Reading Article
Public date : 05, Dec 2020 (11,246 Read)
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្តាប់

|
ឧប្បលហត្ថិយត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះ តិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថះ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្តាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយអំណាចអានិសង្ឃនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្តីសម្គាល់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាសេ្តច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈ ដូចគ្នាក្នុងកប្បនោះ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ ឧប្បលហត្ថិយត្ថេរាបទាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ៣-៤ ដោយ៥០០០ឆ្នាំ |