាដែលប្រាថ្នាភពនោះឯង តាមពិត សត្វបុគ្គល មិនមានដោយបរមត្ថស្រាប់ទៅហើយ ប៉ុន្តែ ដោយអំណាចតណ្ហា មានៈ ទិដ្ឋិ ទើបមានសេចក្តីប្រកាន់ថា ខ្លួនយើងមានក្នុងភព មានយើង និង មានអ្វីៗជារបស់ យើង។
អរិយមគ្គជាលោកុត្តរ រំលត់សេចក្តី ប្រកាន់ក្នុងពេលណា អរិយមគ្គនោះឈ្មោះ ថាជាផ្លូវដ៏ប្រសើរ ព្រោះនាំសត្វចេញចាក អំពីលោកនេះ ឬធ្វើឱ្យសត្វរួចផុតចាកលោក នេះ និង លោកដទៃ ពោលគឺបានដល់នូវ ព្រះនិព្វាន ។ ការអប់រំសតិប្បដ្ឋាន បានធ្វើឱ្យជាក់ច្បាស់នូវព្រះ និព្វាន មិនមានសេចក្តីយល់ថាខ្លួនមានក្នុងលោកនេះ ហើយ ដល់ពេលស្លាប់ទៅ ខ្លួនត្រូវទៅកើតក្នុងលោកខាងមុខនោះ ឡើយ ។ សួរថា បើស្លាប់ទៅខ្លួនមិនទៅកើតទៀតទេ មានតែ ឧច្ឆេទទិដ្ឋិ ដែលយល់ថា សត្វស្លាប់ទៅសូន្យ មិនកើតទៀត មិនមែនទេឬ ? ឆ្លើយថា មិនមែនទេ ការចំរើនសតិប្បដ្ឋាន-វិបស្សនា បានជាក់ច្បាស់ បានត្រាស់ដឹង នូវទុក្ខសច្ចៈ សមុទយ- សច្ចៈ និរោធសច្ចៈ និង មគ្គសច្ចៈ ឃើញការកើតក្នុងភពថ្មី គឺជាទុក្ខសច្ចៈ សូន្យចាកសត្វបុគ្គលតួខ្លួនអ្នកកើត ការរំលត់ នូវសេចក្តីប្រកាន់ថា មានតួខ្លួនក្នុងលោកនេះ និង រំលត់ការ ប្រកាន់ថា មានតួខ្លួនក្នុងលោកដទៃ ការរំលត់នូវសេចក្តី ប្រកាន់នេះ គឺជានិរោធសច្ច ។
ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |