Reading Article
Public date : 06, Jul 2021 (10,867 Read)
ទស្សនកិច្ចផ្សេងៗ

|
ទស្សនកិច្ចផ្សេងៗ
យើងជាភ្ញៀវសមរម្យដែលចង់ទៅលេងផ្ទះគេ ត្រូវប្រាប់ដំណឹង ឬជូនប័ណ្ណបញ្ជាក់សេចក្ដីទៅម្ចាស់ផ្ទះជាមុន។ ភ្ញៀវអ្នកមានរបៀប មិនទៅលេងផ្ទះគេដោយមិនបានប្រាប់គេមុននោះឡើយ។ នៅក្នុងប័ណ្ណដែលជម្រាបថាសុំមកលេងផ្ទះគេ យើងជាភ្ញៀវត្រូវសរសេរថ្ងៃ ខែ ឆ្នាំ ម៉ោង និងចំនួនមនុស្សដែលសុំមកលេងនោះអោយបានប្រាកដប្រជា។ បើយើងទៅលេងផ្ទះគេមិនត្រូវធ្វើគំនិតមារយាទដូចយើងធ្លាប់ពោលថា " ផ្ទះអ្នក ផ្ទះលោកក៏ដូចផ្ទះខ្ញុំ " នោះទេ។ កុំធ្វើឲ្យអ្នកផ្ទះមានការធុញទ្រាន់ ឬអៀនអន់ព្រោះតែទស្សនកិច្ចរបស់យើងឲ្យសោះ។ បើយើងទៅសួរសុខទុក្ខគេ នៅពេលដែលគេមានទុក្ខដូចជាមានបុគ្គលមរណៈលើផ្ទះយើងមិនត្រូវញញឹមញញែមបញ្ចេញសម្ផស្ស ពាក់គ្រឿងអលង្ការ ផាមួង ហូលព្រែ ល្បើកខ្សែសយនោះឡើយ យើងត្រូវរៀបចំជាអ្នកជួយរំលែកទុក្ខពីអ្នកផ្ទះ យើងគួរចេះលួងលោមក្មេងក្មាងដែលយំសោកមិនឈប់ដោយពាក្យប្រៀនប្រដៅផ្សេងៗ ឲ្យគ្នាបានស្រាកស្រានបាត់ទុក្ខសោកនេះ។ យើងត្រូវជួយឈឺឆ្អាលដល់ជនរងគ្រោះ។ បើយើងទៅលេងផ្ទះដូចតាចាស់ៗ ហើយយើងចង់ទិញនំនែកអ្វីផ្ញើ យើងមិនត្រូវរើសចំណីណាដែលរឹងហួសប្រមាណនៅពេលដែលគាត់បាក់ធ្មេញអស់នោះទេ គឺមិនត្រូវទិញអំពៅគ្រលីងឈូក ។ល។ ជាដើមឡើយ។ បើយើងទៅសាកសួរអ្នកជម្ងឺនៅមន្ទឺរពេទ្យ ឬនៅផ្ទះយើងមិនត្រូវមាត់ឡូឡាសាកសួរពីនាយមកទេ ត្រូវសាកសួរគ្រូពេទ្យ-គិលានុបដ្ឋានយិកា ឬអ្នកថែអ្នកជំងឺ។ បើមានការអ្វីចង់ជួបបន្ទាប់ជាមួយម្ចាស់ផ្ទះ យើងត្រូវសូមអភ័យទោសពីគេមុនបើម្ចាស់ផ្ទះមិនទាន់ចេញមកទទួលទេយើងជាភ្ញៀវត្រូវឈរចាំទទួលម្ចាស់ផ្ទះ មិនត្រូវដើរទៅអង្គុយនៅកន្លែងគួរសមសម្រាប់ខ្លួនទេ បើម្ចាស់ផ្ទះឲ្យមនុស្សមកប្រាប់ថាអោយចាំមួយភ្លែតយើងជាភ្ញៀវមិនត្រូវដើរទៅផ្សារសិន ឬទៅទីណាសិនទេ យើងត្រូវអង្គុយកន្លែងសមគួរ។ ពេលគេឲ្យយើងអង្គុយចាំ យើងមិនត្រូវដើរទៅឈ្ងោកមើលរបស់របរក្នុងទូកញ្ចក់របស់គេ ឬរូបថតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេទេ យើងត្រូវអង្គុយចាំដោយរម្យទម ទោះបីផ្ទះដែលយើងទៅនោះ នៅស្រុកស្រែចំការក៏ដោយ ក៏យើងមិនត្រូវដើរទៅខ្វេះខ្វាចរបស់របរដូចជា បេះផ្លែត្របែក ពុទ្រ្ទា កន្ទួតរបស់ម្ចាស់ផ្ទះដែរ។ ម្យ៉ាងទៀតភ្ញៀវដែលមានរបៀបគេមិនជុះនោមច្រាសដើមផ្កា ឬ ដើមឈើណានៅខាងមុខផ្ទះគេទេ យើងត្រូវមានការអៀនខ្មាសចំពោះភ្នែកអ្នកផង ដែលសំឡឹងមកចំ។ តើម្ចាស់ផ្ទះត្រូវទទួលភ្ញៀវបែបណាខ្លះ? ម្ចាស់ផ្ទះមិនត្រូវដំអក់ចេញពីគ្រែស្រែកសួរថា នរណារកអ្វី? មានការអ្វី? " គ្មាននរណានៅទេ " នោះឡើយ។ បើភ្ញៀវដែលមិនបានឲ្យដំណឹងជាមុននោះ បានជាមកផ្ទះរបស់យើងទៅហើយយើងត្រូវមានសុជីវធម៌ក្នុងឋានៈជាម្ចាស់ផ្ទះ ហើយត្រូវគិតថាភ្ញៀវរបស់ប្ដី របស់កូន របស់កូនប្រសារ ថាភ្ញៀវរបស់ខ្លួនផ្ទាល់។ នៅពេលភ្ញៀវអញ្ជើញមកដល់ នៅពេលសំពះសួរតបជាមួយភ្ញៀវរួចហើយ យើងជាម្ចាស់ផ្ទះគួរអញ្ជើញភ្ញៀវឲ្យពិសាទឹកដែលយើងជាម្ចាស់ផ្ទះ បានរៀបទុកលើតុទទួលភ្ញៀវរួចជាស្រេចហើយ។ នៅវេលាថ្ងៃត្រង់ ឬថ្ងៃរសៀលបន្តិច គេអាចទទួលភ្ញៀវដោយទឹកក្រូច ទឹកលីម៉ូណាត់ ទឹកស៊ីរ៉ូទឹកកក ទឹកតែ កាហ្វេ ភេសជ្ជៈ ផ្សេងៗ នំធ្វើអំពីម្ស៉ៅ ឬនំប្រអប់ផ្សេងៗក៏បាន។ ចាប់តាំងពីម៉ោង១៨ល្ងាចទៅ គេអាចទទួលភេសជ្ជៈខ្លះ ដូចជាកាហ្វេ ទឹកតែជាដើម។ ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ ដោយ៥០០០ឆ្នាំ |