Reading Article
Public date : 30, Mar 2023 (19,232 Read)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ

|
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
(បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោកធ្លាប់បានបំពេញកុសលមកហើយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភពមួយនោះ លោកបានកើតក្នុងកំណើតយក្ស ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កាលខាងក្រោយមក ព្រះអង្គក៏ទ្រង់បរិនិព្វានទៅ ព្រោះតែការមិនបានឃើញ ពេលដែលព្រះអង្គទ្រង់គង់ព្រះជន្មនៅ ទើបមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង។ ក្នុងកាលនោះ អគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធអត្ថទស្សីមានព្រះនាមថា សាគរ កាលទូន្មាន (យក្សនោះ) ទើបពោលថា ការបូជាព្រះសារីរិកធាតុ របស់ព្រះមានព្រះភាគ រមែងមានផលច្រើន ដូចការបូជាដែលគេធ្វើហើយក្នុងកាលព្រះមានព្រះភាគទ្រង់គង់ព្រះជន្មនៅ ព្រោះអំណាចនៃចិត្តដែលជ្រះថ្លា (ហេតុដូច្នេះ) អ្នកចូលកសាងព្រះស្ដូបចុះ!។ យក្សបានស្ដាប់ហើយ កើតសេចក្ដីជ្រះថ្លា ទើបបបួលគ្នាកសាងស្ដូប (ព្រះចេតិយ) រួចបញ្ចុះព្រះបរមសារីរិកធាតុ និងបានបូជាព្រះស្ដូបដែលតម្កល់ ព្រះសារីរិកធាតុនោះហើយ ចុតិអំពីកំណើតយក្ស បានសោយសម្បត្តិព្រះឥន្ទ្រក្នុងទេវលោក និងសម្បត្តិស្ដេចចក្រពត្តិក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងត្រកូលដែលមានទ្រព្យច្រើនក្នុងនគរសាវត្ថី ដឹងក្ដីហើយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានចេញបួស មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយមក លោករលឹកឃើញនូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាលប្រកាសនូវអំពើនោះឲ្យប្រាកដច្បាស់ ដែលខ្លួនប្រព្រឹត្តហើយក្នុងកាលមុន ទើបពោលគាថាទាំងនេះថា កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វានទៅ ខ្ញុំបានកើតកំណើតយក្ស ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។ (ខ្ញុំគិតថា) ឱហ្ន៎! យស ដែលអាត្មាអញបានហើយ មិនល្អសោះ ពន្លឺភ្លឺស្វាងក្នុងរាត្រីមិនល្អ ការរះឡើងនៃព្រះអរុណក៏មិនល្អ ព្រោះថា កាលដែលភោគអាត្មាអញនៅមានព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វានទៅ។ សាវកឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះរបស់ខ្ញុំលោកមានប្រាថ្នានឹងស្រង់ខ្ញុំឡើង ទើបនិមន្តមកកាន់សំណាក់ខ្ញុំ (ហើយប្រាប់ថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកធ្វើអ្វី អ្នកកុំខ្លាចឡើយ អ្នកចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសលរបស់សត្វទាំងអស់ ព្រះពុទ្ធទ្រង់បានប្រគល់ឲ្យហើយ។ បុគ្គលណា បូជាព្រះសម្ពុទ្ធជាំលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្ដី បូជាព្រះសារីរិកធាតុរបស់ព្រះជិនស្រី សូម្បីប៉ុនគ្រាប់ស្ពៃ ដែលទ្រង់បរិនិព្វានទៅហើយក្ដី កាលបើមានចិត្តសេចក្ដីជ្រះថ្លាស្មើ បុណ្យដែលដល់នូវភាពដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុនោះ អ្នកចូលកសាងព្រះស្ដូប ហើយបូជាព្រះជិនធាតុទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់នូវព្រះវាចា នៃព្រះសាគរៈហើយ បានធ្វើពុទ្ធស្ដូប (គឺព្រះចេតិយតម្កល់នូវព្រះសារីរិកធាតុ) ព្រមទាំងបានបម្រើព្រះស្ដូបដ៏ប្រសើររបស់ព្រះពុទ្ធមុនីអស់៥ឆ្នាំ។ បពិត្រព្រះអង្គជាធំជាងសត្វទ្វេបាទ ជាចម្បងក្នុងលោកទ្រង់ប្រសើរបំផុតជាងនរជន ខ្ញុំបានសោយនូវសម្បត្តិ ហើយបានសម្រេចព្រះអរហន្ត ព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំបានជាស្ដេចចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំបានប្រតិបត្តិហើយ។
បានឮមកថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀបរៀងដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ |