Reading Article
Public date : 09, Jan 2022 (74,113 Read)
អាវាសបលិពោធ

|
អាវាសបលិពោធ
បណ្ដាពាក្យទាំងនេះ បន្ទប់តូចសូម្បីមួយ ក៏ហៅថា អាវាស បរិវេណ ១ ក៏ហៅថា អាវាស, សូម្បីសង្ឃារាមទាំងមូល ក៏ហៅថា អាវាស។ អាវាសនេះនោះ មិនមែនជា បលិពោធដល់ភិក្ខុទាំងពួងទេ។ ក៏ក្នុងសេចក្ដីនេះ ភិក្ខុណាត្រូវខ្វល់ខ្វាយក្នុងការងារផ្សេងៗ មានកសាងថ្មីជាដើមក្នុងអាវាសនោះក្ដី មានការសន្សំវត្ថុ (គ្រឿងបរិភោគ) ទុកច្រើនក្នុងអាវាសនោះក្ដី មានសេចក្ដីអាល័យគឺមានចិត្តជាប់ជំពាក់ក្នុងអាវាសនោះ ដោយហេតុណាមួយក្ដីអាវាសនោះទើបជាពលិពោធដល់ភិក្ខុនោះប៉ុណ្ណោះ មិនជាបលិពោធដល់ភិក្ខុក្រៅនេះទេ។ រឿងតទៅនេះជានិទស្សនៈ ក្នុងសេចក្ដីដែលអាវាសមិនជាបលិពោធនោះ មាននិទានមកថា កុលបុត្ត ២ នាក់ ចេញអំពីក្រុងអនុរាធបុរៈ (ដើរទៅ) រហូតបានទៅបួសក្នុងវត្តថូបារាម។ បព្វជិត ២ រូបនោះ មួយរូបរៀនមាតិកាបានស្ទាត់ជំនាញ ៣ មាតិកា ជាអ្នកមានវស្សាគ្រប់ ៥ បវារណាហើយ ទៅកាន់ជនបទឈ្មោះបាចីនខណ្ឌរាជី។ មួយរូបទៀត គង់នៅក្នុងថូបារាមនោះ។ មួយរូបដែលទៅបាចីនខណ្ឌរាជី ទៅទីនោះយូរទៅបានជាព្រះថេរ ហើយគិតថា "ទីនេះជាទីសមគួរដល់ការស្នាក់នៅដូច្នេះ យើងនឹងប្រាប់សេចក្ដីនេះ ដល់ភិក្ខុដែលជាសម្លាញ់ផងចុះ" ហើយចេញអំពីជនបទនោះ (ដើរតាមផ្លូវទៅ) រហូតចូលទៅកាន់ថូបារាម ព្រះថេរៈអ្នករួមវស្សា ឃើញលោកកំពុងដើរចូលមកកាន់វត្ត ក៏ទៅទទួលយកបាត្រនិងចីវរ ធ្វើ(អាគន្តុកៈ)វត្ត ព្រះថេរៈអាគន្តុកៈ ចូលកាន់សេនាសនៈហើយ គិតថា "បន្តិចទៀតសម្លាញ់របស់យើងនឹងបញ្ជូនទឹកដោះថ្លាឬទឹកអំពៅ ឬទឹកបានមកឲ្យហើយមើលទៅ ព្រោះលោកជាអ្នកនៅយូរហើយក្នុងនគរនេះ" (រង់ចាំ) រហូតដល់ពាក់កណ្ដាលយប់ក៏មិនបានទទួល (នូវវត្ថុដែលគិតទុក) រហូតពេលព្រឹកទើបគិតជាថ្មីថា "ពេលនេះលោកនឹងត្រូវបញ្ជូនបបរ និងម្ហូបដែលពួកឧបដ្ឋានបញ្ជូនមកឲ្យយើងមិនខាន" សូម្បីបបរនិងម្ហូបដែលគិតទុកនោះ ក៏មិនបានឃើញ ទើបគិតទៅទៀតថា "អើហ្ន៎ ! របស់បញ្ជូនមកមិនមាន ពួកឧបដ្ឋានគង់នឹង (រង់ចាំ) ប្រគេនលោកពេលចូលទៅបិណ្ឌបាត់មិនខាន" លុះចូលដល់ក្រុង (ដើម្បីបិណ្ឌបាត) ជាមួយព្រះថេរៈអាវាសិកនោះអំពីព្រលឹម លោកទាំងពីរដើរទៅតាមផ្លូវមួយ បានបបរមួយវែក ក៏ទៅអង្គុយហុតជាមួយគ្នានៅក្នុងរោងឆាន់ សូម្បីឥឡូវនេះ ភិក្ខុអាគន្តុកៈ ក៏នៅគិតទៀតថា "បបរជាប្រចាំក៏មិនមាន ក្នុងពេលឆាន់បាយថ្ងៃត្រង់នេះឯង មនុស្សទាំងឡាយគង់នឹងប្រគេនបាយយ៉ាងប្រណីតមិនខាន" សូម្បីដល់វេលាឆាន់បាយត្រង់ ក៏នៅតែមិនបាន លោកក៏ឆាន់អាហារដែលទៅ បិណ្ឌបាតមកនោះឯង ទើបសួរឡើងថា "លោកដ៏ចម្រើន លោកចិញ្ចឹមអត្តភាពរហូតមកយ៉ាងនេះឬ" កាលព្រះថេរៈ ពោលថា "យ៉ាងនេះហើយអាវុសោ" ទើបពោលពាក្យបបួលថា "លោកម្ចាស់ដ៏ចម្រើន ជនបទបាចីនខណ្ឌរាជីជាទីសប្បាយ យើងទៅទីនោះជាមួយគ្នាចុះ" ព្រះថេរៈទទួលយល់ព្រមទៅ ក៏ចេញអំពីនគរតាមទ្វារទិសខាងត្បូង ដើរទៅតាមផ្លូវដែលទៅកាន់ភូមិស្មូនឆ្នាំងទៅតែម្ដង មិនត្រឡប់មកវត្តទៀតឡើយ ភិក្ខុអាគន្តុកៈក៏និយាយប្រទាញថា "ហេតុអ្វីលោកនិមន្តផ្លូវនេះវិញ" ព្រះថេរៈឆ្លើយថា "អាវុសោលោកពោលសរសើរជនបទបាចីនខណ្ឌរាជី មិនមែនឬ? (ទៅជនបទនោះ គឺដើរទៅតាមផ្លូវនេះឯង" ភិក្ខុអាគន្តុកៈ (ចំឡែកក្នុងចិត្តដែលលោកមិនត្រឡប់ទៅទុកដាក់របស់របរឯវត្ត) ទើបសួរថា "ក៏ក្នុងទៅលំនៅដែលលោកម្ចាស់នៅយូរមកហើយ អតិរេកបរិក្ខារណាមួយមិនមានទេឬ" ព្រះថេរៈតបថា "អើអាវុសោ គ្រែតាំង ដែលយើងប្រើក៏ជារបស់សង្ឃ ខ្ញុំក៏រក្សាវាទុករៀបរយហើយរបស់អ្វីដទៃក៏មិនមាន (ទើបមិនចាំបាច់ត្រឡប់ទៅវត្តទៀតទេ) ភិក្ខុអាគន្តុកៈទូលថា "តែឈើច្រត់ និងបំពង់ប្រេង ស្បែកជើង ស្លោកបាត្ររបស់ ខ្ញុំព្រះករុណានៅទីនោះ" ព្រះថេរៈ ពោលថា "អាវុសោ លោកម្ចាស់ស្នាក់នៅមួយថ្ងៃ មានរបស់ទុកដាក់ដល់ទៅប៉ុណ្ណេះឬ? ភិក្ខុអាគន្តុកៈទូលថា ព្រះករុណ ក៏មានចិត្តជ្រះថ្លាថ្វាយបង្គំព្រះថេរៈរួចពោលថា "លោកម្ចាស់ដ៏ចម្រើនសម្រាប់ភិក្ខុដូចលោកម្ចាស់អរញ្ញវាស (ការនៅដូចនៅក្នុងព្រៃ) រមែងទៅបានក្នុងទីគ្រប់កន្លែងដែលត្រូវទៅ ថូបារាមជាទីបញ្ចុះព្រះសារីរិកធាតុ ព្រះពុទ្ធជាម្ចាស់ ៤ ព្រះអង្គ បានស្ដាប់ធម៌យ៉ាងសប្បាយក្នុងលោហៈប្រាសាទ ព្រះនមស្ការព្រះចេតិយ និងបានជួបភិក្ខុជាថេរៈធំ ប្រព្រឹត្តទៅហាក់បីដូចជាពុទ្ធកាល សូមលោកម្ចាស់ (ចូរនៅតទៅ) ក្នុងថូបារាមនេះចុះ (កុំទៅបាចីនខណ្ឌរាជីជាមួយខ្ញុំឡើយ" ដូច្នេះហើយ ថ្ងៃស្អែកឡើងក៏កាន់បាត្រចីវរត្រឡប់ទៅតែម្នាក់ឯង។ អាវាសររមែងមិនជាបលិពោធសម្រាប់ដូចភិក្ខុ (ជាថេរៈ នៅក្នុងថូបារាម) នេះឯង។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |