Reading Article
Public date : 21, Jul 2021 (50,032 Read)
អារម្មណ៍របស់វិបស្សនា

|
ការចំរើនសតិប្បដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ត្រូវអាស្រ័យ សេចក្តីអត់ធន់គឺខន្តីធម៌ សេចក្តីអត់ធន់នេះ គឺហាមឃាត់ នូវចំណង់ដែលចង់បានសតិបញ្ញាច្រើនៗ ព្រោះបើមិនមាន នូវសេចក្តីអត់ធន់ទេនោះ លោភៈវានឹងនាំឱ្យឃ្លាតចាកអំពី សេចក្តីព្យាយាម ក្នុងការសង្កេតពិនិត្យ រលឹកសិក្សា នូវសភាវធម៌តាមពិតក្នុងជីវិតប្រចាំថ្ងៃ ។
ការមិនមានសតិច្រើនៗ ក្នុងមួយថ្ងៃៗ នោះ មិនមែនព្រោះយើងមិនចំរើនសតិ ឬ ព្រោះយើងមិនបានបង្គាប់សតិ ប្រើសតិនោះ ទេ តាមពិតព្រោះហេតុរបស់សតិ មិនបាន គ្រប់គ្រាន់ ។ ជាចាំបាច់ត្រូវឱ្យបានដឹងថា តើសតិ-វិបស្សនា មាន លក្ខណៈយ៉ាងណា ហើយតើសតិវិបស្សនា មានការរលឹក ដឹងអ្វី ឃើញច្បាស់នូវអ្វី ហើយក្នុងពេលណា កន្លែងណា ដូច្នេះត្រូវរៀន ត្រូវស្តាប់ ត្រូវសន្ទនាឱ្យបានយល់ច្បាស់ ។ សតិមានមានការរលឹកដឹងជាលក្ខណៈ វិបស្សនាមាន ការឃើញច្បាស់ដោយបញ្ញាដោយលក្ខណៈ ។ រលឹកដឹងអ្វី ឃើញច្បាស់នូវអ្វី? សភាវធម៌ក្នុងជីវិត ប្រចាំថ្ងៃ គឺជាអារម្មណ៍របស់សតិ-វិបស្សនា ព្រោះថា ជិវិត ប្រចាំថ្ងៃនេះ មិនមែនយ៉ាងដទៃ ក្រៅអំពីសេចក្តីពិតឡើយ បើមិនរលឹកសិក្សាឱ្យទាល់តែបានជាក់ច្បាស់ថា សភាវធម៌ក្នុងជីវិតប្រចាំថ្ងៃ មិនមែនជាសត្វបុគ្គលតួខ្លួនទេ នោះ គឺដាច់ខាតប្រាកដជាមិនអាចដឹងថា ការចាកផុតទុក្ខ នោះ នៅត្រង់ការរំលត់សេចក្តីប្រកាន់ឡើយ ហើយក៏នៅ តែមានការប្រកាន់ចំពោះសភាវធម៌ជាដដែល ឈ្មោះថា បុថុជ្ជន អាស្រ័យវដ្តៈ ។ ការមានខន្តី មិនឱ្យមានចំណង់ចង់បានសតិច្រើនៗ ដែលចំណង់នេះវានាំឱ្យទៅរកការប្រព្រឹត្តិខុសនោះ ការមាន នូវខន្តីនេះ នាំឱ្យមានការចំរើននូវសេចក្តីព្យាយាម សង្កេតពិនិត្យរឿយៗ ចំពោះរូបធម៌ និង នាមធម៌នៅពេលដែល កំពុងប្រាកដ តាមផ្លូវភ្នែក ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវ អណ្តាត ផ្លូវកាយ និង ផ្លូវចិត្ត ។ សតិ-វិបស្សនា មានការស្រាវជ្រាវរាវរកការពិតនៅ ក្នុងសភាវធម៌ ដូច្នេះទើបសតិប្បដ្ឋានវិបស្សនា មានតែរូប ធម៌ នាមធម៌ ជាបរមត្ថសុទ្ធជាអារម្មណ៍ គឺមិនមានបញ្ញត្តិ ទាំងអស់ជាអារម្មណ៍ឡើយ ដោយបញ្ញត្តិមិនមែនជាសភាវ ធម៌ពិត បញ្ញត្តិមិនមាននូវសភាវលក្ខណៈ មិនមាននូវការ កើត ការរលត់ ដូចជាសភាវធម៌ទេ ។ បុគ្គលអ្នកចំរើនសតិប្បដ្ឋាន មិនបាន ឃើញសតិ-វិបស្សនា មានការចំរើនឡើង កើតឡើងដោយតួខ្លួនជាអ្នកឱ្យចំរើនឱ្យកើត នោះឡើយ គឺបានដឹង បានឃើញតាមពិត នូវការចំរើនឡើង កើតឡើងនៃសតិ-វិបស្សនានោះ ព្រោះហេតុពិតៗ សូន្យចាកតួ ខ្លួនជាអ្នកបង្គាប់បញ្ជាសតិ សូន្យចាកតួខ្លួន ក្នុងលោកភ្នែក សូន្យចាកតួខ្លួនក្នុងលោក ត្រចៀក សូន្យចាកតួខ្លួនក្នុងលោកច្រមុះ សូន្យចាកតួខ្លួនក្នុងលោកអណ្តាត សូន្យចាក តួខ្លួនក្នុងលោកកាយ សូន្យចាកតួខ្លួនក្នុង លោកចិត្ត តាមពិតធម៌ទាំងឡាយកើតអំពីហេតុ ។
ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |