Reading Article
Public date : 30, Jul 2019 (86,347 Read)
បុគ្គលដូចម្តេច ទើបឈ្មោះថាបាននៅជិតព្រះពុទ្ធ?

|
បុគ្គលដូចម្តេច ទើបឈ្មោះថាបាននៅជិតព្រះពុទ្ធ?
ព្រះសម្មាសម្ពុទ្ធ ទ្រង់មិនមានបំណងបង្កើតសាសនា គ្រាន់តែសម្រាប់បុគ្គលមកធ្វើសក្ការៈបូជា និងសូត្រធម៌ប៉ុណ្ណោះទេ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា "សាវ័កទាំងឡាយណា ដែលដើរតាមតថាគតដោយកាន់ដៃ ឬកាន់ចីពររបស់តថាគត មិនឲ្យឈ្មោះថា នៅជិតនឹងតថាគតទេ ប្រសិនបើចិត្តរបស់គេមិនបរិសុទ្ធ" ។ សាវ័កទាំងឡាយ នៅឆ្ងាយពីតថាគតរាប់យោជន៍ បើទោះបីជាមិនឃើញតថាគតក៏ដោយ តែប្រសិនបើគេធ្វើតាមដំបូន្មានរបស់តថាគត និងរក្សានូវភាពបរិសុទ្ធនៅក្នុងចិត្តរបស់ខ្លួន សាវ័កនោះទើបឈ្មោះថា នៅជិតនឹងតថាគត ។ នេះគឺជាឥរិយាបថរបស់ព្រះសម្មាសម្ពុទ្ធ ។ ព្រះអង្គទ្រង់មិនបានប្រាថ្នាចង់បានបន្លាចបុគ្គលណាមួយ ដោយបង្កើតនូវសេចក្តីភ័យខ្លាច ឬដោយការទាមទៀរឲ្យមានការចុះចាញ់ទាំងស្រុង ចំពោះឫទ្ធិអំណាច របស់ព្រះអង្គឡើយ ។ ព្រះអង្គទ្រង់បានទូន្មានយើង ឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយមិនចាំបាច់គិតដល់សាសនា ឬជាតិសាសន៍របស់គេទេ និងថែមទាំងឲ្យយើងគោរព ដល់បុគ្គលដែលមិនបានប្រកាសខ្លួនថាជាសមាជិក របស់សាសនាណាមួយផងដែរ ។ ប្រសិនបើយើងគិតថា ពួកគេគួរឲ្យគោរព យើងអាចគោរពពួកគេបាន ។ ចំណុចត្រង់នេះជាចំណុច ដែលត្រូវហាមយើង មិនឲ្យព្យាយាមបញ្ចុះបញ្ចូលអ្នកកាន់សាសនាណាមួយ ដោយការគម្រាមកំហែង និងមិនឲ្យប្រកាន់ភេទ ជាតិ សាសន៍ របស់អ្នកដទៃ ។ ដកស្រង់ចេញពីសៀវភៅ ហេតុអ្វីយើងគប្បីប្រតិបត្តិតាមព្រះពុទ្ធសាសនា រៀបរៀងដោយៈ ភិក្ខុ មង្គលជ្ជោតោ សឿង វុទ្ធី វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |