Reading Article
Public date : 30, Mar 2023 (69,725 Read)
រាជកុមារគ្មានបិតា

|
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គសោយរាជ្យនៅនគរណារាណសី ទ្រង់បានចេញទៅប្រពាតព្រៃមួយ ។ សោភ័ណភាពស្រស់ឆើតឆាយនៃបុផ្ឆាជាតិ រុក្ខជាតិ នឹងផ្លែឈើផ្សេង ៗ បានធ្វើឲ្យទ្រង់សព្វព្រះទ័យជាខ្លាំង ។ សោយសេចក្តីសោមនស្សរីករាយជាមួយនឹងសោភ័ណភាពទាំងនោះ ទ្រង់ក៏បានយាងកំសាន្តចូលជ្រៅទៅ ៗ ក្នុងទ្រូងព្រៃ ។ មិនយូរប៉ុន្មានទ្រង់ក៏បានបែកដាច់ឆ្ងាយពីកងសេនាទាំងអស់ ហើយក៏បានដឹងថា ទ្រង់នៅតែមួយអង្គឯងនៅកណ្តាលទ្រូងព្រៃនោះ ។
រំពេចនោះ ទ្រង់ក៏បានឮសូរសម្លេងដ៏សែនពិរោះរបស់ស្ត្រីក្មេងម្នាក់ឯម្ខាងព្រៃ ។ នាងកំពុងតែច្រៀងបណ្តើររើសអុសបណ្តើរ ។ ដើម្បីកុំឲ្យមានការភ័យខ្លាចដោយសារតែមួយអង្គឯងក្នុងព្រៃ ទ្រង់ក៏បានយាងតាមសម្លេងដ៏សែនពិរោះគួរឲ្យស្រឡាញ់នោះ ។ នៅពេលដែលទ្រង់បានទៅដល់ជិតអ្នកច្រៀងចម្រៀងនោះ ព្រះអង្គបានឃើញថា នាងជាស្រីក្មេងមានរូបស្រស់យ៉ាងសមរម្យម្នាក់ ហើយរំពេចនោះទ្រង់ក៏បានកើតចាប់ចិត្តប្រតិព័ទ្ធស្រឡាញ់លើរូបនាង ។ ទាំងពីរអង្គារក៏មានភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាជាខ្លាំង, ហើយទីបំផុតព្រះមហាក្សត្រក៏បានក្លាយជាព្រះស្វាមីរបស់កូនស្ត្រីអ្នករើសអុសនោះទៅ ។ បន្ទាប់មក ព្រះអង្គក៏បានរៀបរាប់មូលហេតុដែលធ្វើឲ្យទ្រង់វង្វេងនៅក្នុងព្រៃ ហើយទ្រង់ក៏បានធ្វើឲ្យនាងជឿជាក់ថាទ្រង់ពិតជាព្រះមហាក្សត្រនៃនគរពារាណសី ។ នាងបានបង្ហាញផ្លូវសម្រាប់វិលត្រឡប់ទៅរកមហាប្រាសាទរបស់ទ្រង់វិញ ។ ព្រះមហាក្សតករទ្រង់ក៏បានប្រទានចិញ្ចៀនត្រាដ៏មានតម្លៃមួយវង់ដល់នាង ដោយមានព្រះបន្ទូលថាៈ ប្រសិនបើនាងសំរាលបានកូនស្រី ចូរនាងលក់ចិញ្ចៀននេះ ហើយយកលុយមកចិញ្ចឹមរក្សាកូនស្រីឲ្យបានល្អ ។ ប្រសិនបើកូននោះជាកូនប្រុសទៅវិញ ចូរនាងនាំកូននោះទៅឲ្យយើង ដោយយកចិញ្ចៀននេះទៅជាមួយផងជាការសម្គាល់ ។ មានព្រះបន្ទូលរួចហើយ ទ្រង់ក៏បានចេញដំណើរឆ្ពោះទៅរកនគរពារាណសីវិញ ។ ដល់ពេលគ្រប់ខែ ស្ត្រីអ្នករើសអុសនោះសម្រាលបានកូនប្រុសម្នាក់ ។ ដោយសារតែជាស្ត្រីមានការអៀនខ្មាស រស់នៅម្នាក់ឯង នាងមានការភ័យខ្លាចនឹងនាំកូនទៅកាន់ព្រះរាជវាំងដ៏ស្រស់សង្ហានៃនគរពារាណសី ប៉ុន្តែនាងក៏បានថែរក្សាទុកចិញ្ចៀនត្រាដែលព្រះមហាក្សត្រទ្រង់បានប្រទានឲ្យ ។ ពីរឆ្នាំក្រោយមក ទារកនោះក៏បានក្លាយជាក្មេងប្រុសតូវម្នាក់ ។ នៅពេលដែលកុមារប្រឡែងលេងជាមួយក្មេងដទៃទៀតនៅក្នងភូមិ ក្មេងទាំងនោះតែងតែបង្អាប់ និងធ្វើបាបកុមារជានិច្ច ហើយជួនកាលបានវាយតប់ជាមួយគេទៀតផង ។ ព្រោះតែម្តាយគេមានកូនឥតខាន់ស្លា បានជាធ្វើឲ្យក្មេងទាំងនោះឆាឆៅធ្វើបាបដល់គេ ។ ក្មេងទាំងនោះ តែងតែស្រែកជេរគេថា៖ អាកូនអត់ឪ ! អាកូនអត់ឪ ! ពិតណាស់ ហេតុការណ៍ទាំងនោះបានធ្វើឲ្យកុមារតូចមានក្តីអាម៉ាស និងឈឺចាប់តូចចិត្តជាខ្លាំង ។ ជាញឹកញាប់ណាស់ ដែលគេតែតែរត់ទៅផ្ទះយំស្រែករកម្តាយ ។ ថ្ងៃមួយកុមារបាននិយាយប្រាប់ម្តាយគេពីមូលហេតុដែលក្មេងទាំងនោះជេរប្រមាទគេថា៖ អាកូនអត់ឪ ! អាកូនអត់ឪ ! "ឈ្មោះកូនមិនមែនជាអាកូនអត់ឪទេ" ។ ម្តាយក៏បាននិយាយលួងលោមកូន ហើយប្រាប់បន្តទៀតថា៖ "កុំមានក្តីអាម៉ាសកូនប្រុស, កូនមិនមែនជាក្មេងធម្មតាទេ, ឪពុកកូនជាព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យ គ្រប់គ្រងនៅនគរពារាណសី ! " ។ កុមារតូចមានការភ្ញាក់ផ្អើលជាខ្លាំង ។ គេក៏បានសួរម្តាយថា ៖ តើម្តាយមានអ្វីជាភស្តុតាង ? នាងជាម្តាយក៏បានរៀបរាប់ប្រាប់កូនអំពីរឿងដែលព្រះមហាក្សត្របានឲ្យចិញ្ចៀនត្រា និងថាបើទារកជាកូនប្រុស នាងគប្បីនាំកូនប្រុសនោះទៅថ្វាយព្រះអង្គនៅឯនគរពារាណសី ដោយនាំយកចិញ្ជៀននោះទៅជាមួយផង ដើម្បីធ្វើជាភស្តុតាង ។ ដូច្នេះកុមារតូចក៏និយាយថា ៖ អញ្ចឹង យើងនាំគ្នាទៅម៉ែ! ដោយហេតុការណ៍ដែលបានកើតមានដល់កូន នាងជាម្តាយក៏យល់ព្រម ហើយថ្ងៃបន្ទាប់មកគេក៏នាំគ្នាចេញដំណើរឆ្ពោះទៅនគរពារាណសី ។ នៅពេលគេទាំងពីរនាក់បានទៅដល់មហាប្រាសាទរបស់ព្រះមហាក្សត្រ ឆ្មាំយាមទ្វារបានទូលព្រះមហាក្សត្រ មានស្ត្រីអ្នករើសអុសម្នាក់ និងកូនប្រុសរបស់នាងចង់ចូលមកគាល់ព្រះអង្គ ។ ហើយគេទាំងពីរនាក់ក៏បាននាំគ្នាដើរចូលទៅកាន់រោងជំនុំ ដែលមាននាម៉ឺនសព្វមុខមន្ត្រី និងទីប្រឹក្សារបស់ព្រះមហាក្សត្រជាច្រើននាក់នៅទីនោះ ។ នាងបានរំលឹកដល់ព្រះមហាក្សត្រអំពីកាលវេលាដែលនាង និងព្រះអង្គនៅក្នុងព្រៃជាមួយគ្នា ។ ហើយនៅទីបំផុត នាងបានទូលថា ៖ ព្រះករុណាជាម្ចាស់ នេះជាបុត្ររបស់ព្រះអង្គហើយក្រាបទូល ។ ព្រះមហាក្សត្រទ្រង់មានក្តីអាម៉ាសជាខ្លាំងនៅចំពោះសុភាពនារី និងសុភាពបុរសទាំងអស់ដែលនៅក្នុងសាលាជំនុំ ។ បើទោះជចាទ្រង់ដឹងថានាងបានទូលនៅពាក្យពិតក៏ដោយ ក៏ព្រះអង្គបានមានបន្ទូលប្រកែកថា ៖ "វាមិនមែនជាបុត្រាយើងទេ ! " នាងយុវតីមាតាដ៏គួរឲ្យស្រឡាញ់នោះ ក៏បានបង្ហាញចិញ្ចៀនត្រាជាភស្តុតាង ។ ដោយក្តីអាម៉ាស ទ្រង់បានប្រកែកម្តងទៀតជាមួយនឹងសេចក្តីពិត ដោយមានបន្ទូលថា ៖ " នេះមិនមែនជាព្រះទម្រង់យើងទេ ! " ឮដូច្នេះ នាងក៏បាននឹងគិតក្នុងចិត្តម្នាក់ឯង, " ខ្ញុំគ្មានសាក្សី និងគ្មានភស្តុតាងនឹងអាចបញ្ជាក់ថា ពាក្យដែលខ្ញុំបាននិយាយជាពាក្យពិតបានឡើយ ។ ខ្ញុំមានតែជាការជឿជាក់ទៅលើឥទ្ធិពលនៃសច្ចធម៌តែមួយប៉ុណ្ណោះ " ។ គិតឃើញយ៉ាងនេះហើយ នាងក៏បានក្រាបទូលដល់ព្រះមហាក្សត្រដោយសេចក្តីឆ្លាតវៃថា ៖ " ប្រសិនបើទូលបង្គំលើកបោះកូនប្រុសនេះទៅលើអាកាស ហើយបើវាពិតជាព្រះរាជបុត្រារបស់ព្រះអង្គមែន សូមឲ្យកូននេះនៅហ្នឹងថ្កល់មួយកន្លែង កុំឲ្យវាធ្លាក់មកដីឲ្យសោះ ។ តែបើវាមិនមែនជាព្រះរាជបុត្រារបស់ព្រះអង្គទេ សូមព្រះអង្គទុកឲ្យកូននេះធ្លាក់មកដីស្លាប់ទៅចុះ ! " រំពេចនោះ នាងក៏បានចាប់ជើងកុមារតូចបោះទៅលើអាកាសភ្លាមតែម្តង ។ ដោយសភាវគតិ ព្រោះតែមានឈាមជ័រជាឪពុកម្នាក់ ទ្រង់ក៏ស្ទុះហក់ចេញពីព្រះអាសនៈ ហើយទ្រង់ចាប់បុត្រាយ៉ាងថ្នាក់ថ្នមជាទីបំផុត ដាក់នៅក្នុងព្រះហត្ថាទាំងសង្ខាង នៅគ្រាដែលកុមារតូចបានធ្លាក់ចំមកដីវិញ ។ គ្រប់ ៗ គ្នាមានក្តីរំភើបជាខ្លាំង ។ នៅលើហត្ថាព្រះមហាក្សត្រ រាជកុមារទ្រង់បានមានព្រះបន្ទូលថា៖ " ព្រះករុណាជាម្ចាស់ ខ្ញុំព្រះករុណាជាបុត្រារបស់ព្រះអង្គយ៉ាងប្រាកដណាស់ ។ ព្រះអង្គអាចថែរក្សាប្រជាពលរដ្ឋជាច្រើនម៉ឺននាក់បាន ដែលគេគ្មានជាប់សាច់ឈាមអ្វីនឹងព្រះអង្គសោះ ។ ព្រះអង្គចិញ្ចឹមដំរី សេះ និងសត្វដទៃទៀតច្រើនរាប់មិនអស់ ។ តែព្រះអង្គមិនដែលនឹកនាថានឹងចិញ្ចឹមរក្សាបុត្រាបង្កើតរបស់ព្រះអង្គនៅឡើយទេ ។ ដូច្នេះសូមទ្រង់ប្រោសមេត្តាថែរក្សាទូលបង្គំ និងម្តាយទូលបង្គំផងចុះ ក្រាបទូល " ។ ដោយបានឮពាក្យស័ព្ទទាំងនោះ មោទនភាព ឬផាពក្រអឺតក្រទមរបស់ព្រះរាជាក៏ត្រូវរលាយបាត់អស់ ។ ហើយទ្រង់បានដាក់ព្រះកាយយ៉ាងទន់ភ្លន់ដោយសារសច្ចភាពនៃសម្តីដ៏មានឥទ្ធិពលរបស់កុមារតូច ។ ដោយនៅកាន់បីកុមារតូចក្នុងព្រះហស្ឋទាំងពីរ ព្រះរាជាក៏ទ្រង់មានព្រះបន្ទូលថា ៖ " បុត្រជាទីស្រឡាញ់របស់បិតា បិតានឹងបីបាច់ថែរក្សាបុត្រ ។ " ដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភាពដ៏អស្ចារ្យនេះ មនុស្សម្នាទាំងអស់នៅក្នុងរោងជំនុំបានបោះដៃលាទៅរកកុមារតូចគ្រប់ ៗ គ្នា ។ គេទាំងអស់គ្នាក៏បានសុំឲ្យកុមារតូចបានមកនៅក្នុងរង្វង់ដៃរបស់ពួកគេផងដែរ ។ បីបុត្រានៅលើភ្លៅបណ្តើរ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលប្រកាសបណ្តើរថា ៖ " បុត្រនេះនឹងបានឡើងសោយរាជ្យហើយព្រះមាតារបស់ទ្រង់នឹងឡើងជាព្រះអគ្គមហេសីរបស់ព្រះអង្គ " ។ ហេតុការណ៍ទាំងនេះ បានធ្វើឲ្យព្រះមហាក្សត្រ និងនាម៉ឺនសព្វមុខមន្ត្រីទាំងអស់នៅក្នុងរោងជំនុំ បានយល់ដឹងយ៉ាងច្បាស់ពីអានុភាពនៃសច្ចធម៌ ។ ចាប់តាំងពីពេលនោះមក នគរពារាណសីក៏ត្រូវបានគេស្គាល់ថាជានគរមួយនៃសេចក្តីសុចរិតយុត្តិធម៌ ។ នៅពេលដែលព្រះរាជាទ្រង់ចូលទីវង្គត់ទៅ ព្រះរាជាកុមារដែលធំពេញរូបរាងទៅហើយនោះក៏ទ្រង់បានឡើងសោយរាជ្យ ។ ដោយទ្រង់ចង់បង្ហាញឲ្យប្រជានុរាស្ត្រទាំងអស់ដឹងថា មនុស្សម្នាក់ ៗ សមនឹងមានការគោរព មិនថាគេមានកំណើត ឬត្រកូលអ្វីឡើយ ។ ដូច្នេះហើយ ទ្រង់បានឡើងសោយរាជ្យដោយបានដាក់ព្រះនាមថាជា "រាជកុមាគ្មានបិតា" ។ ព្រះអង្គបានគ្រប់គ្រងព្រះនគរដោយករុណាធម៌ និងយុត្តិធម៌ជារៀងតទៅហោង ។ ដំបូន្មាន៖ ពាក្យពិតតែងតែមានអានុភាពជាងពាក្យមិនពិត ( ពាក្យពិតមិនស្លាប់ សច្ចំ វេ អមតា វាចា ) ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |