Reading Article
Public date : 14, Oct 2021 (56,515 Read)
យ៉ាងណាដែលហៅថាសមាទាន

|
យ៉ាងណាដែលហៅថាសមាទាន "សីល" ?
សីល គឺជាវិន័យសម្រាប់អប់រំ ហ្វឹកហ្វឺន ហាត់ពត់ លត់ដំ កិរិយា ចរិយាមារយាទ សម្អាតការប្រព្រឹត្ត តាមផ្លូវកាយ វាចា ចិត្ត របស់ខ្លួនយើងម្នាក់ ៗ ឲ្យមានរបៀបរៀបរយ មានសីលធម៌ មានគុណធម៌ល្អប្រសើរត្រឹមត្រូវ វៀរចាកនូវអកុសលធម៌ទាំងឡាយ ( ដែលជាអំពើបាប អំពើអាក្រក់ ) ដែមាន អវិជ្ជា តណ្ហា និង ឧបាទាន ជាប្រភព ។
ជាទម្លាប់ធ្លាប់ថាកន្លងមក យើងតែងប្រើពាក្យថា "សុំសីល", " សុំ ឬ សូម " ជាគូគ្នានឹងពាក្យ " ឲ្យ " មានន័យថា មានម្នាក់ជាអ្នកឲ្យ ម្នាក់ទៀតជាអ្នកទទួលយកបានដោយសារសុំ ឬ សូមនោះ ដូចជាការសុំបាយ សុំទឹក សុំប្រាក់កាសគ្នាជាដើម ( ស្មូម )... ឯ សីល ពុំមែនជាវត្ថុ ជាអំណោយ សម្រាប់ "សុំ" សម្រាប់ចែក សម្រាប់ "ឲ្យ" គ្នាបានឡើយ ។ សមាទានសីល គឺជាការខិតខំធ្វើ ប្រតិបត្តិ រក្សាចិត្ត ឲ្យបានល្អប្រពៃ ព្យាយាមប្រយុទ្ធច្បាំងយកសញ្ជ័យលើខ្មាំងកិលេស ដែលពួនសម្ងំ បន្លំខ្លួន ធ្វើឲ្យយើងវង្វេង ស្រវឹង ញៀនញ៉ាមនឹងកាមគុណទាំង ៥ ( រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ) មិនចេះនឿយណាយនោះ ។ ការសមាទានសីល គឺជាការរក្សាសីល ឬ សាងសីល ពុំមែនជាការសុំពីគ្នា ឬជាការចែករំលែកគ្នា តាមមនោសញ្ចេតនាបានឡើយ ។ អ្នកឲ្យ ទោះជាមានសទ្ធាចង់ឲ្យ ក៏គ្មានវិធីណាអាចឲ្យគ្នាបានឡើយ ។ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ ទ្រង់បានប្រទាន នូវឱវាទប្រៀនប្រដៅប្រាប់ពីកិច្ចប្រតិបត្តិ ដើម្បីឲ្យកើតជាសីល ឲ្យបាននូវសីល, អ្នកទទួល បើមិនប្រឹងកសាងធ្វើដោយខ្កួនឯងទេ ក៏មិនដឹងជាទទួលតាមវិធីណាបានឡើយ ។ ការគ្រាន់តែចាំ ឬសូត្រថាតាមនូវសិក្ខាបទទាំងឡាយ ពុំមែនមានន័យគ្រប់គ្រាន់ថាបាននូវសីល "សីល" នោះទេ ។ បើមិនយល់ន័យនៃសិក្ខាបទទាំងឡាយ ហើយចេះតែសូត្រថាតាមគេទាំងមិនដឹង មិនយល់ថា អ្វីជា "សីល"ផងនោះ ហើយខ្វះការប្រតិបត្តិជាក់ស្តែង ក៏ពុំមានន័យអ្វីទាល់តែសោះសម្រាប់ការដុសលាង សម្អាតជីវិត ការប្រព្រឹត្តតាមផ្លូវកាយ វាចា ចិត្ត ឲ្យចេញចាកផុតពីភាពអវិជ្ជា ដែលជាប្រភពនៃអកុសលកម្មទាំងឡាយនោះ ។ ដូចនេះ សីល" ពុំមែនជាការសុំបាននោះទេ ។ សីល គឺជាតួកុសលចេតនាក្នុងការប្រព្រឹត្ត រក្សានូវសិក្ខាបទទាំងឡាយ ដើម្បីបោសសម្អាតដុសលាង ជម្រះនូវល្អងធូលី នៃកិលេសតណ្ហាមាន លោភៈ ( រាគៈ ) ទោសៈ មោហៈ ជាដើម ដែលប្រឡាក់ដិតដាមក្នងសន្តានចិត្តវាចា និងការប្រព្រឹត្តទាំងឡាយក្នងជីវិតរស់នៅជាបុថុជ្ជនគ្រប់គ្នានេះ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |