Reading Article
Public date : 30, Jul 2019 (47,678 Read)
អាយុទុព្វលតោ

|
អាយុទុព្វលតោ
( អាយុជារបស់ទុព្វល ) បទថា អាយុទុព្វលតោ អធិប្បាយថា អាយុនោះមិនរឹងមាំ ទន់ខ្សោយ ពិតហើយ អាយុរបស់សត្វទាំងឡាយជាប់ជាមួយនឹងខ្យល់ដង្ហើមចូលចេញ ១ ជាប់នឹងឥរិយាបថ ១ ជាប់នឹងក្ដៅ-ត្រជាក់ ១ ជាប់នឹងមហាភូតរូប ១ ជាប់នឹងអាហារ ១។ ជីវិតនេះ មានការប្រព្រឹត្តទៅស្មើ នៃខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញប៉ុណ្ណោះ ទើបប្រព្រឹត្តទៅបាន តែកាលខ្យល់ដង្ហើមចេញទៅក្រៅហើយ មិនចូលក្នុងវិញក្ដី ចូលក្នុងហើយ មិនចេញក្រៅក្ដី បុគ្គលក៏បានឈ្មោះថា ស្លាប់។ ម្យ៉ាងទៀត ជីវិតនេះ មានការប្រព្រឹត្តទៅស្មើ នៃឥរិយាបថ ៤ ប៉ុណ្ណោះ ទើបប្រព្រឹត្តទៅបាន បើឥរិយាបទណា មួយលើសប្រមាណ ដោយប្រការណាមួយ អាយុសង្ខារក៏ត្រូវដាច់។ ម្យ៉ាងទៀត ជីវិតនេះ បានការប្រព្រឹត្តទៅសមល្មមនៃភាពក្ដៅនិងភាពត្រជាក់ប៉ុណ្ណោះ ទើបប្រព្រឹត្តទៅបាន តែកាលបើបុគ្គលត្រូវត្រជាក់ហួសប្រមាណក្ដី ក្ដៅហួសប្រមាណក្ដី គ្របសង្កត់ ក៏រមែងវិបត្តិទៅ។ ម្យ៉ាងទៀត ជីវិតនេះ បានការប្រព្រឹត្តទៅស្មើ នៃមហាភូតរូបទាំងឡាយប៉ុណ្ណោះ ទើបប្រព្រឹត្តទៅបាន តែព្រោះបឋវីធាតុ ឬធាតុដ៏វិសេស មានអាបោធាតុជាដើម យ៉ាងណាមួយកម្រើកហើយ បុគ្គលសូម្បីសម្បូណ៌ដោយកម្លាំង ក៏ទៅជាបុគ្គលមានកាយរឹងខ្លះ មានកាយស្អុយសៅហ្មង ដោយអំណាចនៃរោគរាគមួលជាដើមខ្លះ មានការក្ដៅសន្ធំខ្លះ ដាច់សរសៃខ្លះ ក៏ដល់នូវការអស់ជីវិតទៅ។ ម្យ៉ាងទៀត កាលបុគ្គលបានកវឡិង្ការាហារ ក្នុងកាលដែលសមគួរប៉ុណ្ណោះ ជីវិតទើបប្រព្រឹត្តទៅបាន តែកាលបើមិនបានអាហារ វាក៏វិនាសទៅដូចគ្នា។ ព្រះយោគាវចរ គប្បីរឭកដល់សេចក្ដីស្លាប់ ដោយអាយុរបស់ទុព្វល តាមន័យដូច្នេះចុះ។
ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |