Reading Article
Public date : 08, Dec 2022 (23,389 Read)
កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ

|
ពាក្យចាស់បានពោលថា "គ្មានអ្នកណាជាទីស្រឡាញ់ជាងខ្លួនឯងឡើយ"។ វាជាការពិត មនុស្សយើងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យតែជីវិតខ្លួនឯងរស់ មិនគិតឡើយសូម្បីជីវិតអ្នកដទៃ។ តែចំពោះពុកម៉ែ បែរជាខ្វល់ជីវិតកូន ជាងជីវិតខ្លួនឯងទៅវិញ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនរស់ ទោះជាខ្លួនត្រូវប្រឈមមុខ នឹងសេចក្ដីទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនខ្វល់សោះឡើយ ខ្វល់តែម្យ៉ាងគត់គឺជីវិតកូនៗ ទោះជាកាលៈទេសៈ តម្រូវឲ្យពុកម៉ែលួច ឆក់ ប្លន់ សម្លាប់អ្នកដទៃ ក៏ពុកម៉ែហ៊ានធ្វើដែរ គឺពុកម៉ែធ្វើដើម្បីជីវិតកូន ធ្វើដើម្បីបានចិញ្ចឹមកូនឲ្យរស់។
ឱ! លោកអើយ ពិតជាអស្ចារ្យណាស់ មានអ្នកណាដែលហ៊ានលះបង់ដើម្បីកូន ដូចជាពុកម៉ែនោះ កូនអើយគឺគ្មានសោះឡើយ សូម្បីតែម្នាក់។ បើនិយាយរឿងស្រឡាញ់ ក៏គ្មានអ្នកណាម្នាក់ស្រឡាញ់កូនស្មើនឹងពុកម៉ែដែរ តែមិនដឹងថាក្នុងចិត្តកូនធ្លាប់ស្រឡាញ់ពុកម៉ែដែរទេ? ជាទូទៅ កូនច្រើនតែឃើញអ្នកដទៃសំខាន់ជាងម៉ែឪ ស្រឡាញ់គេជាងស្រឡាញ់ម៉ែឪ រហូតពេលខ្លះស្រឡាញ់គេខ្លាំង កូនហ៊ានលះបង់អ្វីៗដើម្បីគេទៀតផង ចំណេកពុកម៉ែ មិនដែលឃើញកូនលះបង់អ្វីដើម្បីគាត់សោះ។ ពេលកូនមានបញ្ហា កូនក៏រត់មករកពុកម៉ែឲ្យជួយ តែពេលដែលកូន សុខសប្បាយ កូនក៏ធ្វើព្រងើយកន្តើយដាក់ពុកម៉ែ ដោយគ្មានខ្វល់អ្វីពីគាត់បន្តិចសោះ។ មានពេលខ្លះ កូនធ្វើឬកពារ ហាក់ដូចជាស្រឡាញ់ម៉ែឪណាស់ តែគឺការបោកប្រាស់ បំភ័ន្តភ្នែកម៉ែឪតែប៉ុណ្ណោះ ស្រឡាញ់ដោយចិត្តមិនស្មោះស្រឡាញ់ដោយចង់បានអ្វីមួយពីគាត់វិញ ពេលបានសមបំណងហើយ ក៏លែងគិត លែងខ្វល់ពីគាត់រហូតកូនខ្លះបោះបង់ម៉ែឪទៀតផងក៏មាន។ មានកូនខ្លះគិតសង្សារ សំខាន់ជាងគិតម៉ែឪ យករបស់របរពីម៉ែឪ យកទៅផ្គង់ផ្គង់សង្សារ ហ៊ានធ្វើអ្វីៗ ដើម្បីសង្សារ តែមិនហ៊ានធ្វើអ្វីៗ ដើម្បីម៉ែឪ សូមកូនកុំភ្លេចថា "សង្សារ គ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ " ដូច្នេះហើយ កុំស្រឡាញ់អ្នកដទៃ ច្រើនជាងម៉ែឪ ហើយក៏កុំលះបង់ ដើម្បីអ្នកដទៃច្រើនជាំងម៉ែឪដែរ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ស្រឡាញ់ដោយចិត្តស្មោះ មិនមែនជាការស្រឡាញ់ដែលគ្រាន់តែបោកបញ្ឆោតឡើយ។ ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា ដោយ៥០០០ឆ្នាំ |