Reading Article
Public date : 30, Jul 2019 (47,844 Read)
សាកសពជាអង្កត់អុសជាវត្ថុមិនមានប្រយោជន៍

|
ជីវិតស្ដុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់អុសជាវត្ថុមិនមានប្រយោជន៍ តែបើគេត្រូវការដោយប្រការណាមួយ គង់អាចយកមកប្រើឲ្យបានសម្រេចប្រយោជន៍ខ្វះមិនខាន ឯសាកសពមនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានក្លិនអសោចិ៍ទៀតផង។ សាកសពអាក្រក់មែនហើយ តែមិនអាក្រក់ដូចមនុស្សរស់ ដែលប្រព្រឹត្តអាក្រក់ទេ ព្រោះសាកសពអាក្រក់តែរូបនិងក្លិនមិនល្អប៉ុណ្ណោះ បើគេយកទៅកប់ឬដុតហើយភាពអាក្រក់និងក្លិនមិនល្អក៏លែងមានដែរ ចំណែកមនុស្សរស់ដែលប្រព្រឹត្តអាក្រក់ គឺអាក្រក់ជាងសាកសពដោយពិតព្រោះបៀតបៀនទាំងខ្លួនឯងនិងអ្នកដទៃ។ ម្យ៉ាងទៀត សាកសពមនុស្សស្លាប់ ជារបស់គ្មានប្រយោជន៍ ព្រោះមិនអាចបំពេញកិច្ចការងារផ្សេងៗ ដូចជាធ្វើការងារអាជីវកម្ម ការងារសង្គ្រោះអ្នកដទៃ ការធ្វើទានការរក្សាសីល ការទូន្មានអប់រំចិត្តសន្ដាន ដោយការស្ដាប់ធម៌ជាដើមបានឡើយ ចំណែកមនុស្សដែលរស់នៅ តែមិនបានប្រើប្រាស់ជីវិតប្រព្រឹត្តធ្វើនូវប្រយោជន៍ ដល់ខ្លួនឯងនិងអ្នកដទៃ ដោយផ្ដើមសាងគុណធម៌ប្រចាំចិត្តសន្ដានទេពិតជាបានឈ្មោះថា ជាមនុស្សដែលកើតមកដើម្បីចង្អៀតលោកមិនខាន ត្បិតគ្មានបាននាំមកនូវប្រយោជន៍ដល់ពិភពលោកនេះសោះ ព្រោះហេតុដូច្នោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ក្នុងបាទនៃព្រះគាថាធម្មបទថា "ន សិយា លោកវឌ្ឍនោ មិនគប្បីធ្វើជាមនុស្សស្ដុកលោកឡើយ"។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |