Reading Article
Public date : 30, Mar 2023 (71,442 Read)
រឿង សេះឈ្មោះបណ្ឌវៈ

|
រឿង សេះឈ្មោះបណ្ឌវៈ
ក្នុងអតីតកាល បានមានព្រះរាជាទ្រង់ព្រះនាមថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យអ្នកបង្រៀនអត្ថនិងធម៌របស់ព្រះរាជាអង្គនោះ។ ក៏ព្រះរាជាទ្រង់មានសេះមង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាលសេះរបស់ព្រះអង្គឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញអ្នកគង្វាលសេះនោះចាប់ខ្សែបង្ហៀរ (ដឹក) នាំមុខហើយ ក៏សម្គាល់ថា "អ្នកគង្វាលសេះនេះ ញ៉ាំងអញឲ្យសិក្សា" ដូច្នេះហើយ ទើបយកតម្រាប់តាមអាការៈរបស់អ្នកគង្វាលសេះនោះ បានក្លាយទៅជាសេះខ្ចក។ ព្រះរាជា ទ្រង់ជ្រាបថា សេះរបស់ព្រះអង្គនោះខ្ចកហើយ ទើបទ្រង់បានត្រាស់បញ្ជូនពេទ្យទៅ (ឲ្យត្រួតពិនិត្តមើល)។ ពួកពេទ្យទាំងនោះទៅហើយ មិនឃើញរោគនៅក្នុងខ្លួនរបស់សេះនោះ ទើប(ត្រឡប់មក) ក្រាបទូលព្រះរាជាថា "ទូលព្រះបង្គំ មិនឃើញរោគរបស់សេះនោះទេ"។ ព្រះរាជាទ្រង់បញ្ជូននូវព្រះពោធិសត្វទៅ ដោយព្រះរាជឱង្ការថា "ចូរអ្នកទៅ (ត្រួតពិនិត្យមើលឲ្យ) ដឹងនូវហេតុក្នុងកំណើរនោះ"។ ព្រះពោធិសត្វនោះទៅហើយ បានដឹងថា សេះនោះដើរខ្ចកៗព្រោះការនៅជាមួយគ្នានឹងអ្នកគង្វាលសេះជើងខ្ចក យ៉ាងដូច្នេះ ក្រាបទូលថា "បពិត្រព្រះមហារាជ សេះមានជើងខ្ចកយ៉ាងដូច្នោះ ព្រោះទោសនៃការនៅរួមជាមួយ (នឹងអ្នកគង្វាលសេះជើងខ្ចក)" ដូច្នេះហើយទើបបានក្រាបទូលព្រះរាជាទៀតថា "សេះនោះ បាននូវអ្នកគង្វាលសេះដែលល្អហើយក៏នឹងក្លាយជាសេះដូចដើមវិញ"។ ព្រះរាជាទ្រង់ត្រាស់បញ្ជាឲ្យធ្វើយ៉ាងដូច្នោះហើយ សេះបានតាំងនៅក្នុងភាពប្រក្រតីវិញ។ (រឿងសេះបណ្ឌវៈ ក្នុងអដ្ឋកថាគិរិទត្តជាតក ក្នុងទុកនិបាត) ព្រោះហេតុនោះ អ្នកប្រាជ្ញ ដឹងនូវការសម្រេចនៃផលរបស់ខ្លួន ដូចជាកញ្ចប់នៃស្លឹកឈើហើយ មិនគប្បីសេពគប់នឹងពួកអសប្បុរសឡើយ គួរសេបគប់តែនឹងពួកសប្បុរសប៉ុណ្ណោះ។ (ព្រោះ) ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរស តែងញ៉ាំងសត្វឲ្យទៅកាន់ស្ថានសួគ៌។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |