Reading Article
Public date : 29, Jul 2021 (9,626 Read)
ព្រហ្មជាលសូត្រ

|
ព្រហ្មជាលសូត្រ
ព្រះដ៏មានព្រះភាគ ជាមួយនឹងភិក្ខុសង្ឃ ៥០០ អង្គ គង់នៅវត្តក្នុងព្រះរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅរវាងក្រុងរាជគ្រឹះនិងស្រុកនាឡន្ទា។
ក្នុងកាលនោះ សុប្បិយបរិព្វាជក តិះដៀលព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឯចំណែកព្រហ្មទត្តមាណពដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជកនោះឯង បែរទៅជាពោលសរសើរព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលធ្វើឲ្យអ្នកទាំងពីរជាគ្រូនិងសិស្សពោលពាក្យជាសឹកសត្រូវនឹងគ្នា។ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានភិក្ខុទាំងឡាយអំពីរឿងអ្នកដទៃតិះដៀលនិងពោលសរសើរព្រះរតនត្រ័យ រួចហើយព្រះអង្គទ្រង់ត្រាស់អំពីបុថុជ្ជន កាលបើពោសសរសើរគុណរបស់តថាគតតែងសរសើរដោយគុណជាតិណា គុណជាតិនោះមានប្រមាណតិច មានប្រមាណស្ដួចស្ដើង បានត្រឹមតែសីលប៉ុណ្ណោះ។ ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីពួកសីល គឺ ចូឡសីលមជ្ឈិមសីល និងមហាសីល ដែលធ្វើឲ្យព្រះសូត្រនេះសង្គ្រោះក្នុងសីលក្ខន្ធវគ្គហ្នឹងឯង។ ជាបន្តទៀត ព្រះសុគតជាសាស្ដា ទ្រង់ត្រាស់ទិដ្ឋិ ៦២ ដើម្បីសម្ដែងនូវភាពនៃសព្វញ្ញុតញ្ញាណ ជាព្រះគុណដ៏ក្រៃលែងរបស់ព្រះអង្គ រួចហើយព្រះអង្គទ្រង់ប្រកាសនូវសុញ្ញតា ព្រោះថាទិដ្ឋិទាំងអស់សុទ្ធតែអាស្រ័យផស្សៈជាបច្ច័យទើបកើតឡើងបាន។ ក្នុងព្រះសូត្រនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់វដ្ដកថាដោយព្រះអង្គទ្រង់លើកយកទិដ្ឋិជាប្រធាន និងព្រោះដោយការជាប់ជំពាក់ចិត្តក្នុងវេទនា ទើបព្រះអង្គទ្រង់ត្រាស់បដិច្ចសមុប្បាទធម៌ដែលមានវេទនាជាមូល គឺនៅទំព័រ ១០៩ មានជាដើមថា តណ្ហារបស់សមណព្រាហ្មណ៍ទាំងនោះ កើតមានព្រោះវេទនាជាបច្ច័យ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់វិវដ្ដកថា ដោយលើកយកភិក្ខុដែលជាអ្នកប្រកបដោយសេចក្ដីព្យាយាម មកជាទីតាំង ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវការកើតឡើង ( សមុទយៈ ), ការរលត់ ( អត្ថង្គមៈ ), ការត្រេកអរ ( អស្សាទៈ ), ទោស ( អាទីនវ ) និងការរលាស់ចោល ( និស្សរណៈ ) នូវអាយតនៈដែលជាទីកើតនៃផស្សៈទាំង ៦ តាមសេចក្ដីពិត ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនេះរមែងដឹងច្បាស់នូវធម៌ដ៏លើសលប់ ជាងសមណព្រាហ្មណ៍ទាំងអស់នោះ។ អដ្ឋកថា សម្ដែងថា ភិក្ខុនេះរមែងដឹងនូវទិដ្ឋិ និងធម៌ដ៏ក្រៃលែងជាទិដ្ឋិ គឺ សីល សមាធិ បញ្ញា វិមុត្តិ រហូតដល់ព្រះអរហត្ត ឯភិក្ខុអ្នកដឹងនោះទៅតាមលំដាប់ គឺ ព្រះខីណាស្រព ព្រះអនាគាមី ព្រះសកទាគាមី ព្រះសោតាបន្ន ភិក្ខុជាពហុស្សូតទ្រទ្រង់គន្ថធុរៈ និងភិក្ខុប្រារព្ធវិបស្សនា។ ព្រះធម៌ទេសនា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដល់ធម៌កំពូលគឺព្រះអរហត្តក្នុងវិវដ្ដកថា ជាចុងក្រោយព្រះអង្គត្រាស់អំពីបុគ្គលដែលមានទិដ្ឋិទាំងអស់មិនផុតពីសំណាញ់ គឺព្រះធម៌ទេសនារបស់ព្រះអង្គនេះឡើយ ដូចត្រីនៅក្នុងសំណាញ់ព្រាន ពោលគឺម៉ឺនលោកធាតុដូចទីដែលមានទឹកតិច បុគ្គលដែលមានទិដ្ឋិទាំងអស់ដូចត្រីនៅក្នុងសំណាញ់ ព្រះធម៌ទេសនាដូចជាសំណាញ់ ព្រះពុទ្ធអង្គទ្រង់ដូចជាអ្នកបង់សំណាញ់។ ព្រះសម្មាសម្ពុទ្ធត្រាស់បញ្ចប់ព្រះធម៌ទេសនាដោយអនុបាទិសេសនិព្វានធាតុ រួចហើយ ព្រះអង្គទ្រង់ប្រកាសឈ្មោះនាំធម្មបរិយាយ ៥ យ៉ាងគឺ ១- អត្ថជាលៈ បែងចែងនូវប្រយោជន៍ ២- ធម្មជាលៈ បែបផែនច្រើនក្នុងការសម្ដែងធម៌ ៣- ព្រហ្មជាលៈ សំណាញ់ព្រហ្មគឺសព្វញ្ញុតញ្ញាណ ៤- ទិដ្ឋិជាលៈ បែងចែកទិដ្ឋិ ៦២ ៥- អនុត្តរសង្គាមវិជយៈ អ្នកណាៗស្ដាប់ធម្មបរិយាយនេះហើយ អាចនឹងញាំញីបាននូវទេវបុត្តមារ ខន្ធមារ មច្ចុមារ និងកិលេសមារ ដូច្នោះ ទើបធម្មបរិយាយនេះឈ្មោះថា ពិជ័យសង្គ្រាមដ៏ប្រសើរខ្ពង់ខ្ពស់បំផុត។ ភិក្ខុទាំងនោះ បានស្ដាប់នូវព្រហ្មជាលសូត្រនេះហើយក៏មានចិត្តអណ្ដែតឡើងដោយបីតិ បង្អោនទៅរកព្រះដ៏មានព្រះភាគ ដែលព្រះអង្គទ្រង់ប្រកាសនូវព្រះសព្វញ្ញុតញ្ញាណ ដ៏សែនជ្រៅក្រៃលែង កម្ចាត់នូវមហាអន្ធការគឺទិដ្ឋិ ដូចព្រះអាទិត្យកម្ចាត់នូវភាពងងឹតដូច្នោះឯង។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវវេយ្យាករណ៍ គឺព្រះសូត្រមិនមានគាថានេះចប់ហើយ លោកធាតុគឺចក្កវាឡទាំងមួយម៉ឺន ក៏កម្រើកញាប់ញ័រ។ ផែនដីកម្រើកញាប់ញ័រដោយការសម្ដែងព្រះសូត្រនេះ ក្នុងពេលសង្គាយនាទាំង ៣ លើកផង ក្នុងពេលព្រះមហិន្ទត្ថេរសម្ដែងក្នុងជាតិវ័ននៅតម្ពបណ្ណិទ្វីបផង ក្នុងពេលព្រះបិណ្ឌបាតិយត្ថេរបោសលាងព្រះចេតិយ នាវត្តកល្យាណី ហើយគង់នៅទីលានព្រះចេតិយនោះមានបីតិដោយពុទ្ធានុស្សតិ ហើយសូត្រនូវព្រះសូត្រនេះផង និងក្នុងពេលព្រះថេរៈច្រើនអង្គគង់នៅអម្ពលដ្ឋិកៈ នាទិសខាងកើតលោហប្រាសាទ សូត្រនូវព្រហ្មជាលសូត្រនេះឯងផង។ ដោយអានុភាពនៃព្រះសូត្រដ៏ប្រសើរណា ដែលព្រះសយម្ភូទ្រង់បានសម្ដែងហើយ ផែនដីក៏បានញាប់ញ័រច្រើនដងយ៉ាងនេះ សូមបណ្ឌិតទាំងឡាយសិក្សាដោយគោរព នូវសេចក្ដីនៃព្រះធម៌ក្នុងព្រះសូត្រនោះ ដែលមានឈ្មោះថា ព្រហ្មជាលសូត្រក្នុងសាសនានេះ ហើយបដិបត្តិដោយឧបាយដែលនាំឲ្យកើតបញ្ញាចុះ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១ រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |