Reading Article
Public date : 30, Jul 2019 (101,569 Read)
ឧបាយឲ្យកើតធម៌របស់បព្វជិត ឬសមណៈ

|
ឧបាយឲ្យកើតធម៌របស់បព្វជិត ឬសមណៈ
អ្នកដែលបានប្ដេជ្ញាខ្លួនថាជាបព្វជិត ឬសមណៈ គួរតាំងចិត្តថា៖ "អាត្មាអញជាបព្វជិត ជាសមណៈហើយ ត្រូវតែទ្រទ្រង់គុណធម៌ឲ្យល្អសមគួរតាមភេទបព្វជិតនឹងសមណៈទើបគួរ " ឬពិចារណាតាមន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនឲ្យពិចារណាថា ៖ " ឥឡូវនេះ អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ, អាការមារយាទណាៗ ដែលជារបស់សមណៈ អាត្មាអញត្រូវធ្វើអាការមារយាទនោះៗ " ដូច្នេះជាដើមទៅ, មិនគួរប្រព្រឹត្តឲ្យល្មើសខុសប្លែកអំពីធម៌របស់បព្វជិត និងសមណៈឡើយ; គួរនាដូចឈ្មួញដែលធ្វើការជំនួញ ចង់បានចំនេញ បើធ្វើត្រូវទំនងទើបបានកម្រៃច្រើន, បើធ្វើខុស ក៏ខាតទុន; ព្រោះហេតុនេះបានជា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទេសនាធម៌ដែលជាគ្រឿងសង្កត់ចិត្តរបស់បព្វជិត ដោយពុទ្ធភាសិតថា៖ កុសោយថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ សាមញ្ញំ ទុប្បរាមដ្ឋំ នីរយាយូបកឌ្ឍតិ។ យំកិញ្ចិ ទុប្បរាមដ្ឋំ សំកិលិដ្ឋញ្ច យំ វត្តំ សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ។ កយិរា ចេ កយិរាថេនំ នឡ្ហមេនំ បរក្កមេ សិថិលោ ហិ បរិព្វាជោ ភិយ្យោ អាកិរតេ រជំ។ សេចក្ដីថា ៖ ធម្មតាស្បូវភ្លាំងដែលបុគ្គលចាប់កាន់មិនល្អទាញភើកកន្ត្រាក់មក តែងមុតដៃ មានឧបមារដូចម្ដេចមិញ, ផ្នួសដែលអ្នកបួសណាមួយកាន់មិនល្អ គឺប្រព្រឹត្តខុសច្បាប់របស់បព្វជិតរមែងប្រទាញអ្នកបួសនោះឲ្យចូលទៅក្នុងនរកដូច្នោះដែរ; ការងារឯណាមួយដែលធូរថយក្ដី វត្តគឺសេចក្ដីប្រព្រឹត្តឯណានីមួយដែលសៅហ្មងក្ដី ព្រហ្មចរិយាឯណានីមួយដែលបុគ្គលរឭកដោយសេចក្ដីរង្គាសក្ដី ទាំង ៣ យ៉ាងនេះជាការមិនមានផលច្រើនឡើយ; បើបុគ្គលនឹងធ្វើកិច្ចអ្វី ៗ ដែលជាកិច្ចគួរធ្វើ ក៏គប្បីធ្វើកិច្ចនោះចុះ, តែត្រូវខំខ្នះខ្នែងធ្វើកិច្ចការនោះឲ្យមែនទែន កុំគ្រាន់តែថា ព្រោះធម៌ជាគ្រឿងវៀរដែលបុគ្គលប្រព្រឹត្តធូរថយ តែងរោយរាយនូវទោសដូចធូលី គឺត្រឡប់ជាទោសវិញ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |