Reading Article
Public date : 07, Nov 2021 (8,919 Read)
កាឡុទាយិត្ថេរ

|
បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោលឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិស ដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ ។
បពិត្រព្រះអង្គដ៏ចម្រើន រដូវដែលមិនត្រជាក់ ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបានពួកសក្យៈ និង ពួកគោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្ត បែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី ។ អ្នកស្រែភ្ជួរស្រែ ដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជ ដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យឆ្លងសមុទ្រ ដោយសេចក្តីប្រាថ្នា ។ ខ្ញុំព្រះអង្គ ឋិតនៅ ដោយសេចក្តីប្រាថ្នា ណា សេចក្តីប្រាថ្នា របស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច ។ អ្នកស្រែទាំងឡាយ ព្រោះពូជរឿយៗ ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែ ភ្ជួរស្រែរឿយៗ ពួកអ្នកស្រែនោះនាំស្រូវចូលទៅកាន់ដែនក៏រឿយៗ ។ ពួកស្មូមត្រាច់សូមរឿយៗ អ្នកម្ចាស់ទាន តែឲ្យក៏រឿយ ៗ ពួកម្ចាស់ទានលុះឲ្យរឿយៗ ហើយតែងទៅកាន់ឋានសួគ៌ក៏រឿយ ៗ ដែរ ។ អ្នកប្រាជ្ញមានបញ្ញាដូចផែនដី កើតក្នុងត្រកូលណា រមែងញ៉ាំងគូរនៃបុរស ៧ជួរ ក្នុងត្រកូលនោះឲ្យស្អាត ខ្ញុំព្រះអង្គសម្គាល់ថា (ព្រះមានព្រះភាគ) ជាទេវតាប្រសើរជាងទេវតា អាច (ធ្វើសត្វដទៃឲ្យស្អាតបាន) ព្រោះអ្នកប្រាជ្ញមានព្រះនាមដ៏ពិត កើតហើយអំពីព្រះអង្គ ។ ព្រះបាទសុទោ្ធទនៈ ជាបិតារបស់ព្រះពុទ្ធព្រះអង្គស្វែងរកនូវគុណដ៏ធំ ឯព្រះមហេសីព្រះនាមមាយា ជាពុទ្ធមាតា ដែលរក្សាព្រះពោធិសត្វ ដោយផ្ទៃ លុះរំលាយខន្ធទៅត្រេកអរតុសិតទេវលោក ។ ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយ ដោយកាមគុណទាំង៥ មានពពួកទេវតា ទាំងនោះចោមរោម ហើយ ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតា នៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតា របស់ខ្ញុំព្រះអង្គ ដោយធម៌ ។ កាឡុទាយិត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ១៤-១៦ ដោយ៥០០០ឆ្នាំ |