Reading Article
Public date : 22, Feb 2022 (47,249 Read)
ជីវិតមាន់ជល់

|
ជីវិតមាន់ជល់
គេសង្កេតឃើញថា ពេលមាន់ជល់គ្នា តែងមានចាញ់នឹងឈ្នះ បើជល់តិចរបួសក៏តិច បើជល់ខ្លាំងរបួសក៏ខ្លាំង ហើយសម្រាប់អ្នកចាញ់ អាចអស់ជីវិតក៏សឹងមាន ឯអ្នកឈ្នះឯណោះវិញ ក៏មិនខានពីការត្រូវរបួសឡើយ ទាំងសងខាងគ្មានបានទទួលអ្វី ក្រៅពីការឈឺចាប់នោះឡើយ ឯផលប្រយោជន៍ត្រូវធ្លាក់ទៅលើម្ចាស់ទាំងអស់។ យ៉ាងណាមិញ សត្វលោកទាំងអស់ មិនចំពោះតែមាន់ទេ សូម្បីមនុស្ស បើគិតតែប្រទូសរ៉ាយ ប្រកួតប្រជែងចង់យកឈ្នះដល់អ្នកដទៃដោយគំនិតអាក្រក់ផ្សេងៗ ហើយក៏បៀតបៀនគ្នាទៅ តើមានចំណុចណាដែលគ្រាន់បើជាងមាន់នោះ? សេចក្ដីពិត គ្មានបានទទួលអ្វីក្រៅអំពីពៀរវេរានិងការឈឺចាប់ឡើយ ព្រោះគ្រប់គ្នាសុទ្ធតែជាប់នៅក្នុងទ្រុងមច្ចុរាជ សមដូចដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទគាថា ថា ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ។ បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ នូវការឈ្នះនិងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ។ ការចងពៀរវេរានឹងគ្នា គឺប្រសូតចេញពី ឥស្សា ( សេចក្ដីច្រណែន ) និងមច្ឆរិយៈ ( សេចក្ដីកំណាញ់ ) ។ ការបានសិក្សាអំពីដំណើរជីវិតហើយ ក៏ឃើញបានថាក្នុងលោកនេះ មិនមានអ្នកណាម្នាក់គួរឲ្យយើងច្រណែននោះឡើយ ព្រោះក្នុងអ្នកដទៃនោះ ក៏មានសេចក្ដីទុក្ខហើយចង់បានតែសេចក្ដីសុខដូចជាយើងដែរ។ កាលបើយើងច្រណែននឹងអ្នកដទៃ ឈ្មោះថាយើងចង់បានសេចក្ដីសុខពីអ្នកដទៃ ចុះបើអ្នកដទៃនោះមិនមានសេចក្ដីសុខសម្រាប់ខ្លួនគាត់ផ្ទាល់ផង តើមានសេចក្ដីសុខ ឯណាសម្រាប់ប្រគល់ឲ្យយើង? សូមមនុស្សគ្រប់គ្នាមានឈ្មោះថា មនុស្សមនុស្សោ ឬថា ជាមនុស្សទេវោ ដោយមានធម៌ប្រចាំចិត្តសន្ដាន សូមកុំធ្វើជាមនុស្សខួរក្បាលមាន់។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |