Reading Article
Public date : 30, Jul 2019 (45,967 Read)
ពស់តែងសកសំណកចាស់របស់ខ្លួន..

|
រឿងឧរគប្រេត
(ពោធិសត្វនិយាយថា) ពស់តែងសកសំណកចាស់របស់ខ្លួន ចោលហើយលូនទៅ យ៉ាងណាមិញ (សត្វ) កាលបើសរីរៈប្រើការមិនកើតហើយ ធ្វើនូវមរណកាលទៅកាន់បរលោក ក៏យ៉ាងនោះ (ឯសរីរៈដែលនៅសល់ខាងអាយនេះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួល របស់ញាតិទាំងឡាយបាន ហេតុនោះ ខ្ញុំមិនសោកស្តាយ សរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ (មាតានិយាយថា) បុត្ររបស់ខ្ញុំនេះ ខ្ញុំមិនបានហៅគេមកអំពីលោកនោះ ខ្ញុំមិនបានអនុញ្ញាត គេក៏ទៅអំពីមនុស្សលោកនេះ គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ការទួញយំធ្វើអ្វី ព្រោះកិរិយាទៅនោះ (ឯសរីរៈដែលនៅសល់ខាងអាយនោះ) គេដុតក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួល របស់ញាតិ ទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំទួញនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ (ប្អូនស្រីនិយាយថា) បើខ្ញុំយំ ខ្ញុំនឹងទៅជាស្គម ក្នុងការយំនោះ នឹងគប្បីមានផលដូចម្តេចដល់ខ្ញុំ សេចក្តីមិនត្រេកអរដ៏លើសលុប នឹងគប្បីមានដល់ញាតិមិត្ត និងអ្នកមានចិត្តល្អ របស់យើងទាំងឡាយ (ឯសរីរៈដែលនៅសល់នៅខាងអាយនោះ) កាលគេដុតក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ (ភរិយានិយាយថា) បុគ្គលណាសោកស្តាយ នូវបុគ្គលដែលធ្វើមរណកាលទៅកាន់បរលោកហើយ បុគ្គលនោះ ប្រៀបដូចជាទារក យំទារនូវព្រះចន្ទ ដែលកំពុងចរទៅ (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុតក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួលរបស់ពួកញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ (ទាសីនិយាយថា) បពិត្រព្រាហ្មណ៍ ក្អមទឹកដែលបែកហើយតភ្ជាប់វិញមិនបាន យ៉ាងណា សរីរៈអ្នកស្លាប់នេះក៏យ៉ាងនោះដែរ បុគ្គលណាសោកស្តាយនូវបុគ្គលដែលទៅកាន់បរលោកហើយ (បុគ្គលនោះក៏ដូច ជាអ្នកសោកស្តាយនូវក្អមទឹកដែលបែកហើយ) (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្តេចនឹងដឹង) នូវសេចក្តីខ្សឹកខ្សួលរបស់ពួកញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ ។ ចប់ រឿងឧរគប្រេត ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ១៤-១៩ ដោយ៥០០០ឆ្នាំ |