Reading Article
Public date : 23, Jun 2021 (24,016 Read)
សំវរៈ ៥ យ៉ាង

|
ក្នុងពាក្យថា "សំវរៈ ឈ្មោះថា សីល" នេះបណ្ឌិត គប្បីជ្រាបសំវរៈ ៥ ប្រការ គឺ បាតិមោក្ខសំវរៈ ១ សតិសំវរៈ ១ ញាណសំវរៈ១ ខន្តិសំវរៈ ១ វីរិយសំវរៈ ១។ បណ្ដាលសំវរៈទាំង ៥ នោះ សំវរៈនេះថា "ភិក្ខុជាអ្នកចូលដល់ហើយជាអ្នកប្រកបព្រមហើយដោយបាតិមាក្ខសំវរៈនេះ" ឈ្មោះថា បាតិមោក្ខសំវរៈ ។ សំវរៈនេះថា "ភិក្ខុ រក្សាចក្ខុន្ទ្រីយ៍ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រីយ៍ " ឈ្មោះថា សតិសំវរៈ។ សំវរៈនេះ (ដោយពាក្យ) ថាៈ
ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលអជិតៈ! ក្រសែនៃ(តណ្ហា)ទាំងឡាយណា មានក្នុងលោក, សតិជាគ្រឿងឃាត់នូវក្រសែទាំងឡាយនោះ, តថាគត ហៅសតិ ថាជាគ្រឿងបិទបាំងនូវក្រសែទាំងឡាយ, តែក្រសែទាំងនោះ អ្នកបតិបត្តិ ត្រូវបិទដោយបញ្ញា ដូច្នេះឈ្មោះថា ញាណសំវរៈ។ សូម្បីការសេពនូវបច្ច័យ រមែងដល់នូវការប្រជុំចុះ ក្នុងញាណសំវរៈនេះដែរ។ ចំណែកសំវរៈ ដែលមកដោយន័យថា "ភិក្ខុ ជាអ្នកអត់ទ្រាំចំពោះត្រជាក់ក្ដៅ" ដូច្នេះជាដើមនេះ ឈ្មោះថា ខន្តិសំវរៈ។ ឯសំវរៈដែលមក ដោយន័យថា "ភិក្ខុ តែងអត់សង្កត់នូវកាមវិតក្កៈ ដែលកើតឡើងហើយ" ដូច្នេះជាដើមនេះ ឈ្មោះថា វីរិយសំវរៈ។ សូម្បីអាជីវបារិសុទ្ធិសីល រមែងដល់នូវការប្រជុំចុះ ក្នុងវីរិយសំវរៈនេះដែរ។ សំវរៈ ៥ ប្រការនេះក្ដី ការវៀរចាកវត្ថុដែលដល់ព្រមរបស់ពួកកុលបុត្រ ដែលភ័យខ្លាចបាបក្ដី, កិរិយាសង្រួម និង ការវៀរទាំងអស់នោះ បណ្ឌិត គប្បីជ្រាបថា សំវរសីល យ៉ាងដូច្នេះ។ ពាក្យថា "ការមិនប្រព្រឹត្តិកន្លង ឈ្មោះថា សីល" បានដល់ ការមិនប្រព្រឹត្តកន្លងដែលប្រព្រឹត្តទៅ ខាងផ្លូវកាយ និង ផ្លូវចិត្ត របស់បុគ្គលអ្នកដែលបានសមានទានសីលហើយ។ ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១ រៀបរៀងដោយ ភិក្ខុវិនយធរោ មហាយិន-នឿន ដោយ៥០០០ឆ្នាំ |