Reading Article
Public date : 21, Jul 2021 (12,577 Read)
ការប្រើវិធីបន្ទុំឥន្ទ្រិយ

|
ការប្រើវិធីបន្ទុំឥន្ទ្រិយ
សួរៈ អាកប្បកិរិយាការប្រព្រឹត្តគឺ យើងមិនគួរញាប់ញ័រសូម្បីថា នឹងមានទំនាស់។ តែបើយើងពិចារណាហើយថា ទំនាស់នឹងគោលធម៌ យើងមិនគួរបណ្ដោយខ្លួន តែក៏មិនរាំងខ្ទប់ តែត្រូវហ្វឹកហាត់ខ្លួនឯង រក្សាចិត្តឲ្យប្រាថ្នាល្អយ៉ាងនេះ ត្រឹមត្រូវដែរឬទេ? -ឆ្លើយៈ ព្រះពុទ្ធជាអម្ចាស់ កាលហ្វឹកហាត់ដល់វេនយ្យសត្វ ព្រះអង្គក៏មិនអាចឲ្យតាមបាន។ ព្រះទ័យព្រះអង្គ គឺព្រះអង្គទ្រង់ប្រើបញ្ញាពិចារណាថា ពេលនេះគេអភិវឌ្ឍឬសិក្សានៅក្នុងលំដាប់ណា បើឥន្ទ្រិយនៅមិនទាន់ដល់ព្រម ព្រះអង្គក៏មិនទាន់ប្រគល់ឲ្យ មិនបង្រៀនរឿងហ្នឹង។ មិនមែនថា ឲ្យតែចិត្តយើង ចង់ឲ្យគេជាយ៉ាងនេះឬយ៉ាងនោះ ក៏ចេះតែហ្វឹកហាត់ទៅទាំងបង្ខំទេ។ ការនោះប្រព្រឹត្តទៅមិនបានឡើយ។ - ឥន្ទ្រិយរបស់គេមិនទាន់ចាស់ក្លាល្មម តើត្រូវធ្វើដូចម្ដេច? ១- គឺត្រូវរង់ចាំឲ្យឥន្ត្រិយចាស់ក្លា ២- ត្រូវប្រើវិធីចាត់ឱកាសត្រៀមបែបបទហ្វឹកហាត់ និងជួយជំរុញឲ្យគេមានឥន្ទ្រិយចាស់ក្លា ដែលលោកហៅថា វិធីបន្ទុំឥន្ទ្រិយនោះជាមុនសិន ល្មមគេដល់ព្រមហើយទើបចាត់សំដែងធម៌នោះៗបាន។ បើនៅមិនទាន់ដល់ព្រមទេ ក៏នៅតែមិនអាចប្រព្រឹត្តទៅបាន។ឥន្ទ្រិយគឺ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា។ -សួរៈ ព្រះពុទ្ធអង្គទ្រង់ជ្រាបថា បុគ្គលណាមានឥន្ទ្រិយចាស់ក្លា ឬមិនចាស់ក្លាត្រឹមណា និង គួរបន្ទុំឥន្ទ្រិយយ៉ាងណា។ តើបច្ចុប្បន្ន យើងអាចនាំមកជាគោលក្នុងការហ្វឹកហាត់ អភិវឌ្ឍពពួកជនបានយ៉ាងណា? -ឆ្លើយ មានផ្សេងៗដែលលោកហៅថា បរិបាចនីយធម៌ជាធម៌សម្រាប់បន្ទុំឥន្ទ្រិយ តែនឹងឲ្យដល់ព្រមសម្រាប់លំដាប់ណានោះ មានតែវិធីដែលប្រើជាទូទៅដូចជា ការសន្ទនា ការប្រឹក្សាឬការប្ដូរផ្លាស់គំនិត ការកំណត់រឿងឲ្យគិតត្រិះរិះដោះស្រាយកសាងបែបបទហ្វឹកហាត់ ការឲ្យបានចេញទៅជួបនឹងហេតុការណ៍ខ្លះៗ ដូចយ៉ាងការចាត់ឲ្យមានកិច្ចកម្មផ្សេងៗ ការទៅទស្សនកិច្ចសិក្សា ការទៅមើលនេះមើលនោះ។ វិធីទាំងនោះ ជាការបន្ទុំឥន្ទ្រិយ គឺយើងមានគោលដៅរួចជាស្រេច ចង់បន្ទុំឥន្ទ្រិយអ្នកណាៗនោះ ក៏មានចាត់ត្រៀមកិច្ចកម្មរៀបចំបរិយាកាសជុំវិញ ឲ្យគេបានជួប បានឃើញ បានហាត់ បានធ្វើ រហូតទាល់តែគេអាចឡើងដល់លំដាប់ ដែលយើងត្រូវការ។ -ការហ្វឹកហាត់ត្រូវមានការយល់ដឹងនូវការប្លែកផ្សេងៗគ្នារវាងបុគ្គលម្នាក់ៗ ដែលមានពីរផ្នែកគឺ ១-ឥន្ទ្រិយ៥ ថាមានកម្រិតខ្លាំង ខ្សោយ យ៉ាងណា។ ២- គឺអធ្យាស្រ័យ ចរិត ការបង្អោនទៅការពេញចិត្ត ដែលសូម្បីតែជនដែលមានការអភិវឌ្ឍនៅក្នុងលំដាប់ជាមួយគ្នាក៏មិនដូចគ្នា ដូចជាអ្នកនេះធ្វើអាជីពផ្នែកជំនួញ អ្នកនោះធ្វើការរាជការផ្សេងគ្នាក្នុងអាជីពនីមួយៗ អាចមានឥន្ទ្រិយក្នុងលំដាប់ដូចគ្នា មានការនិន្នាការ និង ការចូលចិត្តមិនដូចគ្នា គឺមានសេចក្ដីប្លែកផ្សេងគ្នាក្នុងផ្នែកមួយ ហើយដែលត្រូវដឹងទាំងពីរផ្នែកនេះ ទើបអាចបដិបត្តិចំពោះជននោះបានត្រឹមត្រូវ ទើបការបង្រៀនធ្វើទៅបានល្អ។ និយាយឲ្យខ្លីៗថា ផ្នែកឥន្ទ្រិយ និងផ្នែកអធិមុត្តិ ដែលបានដល់ជួរនិន្នាការរបស់ ចិត្ត ចរិត អធ្យាស្រ័យ មូលដ្ឋាន ដើមកំណើតផ្សេងៗ។ -សួរៈ ការប្រើធម៌ទៅហ្វឹកហាត់បុគ្គលណាម្នាក់ វាជារឿងល្អិតល្អន់ណាស់ តើគួរមានវិធីយ៉ាងណា? -ឆ្លើយៈ ត្រូវដឹងច្បាស់អំពីបុគ្គល ចំណេះដឹងតែម្យ៉ាងមិនគ្រប់គ្រាន់ឡើយ ត្រូវអាស្រ័យសេចក្ដីត្រូវការរបស់គេជាឆ្នួនហើយអភិវឌ្ឍសេចក្ដីត្រូវការរបស់គេបន្ថែមទៀត។ រឿងសេចក្ដីត្រូវការ និង ការអភិវឌ្ឍសេចក្ដីត្រូវការ អ្នកមិនធ្លាប់និយាយគ្នា អ្នកសិក្សាក៏មិនធ្លាប់និយាយដល់។ -ការអភិវឌ្ឍសេចក្ដីត្រូវការសំខាន់ណាស់ ពេលខ្លះយើងគិតថា មនុស្សយើងមានសេចក្ដីត្រូវការតែម្យ៉ាង។ តាមពិតមិនមែនយ៉ាងនោះទេ សេចក្ដីត្រូវការរបស់ជនដែលអភិវឌ្ឍហើយអាចផ្លាស់ប្ដូរប្រែប្រួលទៅបាន ល្មមផ្លាស់ប្ដូរប្រែប្រួលហើយ មិនថាអ្វីជាអ្វី គឺផ្លាស់ប្ដូរប្រែប្រួលជាអនេក រួមទាំងសេចក្ដីសុខ និងវិធីស្វែងរកសេចក្ដីសុខក៏ប្រែប្រួលទៅដែរ។ និយាយងាយៗទៅគឺមនុស្សប្រែប្រួលទៅ តាមលំដាប់នៃការអភិវឌ្ឍ។ -ក្នុងពេលនេះ សូមនិយាយចំពោះរឿងផ្សេងគ្នារវាងបុគ្គល។ សូមលើកតួយ៉ាងរឿងនេះមកក្នុងក្រុមទសពលញ្ញាណ គឺញាណរបស់ព្រះពុទ្ធ ១០ យ៉ាង ដែលធ្វើឲ្យព្រះពុទ្ធជាម្ចាស់ មានសមត្ថភាពក្នុងការណែនាំ។ ក្នុងញ្ញាណទាំង ១០ នេះ មាន២ ទាក់ទងនឹងការប្លែកផ្សេងគ្នារវាងបុគ្គលដែលនិយាយមកហើយគឺ -សេចក្ដីផ្សេងគ្នាក្នុងផ្នែកឥន្ទ្រិយ បានដល់ឥន្ទ្រិយបរោបរិយត្តញ្ញាណ មានន័យថា ព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបថា បុគ្គលម្នាក់ៗមានសេចក្ដីផ្សេងគ្នាក្នុងឥន្ទ្រិយ ឬឥន្ទ្រិយខ្ពស់ទាបជាងគ្នាថាជនណាមានកម្រិតណា។ -និង សេចក្ដីផ្សេងគ្នាផ្នែកអធិមុត្តិ បានដល់នានាធិមុត្តិកញ្ញាណ មានន័យថា ព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបថា ជននោះមានសភាពចិត្តបង្អោនទៅ មានការពេញចិត្ត មានមូលដ្ឋានមិនដូចគ្នាជនណាជាយ៉ាងណា។ -ពេលដែលព្រះអង្គទ្រង់ណែនាំ ទ្រង់ណែនាំបែបជារួមៗក៏មាន តែទ្រង់ប្រើដោយច្រើនគឺការណែនាំបុគ្គលម្នាក់ៗដែលការណែនាំបែប នេះបានផលពិតៗ។ សូម្បីតែទ្រង់ណែនាំក្នុងទីប្រជុំជនព្រះពុទ្ធជាម្ចាស់ ទ្រង់ធ្ងន់ក្នុងព្រះទ័យថា ព្រះអង្គបំណងសំដែងពាក្យនេះ សម្រាប់បុគ្គលណាមួយជាពិសេស តែឲ្យជនដទៃបានប្រយោជន៍ផងដែរ។ ដោយព្រះអង្គដឹងច្បាស់ថា ជននោះមានឥន្ទ្រិយល្មមហើយ ព្រះអង្គទ្រង់សំដែងបំណងទៅក្នុងបុគ្គលនោះ ដោយឲ្យគេបានសម្រេចនូវប្រយោជន៍ដ៏ខ្ពស់ខ្ពស់។ ចំណែកអ្នកដទៃក៏បានប្រយោជន៍ជារួមផងដែរ។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |