Reading Article
Public date : 25, Nov 2020 (12,632 Read)
រឿងឧព្វរីប្រេត

|
រឿងឧព្វរីប្រេត
(ព្រះសង្គីតិកត្ថេរទាំងឡាយ ពោលថា) ស្តេចរបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ទ្រង់ព្រះនាមព្រហ្មទត្ត ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ លុះដល់ថ្ងៃនិងយប់កន្លងទៅ ស្តេចក៏ទ្រង់សោយទិវង្គត ។ អគ្គមហេសីរបស់ស្តេចនោះ ឈ្មោះនាងឧព្វរី បានទៅកាន់ទីស្មសាន ហើយទ្រង់ព្រះកន្សែង កាលមិនឃើញស្តេចព្រហ្មទត្ត ក៏ទ្រង់ព្រះកន្សែងថា ឱព្រះបាទព្រហ្មទត្ត ។ ឥសី ជាអ្នកប្រាជ្ញ បរិបូណ៌ដោយចរណៈ បានមកក្នុងទី ដែលនាងឧព្វរីឈរនោះ ឥសីនោះបានសួរពួកជនដែលមកជួបជុំក្នុងទីនោះថា ចុះទីស្មសាននេះដែលផ្សាយទៅដោយក្លិនក្រអូបផ្សេងៗ តើរបស់នរណា ស្រីនេះជាភរិយារបស់នរណា កំពុងកន្ទក់កន្ទេញរកប្តី ដែលទៅឆ្ងាយអំពីមនុស្សលោកនេះ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទព្រហ្មទត្ត ។ ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រមហាឥសីដ៏ចម្រើន (ទីស្មសាននេះ) របស់ព្រះបាទព្រហ្មទត្ត បពិត្រមហាឥសី អ្នកនិរទុក្ខ (ស្រីនេះជាភរិយា) របស់ព្រះបាទព្រហ្មទត្ត ទីស្មសាននេះ របស់ព្រះបាទព្រហ្មទត្តនោះ ដែលផ្សាយទៅដោយក្លិន ក្រអូបផ្សេងៗ ស្រីនេះជាភរិយា របស់ព្រះបាទព្រហ្មទត្តនោះ កន្ទក់កន្ទេញរកប្តីដែលទៅឆ្ងាយ អំពីមនុស្សលោកនេះហើយ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទព្រហ្មទត្ត ។ (តាបសសួរនាងឧព្វរីថា) ស្តេចទាំងឡាយ ៨៦០០០ ព្រះអង្គ សុទ្ធតែឈ្មោះព្រះបាទព្រហ្មទត្ត ត្រូវគេដុតក្នុងទីស្មសាននេះដែរ បណ្តាស្តេចព្រហ្មទត្តទាំងនោះ តើនាង សោកស្តាយរកស្តេចព្រហ្មទត្តអង្គណា ។ (នាងឧព្វរីឆ្លើយថា) បពិត្រលោកដ៏ចម្រើន ស្តេចអង្គណារបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ ខ្ញុំសោកស្តាយរកស្តេចអង្គនោះ ជាភស្តា (របស់ខ្ញុំ) ជាអ្នកឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ។ (តាបសសួរថា) ពួកស្តេចទាំងអស់ សុទ្ធតែឈ្មោះព្រហ្មទត្ត ពួកស្តេចទាំងអស់ របស់ពួកជនអ្នកនៅ ក្នុងដែនបញ្ចាល សុទ្ធតែជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរ ក្នុងរាជសម្បត្តិ នាងបានជាមហេសី របស់ពួកស្តេចទាំងអស់តាមលំដាប់មក ហេតុអីបានជានាងលះចោលពួកស្តេចជាន់មុន ហើយមកសោកស្តាយតែស្តេចជាន់ក្រោយវិញ ។ (នាងឧព្វរីតបថា) បពិត្រលោកអ្នកនិរទុក្ខ លោកពោលជាច្រើនដងហើយថា នាងឯងជាមហេសីនៃស្តេច (ទាំងពួង) ក្នុងសង្សារចំពោះខ្ញុំ ដែលកើតជាស្រីណា ខ្លួនរបស់ខ្ញុំ ដែលកើតជាស្រីនោះ (ធ្លាប់កើតជាស្រី) អស់កាលក៏យូរ (ឬក៏ធ្លាប់កើតជាប្រុសដែរ) ។ (តាបសពោលថា) នាងឯង ជួនកាលកើតជាស្រី ជួនកាលកើតជាប្រុស មិនតែប៉ុណ្ណោះ ជួនកាលបាន ទៅកាន់កំណើតបសុសត្វ កាលបើយ៉ាងនេះ ទីបំផុត (នៃអត្តភាពទាំងឡាយ) ដែលកន្លងនូវឥត្ថីភាព និងបុរិសភាពនុ៎ះ រមែងមិនប្រាកដឡើយ ។ (នាងឧព្វរីពោលថា) លោកបានស្រោចស្រប់ខ្ញុំដែលភ្លើងគឺសេចក្តីសោកកំពុងឆេះសព្វ ឲ្យស្ងប់រម្ងាប់បាន ហើយញ៉ាំងសេចក្តីក្រវល់ក្រវាយ ទាំងពួងឲ្យរលត់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងកំពុងឆេះនូវឆ្នាំងខ្លាញ់ លោកណា បានបន្ទោបង់នូវសេចក្តីសោកព្រោះប្តីចំពោះខ្ញុំ ដែលមានសេចក្តីកំពុងគ្របសង្កត់ លោកនោះឈ្មោះថា បានដកនូវសរគឺសេចក្តីសោក ដែលអាស្រ័យនូវហឫទ័យ របស់ខ្ញុំ ។ ខ្ញុំនោះ ជាអ្នកមាន សរគឺសេចក្តីសោកដកចោលហើយ ជាអ្នកមានចិត្តត្រជាក់កើតហើយ មានទុក្ខរលត់ហើយ បពិត្រព្រះមហាមុនី ខ្ញុំលែងសោកស្តាយ លែងយំទួញហើយ បពិត្រព្រះមហាមុនី ខ្ញុំលែងសោកស្តាយ លែងយំទួញហើយ ព្រោះស្តាប់ពាក្យរបស់លោក ។ នាងឧព្វរីបានស្តាប់ពាក្យ សុភាសិតនោះរបស់តាបសជាសមណៈ នោះហើយ ក៏ប្រដាប់បាត្រនិងចីវរ ចូលកាន់ផ្នួស លុះនាងឧព្វរីនោះ ចេញចាក ផ្ទះចូលកាន់ផ្នួសហើយ ក៏ចេញអំពីស្រុក ដើរទៅកាន់ស្រុកកាន់និគម និងរាជធានីទាំងឡាយ បានចម្រើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក ។ នាងឧព្វរី បានធ្វើមរណកាល ក្នុងស្រុកឈ្មោះ ឧរុវេលៈ នាងឧព្វរីនោះ បានចម្រើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក ហើយញ៉ាំងចិត្តឲ្យនឿយណាយក្នុងឥត្ថីភាព ក៏បានទៅកើតក្នុងព្រហ្មលោក ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ៦២-៦៥ ដោយ៥០០០ឆ្នាំ |