Reading Article
Public date : 30, Jul 2019 (81,454 Read)
កម្មជាអ្នកឲ្យផល

|
កម្មជាអ្នកឲ្យផល
កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាអ្នកឲ្យផល មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពំនាក់អាស្រ័យ, អាត្មាអញនឹងធ្វើនូវកម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹងត្រូវជាអ្នកទទួលនូវផលនៃកម្មនោះមិនខាន។ ពាក្យថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ នៅតែមានលក្ខណៈត្រឹមត្រូវ និងអាចពិសោធបានគ្រប់ពេល។ កម្ម គឺជាការងារដែលសត្វលោកត្រូវប្រព្រឹត្តធ្វើទៅតាមផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត រឺឯផល គឺជាលទ្ធផលដែលសម្រេចបានព្រោះអាស្រ័យកម្មគឺការងារនុះឯង។ ការងារល្អ នាំឲ្យជីវិតស្រស់បស់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ព្រោះត្បិតមិនបានក្ដៅក្រហាយស្ដាយក្រោយ បើបច្ចុប្បន្នបានល្អហើយ ទៅអនាគតក៏កាន់តែល្អឡើងជាលំដាប់។ ការងារល្អ គឺប្រសូតចេញអំពីគំនិតល្អ ដូចព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែង ក្នុងគម្ពីរខុទ្ទកនិកាយ ថា ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។ ស្រមោល គឺជារបស់ម្យ៉ាងដែលតែងតែអន្ទោលទៅតាមសត្វលោកគ្រប់ឥរិយាបថទាំងបួន យ៉ាងណាមិញសេចក្ដីសុខដែលជាផលរបស់បុណ្យ ក៏រមែងមិនលះបង់នូវសត្វលោកដូច្នោះដែរ ប៉ុន្តែសេចក្ដីសុខក្នុងជីវិត មិនមែនបានមកដោយគ្រាន់តែការប្រាថ្នា ហើយខ្វះខាតសេចក្ដីព្យាយាមឡើយ បើខ្វះខាតហេតុនៃសេចក្ដីសុខហើយ ទោះបីប្រាថ្នាយ៉ាងណាក៏មិនបាន ឧបមាដូចជាការដាំដំណាំ បើមិនមានការថែទាំ ផលពិតជាមិនបរិបូណ៌ តែបើថែទាំដោយល្អហើយ ផលពិតជាសម្រេចបានតាមបំណងមិនខាន ដូច្នេះ "បើចង់បានផ្លែ ត្រូវតែខំថែគល់ ភោគផលនឹងផ្ដល់តាមប្រាថ្នា"។ ដូចគ្នានេះដែរ ព្រះមានព្រះភាគទ្រង់ត្រាស់ដាស់តឿនក្នុងព្រះធម្មបទ ថា បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ តម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ។ បើបុរស(ស្ត្រី) គប្បីធ្វើនូវបុណ្យ គប្បីធ្វើនូវ បុណ្យនុ៎ះ (ព្រោះថា) កិរិយាសន្សំនូវបុណ្យរមែងនាំមកនូវសេចក្ដីសុខ។ ឯការងារអាក្រក់ នាំឲ្យជីវិតអួអាប់ទាំងផ្នែកផ្លូវកាយទាំងផ្នែកផ្លូវចិត្ត ព្រោះត្បិតអំពើអាក្រក់នុះ តែងញ៉ាំងបុគ្គលនោះឲ្យក្ដៅក្រហាយរឿយៗ បើបច្ចុប្បន្នអាក្រក់ហើយទៅអនាគត ផលអាក្រក់ប្រាកដជានឹងឡើងដោយគេចមិនផុត។ ការងារអាក្រក់ គឺប្រសូតចេញអំពីគំនិតអាក្រក់ ដូចព្រះមានព្រះភាគត្រាស់សម្ដែង ក្នុងគម្ពីរខុទ្ទកនិកាយគាថាព្រះធម្មបទថា មនោ បុព្វង្គមា ធម្មា មនោ សេដ្ឋា មនោ មយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែង ជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ។ គោដែលចូលក្នុងនឹមហើយ តែងដល់នូវការលំបាកប្រាណ មិនងាយនឹងបានសម្រាកឡើយ បើខំស្ទុះទៅមុខនឹមនឹងសង្កត់ក បើចង់ឈប់ នាយសារថីនឹងចាក់ដោយជន្លួញ បើឈានថយក្រោយ កង់រថនឹងសង្កត់កែងជើងដូច្នេះមានតែទ្រាំដើរទៅទាំងការនឿយហត់។ នេះជាការសម្ដែងថា សត្វលោកទាំងអស់ដែលបានកើតមកក្នុងលោកនេះ សុទ្ធតែនៅក្នុងនឹមរបស់នាយសារថីគឺកម្មដែលខ្លួនបានធ្វើដូចៗគ្នា បើធ្វើល្អ សេចក្ដីសុខក៏នឹងកើតឡើង ទោះបីខំប្រឹងប្រើវិធីមន្តអាគម រំដោះគ្រោះ ពាក់ខ្សែយ័ន្តកថា ឬថារត់ទៅពួននៅទីណា ក៏មិនរួចខ្លួនឡើយ ព្រោះហេតុនោះទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សម្ដែងទុកក្នុងគាថាព្រះធម្មបទថា ន អន្តលិក្ខេ នសមុទ្ទមជ្ឈេ ន បព្វតានំ វិវរំ បវីសំ ន វិជ្ជតី សោ ជគតិប្បទេសោ យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា។ បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅព្ធដ៏អាកាស ក្នុងកណ្ដាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលស្ថិតនៅហើយគប្បីរួចចាកបាបកម្មបាននោះមិនដែលមានឡើយ។ ម្យ៉ាងទៀត បើនិយាយពីកម្លាំង ព្រះមានព្រះភាគទ្រង់ត្រាស់ក្នុងបាទដៃព្រះគាថាធម្មបទថា "នត្ថិ កម្មំ សមំ ពលំ មិនមានកម្លាំងអ្វីស្មើដោយកម្លាំងកម្មឡើយ" ។ ដូច្នេះ ក្នុងនាមជាពុទ្ធបរិស័ទ ដែលជាអ្នកជ្រកកោនក្នុងសាសនានៃព្រះជិនស្រី គួរតែបានយល់ដឹងអំពីកម្មនិងផលឲ្យបានច្បាស់លាស់ កុំរវល់តែភ្ញាក់ផ្អើលទៅជឿរឿងអបិយជំនឿផ្សេងៗ ដែលនាំឲ្យកាន់តែអាប់ឱនប្រាជ្ញាស្មារតីកាន់តែខ្លាំងឡើងៗនោះឡើយ គួរតែបែងចែកពេលវេលាខ្លះសម្រាប់សិក្សាស្វែងយល់នូវព្រះធម៌ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីឲ្យបានរឿយៗ មិនយូរប៉ុន្មានពុទ្ធបរិស័ទនឹងអាចមានលំនឹងផ្នែកប្រាជ្ញាស្មារតី អាចជ្រើសរើសផ្លូវដ៏ប្រសើរសម្រាប់ជីវិតមិនខាន។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |