Reading Article
Public date : 30, Jul 2019 (49,994 Read)
គប្បីត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស

|
ខគ្គវិសាណសូត្រ
បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀន នូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិនគប្បី នូវបុត្ត តើគប្បីត្រូវការសម្លាញ់ អំពីណា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ រមែងមាន ដល់បុគ្គលដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាម ចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោស ដែលកើត អំពីសេចក្តីស្រឡាញ់ហើយ ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល អ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែលមានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យសាបសូន្យ បុគ្គលកាលឃើញ នូវភ័យក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស ។ សេចក្តីស្រឡាញ់ ចំពោះកូននិងប្រពន្ធ ដូចឫស្សីដែលបែកគុម្ព ចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមចំណង់ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញ សេរីភាព(១) (យ៉ាងនេះ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាល នៃសំឡាញ់ គឺការនៅ ការឈរនឹង ការត្រាច់ចារិក បុគ្គលកាលបើឃើញ សេរីភាពដែល (ពួកជនពាល) មិនប្រាថ្នា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ការលេង ការត្រេកអរ ក្នុង(កាមគុណ) រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាលនៃសំឡាញ់មួយទៀត សេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គល កាលបើធុញទ្រាន់ នឹងការព្រាត់ប្រាស់ ចាកសត្វនឹងសង្ខារ ជាទីស្រឡាញ់ហើយ គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ។ បុគ្គល ជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនលំបាក ត្រេកអរ ដោយបរិក្ខារ តាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយទាំងឡាយ ទាំងជាអ្នកមិនតក់ស្លុត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បព្វជិតពួកខ្លះ ឬគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គេសង្គ្រោះ បានដោយកម្រ បុគ្គលមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះបុត្ត នៃបុគ្គលដទៃ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ធីរបុរស លះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ កាត់ចំណង របស់គ្រហស្ថទាំងឡាយ ដូចជារលួសផ្អុង ជំរុះស្លឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បើបុគ្គលមានអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានអ្នកប្រាជ្ញខ្ជាប់ខ្ជួន ត្រាច់ទៅ ជាមួយគ្នា គ្របសង្កត់នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយសំឡាញ់នោះទៅចុះ ។ បើបុគ្គល រកអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញាខ្ជាប់ខ្ជួនត្រាច់ទៅជាមួយគ្នា ពុំបានទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាលះបង់ នូវដែនដែលព្រះអង្គឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ លះបង់ហ្វូងត្រាច់ទៅក្នុងព្រៃ ។ តាមពិត យើងសរសើរ នូវការបរិបូណ៌ ដោយសំឡាញ់ហើយ តែសំឡាញ់ មានគុណប្រសើរជាង នឹងស្រឡាញ់មានគុណស្មើ បុគ្គលគួរសេពគប់ រាប់រក បើ (កុលបុត្រចង់បានប្រយោជន៍) រកសំឡាញ់ទាំងនុ៎ះ ពុំបានទេ គប្បីជាអ្នកបរិភោគភោជន ដែលមិនមានទោស ហើយត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវ កងមាសទាំងពីរ ដ៏ភ្លឺផ្លេក ដែលជាងមាស ធ្វើសម្រេចហើយ ដោយល្អ រណ្តំគ្នា ឰដ៏ដៃ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ការចរចារ ដោយវាចារក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងកុមារ ជាគម្រប់ពីរ មានដល់អញ យ៉ាងនេះ បុគ្គលកាលបើឃើញ នូវភ័យនុ៎ះ តទៅខាងមុខហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយ ដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត តែញាំញី នូវចិត្តដោយសភាព ដ៏ប្លែកៗ បុគ្គលឃើញទោស ក្នុងកាមគុណ ទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ នឹងភ័យទាំងនុ៎ះ រមែងមានដល់យើង (ព្រោះកាម) បុគ្គលកាលបើឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវ ទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រក ខ្យល់ និងកម្តៅថ្ងៃ របោបនិងពស់ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរ ដូចផ្កាឈូក កាលលះបង់ នូវហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស (យ៉ាងនោះ )។ បុគ្គលបាននូវវិមុត្តិ ប្រព្រឹត្តទៅ ក្នុងសម័យគឺលោកិយសមាបត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង នៃបុគ្គលអ្នកត្រេកអរ ក្នុងពួកទេ បុគ្គល ពិចារណាពាក្យ របស់ព្រះពុទ្ធ ជាព្រះអាទិច្ចពុន្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកន្លង នូវទិដ្ឋិអាក្រក់ ដល់នូវធម៌ទៀង មានមគ្គបានហើយ មិនបាច់មានអ្នកដទៃ ដឹកនាំ ព្រោះដឹងថា អាត្មាអញ មានញាណ កើតហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល មិនជាប់ចិត្ត ក្នុងអាហារ មិនកុហក មិនមានសេចក្តីស្រេកឃ្លាន ជាអ្នកមិនលុបគុណគេកម្ចាត់បង់មោហៈ ដូចជាទឹកចត់ចេញបាន មិនមានទីអាស្រ័យ (គឺកិលេស) ក្នុងលោកទាំងមូល គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគប្បីវៀរ នូវសំឡាញ់ ដ៏អាក្រក់ដែលបង្ហាញ នូវអំពើមិនជាប្រយោជន៍ អាស្រ័យនៅក្នុងកម្មមិនស្មើ (គឺទុច្ចរិត) មិនគប្បីសេពគប់នូវសំឡាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគប្បីគប់រក នូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ប្រកបដោយកម្ម ដ៏ថ្លៃថ្នូរ មានប្រាជ្ញា វាងវៃ លុះដឹងច្បាស់ នូវប្រយោជន៍ ទាំងឡាយ ហើយគប្បីបន្ទោរបង់ នូវសេចក្តីសង្ស័យ ចេញត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល មិនតាក់តែង នូវការលេងផង ការត្រេកអរផង កាមសុខផង ក្នុងលោក មិនអាឡោះអាល័យ វៀរចាកទីជាទីស្អិតស្អាង អ្នកពោលពាក្យពិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យទាំងឡាយផង ស្រូវទាំងឡាយផង តាមចំណែករៀងខ្លួនផង កាមទាំងឡាយ តាមចំណែករៀងខ្លួនផង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ សុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណមានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមគុណនេះច្រើនក្រៃលែង បុគ្គលអ្នកមានបញ្ញា ដឹងច្បាស់ថា ការជាប់ជំពាក់ ក្នុងកាមគុណនុ៎ះ ដូចជាបូស គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទំលាយ នូវសំយោជនៈ ដូចត្រី ក្នុងទឹក ទំលាយបង់ នូវបណ្តាញ មិនត្រឡប់មក (រកសំយោជនៈ) វិញ ដូចជាភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានចក្ខុដាក់ចុះ មានជើង មិនរពឹស មានឥន្ទ្រិយគ្រប់គ្រងល្អ មានចិត្តរក្សាទុក មិនជោកជំ មិនរោលរាល (ដោយកិលេស) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវវត្ថុជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ ដូចដើមបារិច្ឆព្រឹក្ស មានស្លឹកជំរុះហើយ គប្បីជាអ្នកមានសំពត់កាសាយៈ ចេញបួស ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ (ក្នុងអាហារ) មិនចិញ្ចឹមអ្នកដទៃ ជាអ្នកត្រាច់ទៅតាមច្រក មិនមានចិត្តជាប់ជំពាក់ ក្នុងត្រកូលផ្សេងៗ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវនីវរណៈទាំង ៥ បន្ទោបង់ នូវឧបក្កិលេស នៃចិត្តទាំងអស់ចេញបាន ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា) កាត់បង់ នូវទោសដែលកើត អំពីសេចក្តីស្រឡាញ់ ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលបានធ្វើនូវសុខទុក្ខនឹងសោមនស្ស ទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង ហើយ បាន នូវឧបេក្ខាសមថ (ក្នុងចតុត្ថជ្ឈាន) ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានសេចក្តីព្យាយាម ប្រារព្ធ ដើម្បីដល់នូវព្រះនិព្វាន មានចិត្តមិនរួញរា អ្នកប្រព្រឹត្ត មិនខ្ជិលច្រអូស មានសេចក្តីប្រឹងប្រែង ដ៏មាំ ប្រកបដោយកម្លាំងប្រាជ្ញា ហើយគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល មិនលះបង់នូវឈាន ជាធម្មជាតស្ងប់ស្ងាត់ (ចាកសត្វនឹងសង្ខារ) ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញ ទោសក្នុងភពទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនឆ្កួត មិនគ ជាអ្នកមានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយបុគ្គលទៀង មានសេចក្តីព្យាយាម គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនតក់ស្លុត (ក្នុងលក្ខណៈ មានមិនទៀងជាដើម) ដូចសីហៈ មិនតក់ស្លុតនឹងសម្លេង ទាំងឡាយ មិនបានជាប់ជំពាក់ (ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម) ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនជាប់ (ដោយតណ្ហានឹងលោភៈ) ដូចឈូកមិនទទឹកដោយទឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្កលគប្បីអាស្រ័យ នូវសេនាសនៈ ដ៏ស្ងាត់ដូចជាសីហៈ ជាស្តេចសត្វ មានកម្លាំងចង្កូមត្រាច់ គ្របសង្កត់ កំហែង នូវពួកម្រឹគ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលចម្រើនមេត្តាផង ឧបេក្ខាផង ករុណាផង មុទិតាផង ដែលជាហេតុរួចស្រឡះ (ចាកកិលេស) ក្នុងកាលគួរ មិនថ្នាំងថ្នាក់ចំពោះសត្វលោក ទាំងអស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទំលាយនូវសំយោជនៈទាំងឡាយ មិនតក់ស្លុតក្នុងការក្ស័យជីវិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ពួកមនុស្សមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ពួកមិត្តសំឡាញ់ទាំងឡាយ ដែលឥតហេតុ រកបានដោយក្រ ក្នុងថ្ងៃនេះ ពួកមនុស្ស (ច្រើនតែ) មានប្រាជ្ញាចំពោះប្រយោជន៍ របស់ខ្លួន ជាអ្នកប្រកបដោយអំពើមិនស្អាត បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ -- (១) ការប្រព្រឹត្តតាមចំណង់ចិត្តខ្លួន គឺធ្វើបានតាមឥស្សរចិត្ត ឬមិនជាប់ជំពាក់ក្នុងអំណាចអ្នកដទៃ ។ អដ្ឋកថា ។ ចប់ ខគ្គរិសាណសូត្រ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៤ ទំព័រ ១៣-២៥ ដោយ៥០០០ឆ្នាំ |