Reading Article
Public date : 29, Jun 2023 (19,615 Read)
គួរចាប់ផ្តើមការរស់នៅដោយធម៌

|
កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាងក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះហើយ យើងគ្រប់គ្នាគួរថែរក្សានូវតម្លៃដែលមានដោយកម្រនេះឲ្យបានស្ថិតនៅគង់វង្ស និងកុំឲ្យធ្លាក់ទៅក្នុងសភាពដ៏ថោកទាបឲ្យសោះនោះគឺបានដល់ការចាប់ផ្តើមជីវិតរស់នៅដោយការប្រតិបត្តិយកព្រះធម៌ធ្វើជាម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។
ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តីដែលខ្ញុំបានដកស្រង់ចេញពីវចនានុក្រមរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត មកប៉ុណ្ណេះអាចបញ្ជាក់ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។ តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។ ដកស្រង់ចេញពីសៀវភៅ សង្គមធម៌ព្រះពុទ្ធសាសនា រៀបរៀងដោយៈ ព្រះមហាមង្គលធម្មោ មត សុមឿន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |