Reading Article
Public date : 02, Aug 2021 (19,428 Read)
ចុន្ទីរាជកុមារីមានរថ ៥០០ និងកុមារី៥០០ហែហម

|
ចុន្ទីសូត្រ
នៅក្នុងបិដកលេខ ៤៤ ទំព័រ៦៧ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់អំពី (វត្ថុដែលមានផលដ៏ប្រសើរ) មានសេចក្តីថា ៖ សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះនាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហមទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន រាជកុមារឈ្មោះ ចុន្ទៈ ជាបងរបស់ខ្ញុំព្រះអង្គនោះនិយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រី្តក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹងដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ហើយវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ រៀរចាកមុសាវាទ វៀរចាកសុរាមេរយបជ្ជប្បមាទ បុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លាក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃមានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិទេ ។ ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើងពីរក្តី ជើងបួនក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី នេវសញ្ញានាសញ្ញាក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ថប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះឈ្មោះថា ជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងបុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹងឲ្យទ្រុឌទ្រោម នាំចេញនូវសេចក្តីសេ្រកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្តៈអស់តណ្ហា ប្រាសចាកតម្រេករលត់ ទុក្ខមិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងវិរាគធម៌ ពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងបុន្មាន សង្ឃសាវ័ករបស់តថាគត បើរាប់ជាគូបុរសមាន ៤គូ បើរាប់រៀងជាបុគ្គលមាន ៨ សង្ឃទាំងនោះជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគជាអ្នកគួរទទូលចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទានដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជា គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិប្រព្រឹត្តទៅដើម្បីសមាធិនេះ ប្រាកដជាប្រសើរជាងសីលទាំងនោះ ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជាអ្នកបំពេញក្នុងពួកសីលដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញក្នុងសីលដ៏ប្រសើរ ។ អគ្គតោ វេ បសន្នានំ អគ្គំ ធម្មំ វិជានតំ អគ្គេ ពុទ្ធេ បសន្នានំ ទក្ខិណេយ្យេ អនុត្តរេ អគ្គេ ធម្មេ បសន្នានំ វិរាគូបសមេ សុខេ អគ្គេ សង្ឃេ បសន្នានំ បុញ្ញក្ខេត្តេ អនុត្តរេ អគ្គស្មឹ ទានំ ទទតំ អគ្គំ បុញ្ញំ បវឌ្ឍតិ អគ្គំ អាយុច វណ្ណោ ច យសោ កិត្តិ សុខំ ពលំ ។ បុណ្យដ៏ប្រសើរ រមែងចម្រើន អាយុដ៏ប្រសើរផង សម្បុរកាយដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តេ៍ឈ្មោះដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចម្រើនដល់ពួកបុគ្គលអ្នកដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លានឹងវត្ថុដ៏ប្រសើរ គឺជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរដែលជាទក្ខិណេយ្យបុគ្គលរកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់នាំមកនូវសុខ ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្តរកខេត្តដទៃ ក្រៃលែងជាងគ្មានជាអ្នកឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ ។ អគ្គស្ស ទាតា មេធាវី អគ្គធម្ម សមាហិតោ ទេវភូតោ មនុស្សោ វា អគ្គប្បត្តោ បមោទតីតិ ។ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តតម្កល់ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្សដល់នូវសេចក្តីប្រសើរ រមែងរីករាយ ។ ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |